ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ថា បេសកកម្ម​ស្វែង​ការពិត​របស់ EU គឺ​ចង់​ឲ្យ​មានការ​ដោះលែង កឹម សុខា និង​ឲ្យ​អតីត​បក្សប្រឆាំង​រស់​ឡើងវិញ ដែល​មិនអាច​ទទួលយកបាន​

​ភ្នំពេញ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា ឆ្លងកាត់​ការចុះ​មក​ស្វែងយល់​ការពិត​ចំនួន​ពីរលើក​របស់​សហភាព​អឺរ៉ុប នៅតែ​រក​ថ្នាំ​ដាក់​មិនត្រូវ ដោយសារតែ​អី​យូ និយាយ​មិន​ចំ​បញ្ហា តែ​មកដល់ពេលនេះ គេ​អាច​យល់បាន​ហើយ គឺ​ចង់​ឲ្យ​មានការ​ដោះលែង កឹម សុខា និង​ឲ្យ​អតីត​បក្សប្រឆាំង​រស់​ឡើងវិញ ដែល​បញ្ហា​នេះ មិនអាច​ទទួលយកបាន​ទេ ពីព្រោះ​វា​ផ្ទុយ ទៅនឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដែលជា​ស្មារតី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានបញ្ជាក់​យ៉ាងនេះ​ថា “​កន្លងទៅ បញ្ហា​ចោទ​នៅត្រង់ថា យក​បញ្ហា EBA មក​ដាក់​លើ​តុ ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​កែលម្អ​លទ្ធិប្រជាធិបតេយ្យ និង​ស្តារ​ការធ្លាក់ចុះ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ ឆ្លងកាត់​ការចុះ​មក​ស្វែងយល់​ការពិត​ចំនួន​ពីរលើក​មកហើយ​នៅតែ​រក​ថ្នាំ​ដាក់​មិនត្រូវ ដោយសារ​និយាយ​បញ្ឆិតបញ្ឆៀង មិន​ចំ​បញ្ហា​។ ដូច្នេះ​បើទោះបី​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​បំពេញ​យ៉ាងណា​ក៏​នៅតែ​មិនទាន់​គាប់ចិត្ត​ប្រតិភូ​របស់​សហភាព​អឺរ៉ុប​ដដែល​”​។

​តាម​លោក សុខ ឥសាន មកដល់ពេលនេះ ឆ្នោត​បានចេញ​មកហើយ គឺ​អី​យូ ”​ចង់​ឲ្យ​មានការ​ដោះលែង​ជន​ត្រូវ​ចោទ កឹម សុខា ឲ្យ​អ​តី​ត​បក្សប្រឆាំង​រស់​ឡើងវិញ និង​ឲ្យ​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៃ​អ​តី​ត​បក្សប្រឆាំង​មាន​នីតិសម្បទា​នយោបាយ​ឡើងវិញ​”​។ លោក​បញ្ជាក់ថា ការចង់បាន​យ៉ាង​ដូច្នេះ វា​ផ្ទុយ​នឹង​គោល​ការ​ណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដែលជា​ស្មារតី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដែល​កម្ពុជា​មិនអាច​បោះបង់ចោល​នោះឡើយ ហើយ​ការដាក់​លក្ខខណ្ឌ​ខាងលើ ក៏​ជាការ​បង្គាប់បញ្ជា និង​ជាការ​បង្ខិតបង្ខំ​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​រដ្ឋ​ឯករាជ្យ និង​មាន​អធិបតេយ្យ​មួយ ហាក់ដូចជា​ស្ថិតនៅក្រោម​នឹម​អាណានិគម​របស់ខ្លួន​។ ហេតុ​ដូច្នេះហើយ បានជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រតិកម្ម​ថា “​មិន​យក​ឯករាជ្យ​ជាតិ និង​អធិបតេយ្យភាព​ជាតិ ទៅ​ដោះដូរ​ជាមួយនឹង EBA នោះឡើយ​”​។​

​សូមបញ្ជាក់ថា មកដល់ពេលនេះ បេសកកម្ម​ស្វែង​រក​ការពិត​របស់​អឺរ៉ុប លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) គឺ​បាន​ចំនួន​២​លើក​រួចមកហើយ​។ ដោយឡែក​នៅក្នុង​បេសកកម្ម​លើក​ទី​២ ក្រុម​ប្រតិភូ​អី​យូ ដឹកនាំ​ដោយ​លោក Jean-Christophe Belliard អគ្គលេខាធិការរង នៃ​មន្ទីរ​ការបរទេស​សហភាព​អឺរ៉ុប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានស្នើ​ឲ្យ EU រំលេច​ឲ្យ​ឃើញ​នូវ​វឌ្ឍនភាព​ជាក់ស្ដែង​រប​ស់​កម្ពុជា នៅក្នុង​របាយ​ការ​ណ៍​របស់ខ្លួន ហើយ​ការស្នើ​នេះ ដោយសារតែ​កន្លងមក បានកត់សម្គាល់​ឃើញថា របាយការណ៍​របស់ EU មិនបាន​ឆ្លុះបញ្ចាំង​ពីអ្វី ដែលជា​ការឆ្លើយតបរ​បស់​រាជរដ្ឋាភិបាល​នោះទេ​។​

​តាមរយៈ​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកឡើងថា កម្ពុជា​បានធ្វើ​ការងារ​ទៅតាម​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា​ធ្វើ មានដូចជា ការពង្រឹង​លំហ​ប្រជាធិបតេយ្យ និង​បញ្ហា​វិបត្តិ​ដីធ្លី​ជាដើម ដូច្នេះ​បេសកកម្ម​របស់​អី​យូ ក៏​ត្រូវតែ​កត់សម្គាល់ឃើញ​នូវ​វឌ្ឍនភាព ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​ផងដែរ​។ លោក​បន្តថា ការ​សរសេរ​របាយការណ៍​របស់​អី​យូ នៅ​ថ្ងៃទី​១២ ខែសីហា ខាងមុខ វា​ជា​ភារកិច្ច​របស់​គណៈប្រតិភូ​សភា​អី​យូ ប៉ុន្តែ​អ្វីដែល​យើង​កត់សម្គាល់​ឃើញថា របាយការណ៍​របស់ EU កន្លងមក មិនបាន​ឆ្លុះបញ្ចាំង​ពីអ្វី ដែលជា​ការឆ្លើយតបរ​បស់​រាជរដ្ឋាភិបាល​នោះទេ​។ ចំណែក​នៅក្នុង​របាយការណ៍​៨៣​ទំព័រ​របស់​អី​យូ ក៏​មិនបាន​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​របស់​កម្ពុជា​នោះដែរ​៕

ដោយ ៖ កោះ​កែវ​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114