ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ម៉ូតូ​ បុក​រថយន្ត​ពី​ចំហៀង​ពេញទំ​ហឹង​បាក់​ជើង​ឆ្វេង​សន្លប់​ស្តូក

ភ្នំពេញ ​៖ ​យុវ​សិស្ស​វ័យ​១៥​ឆ្នាំ​ម្នា​ក់ ​បាន​​បាក់​ជើង​សន្លប់​ស្ដូកស្ដឹង​ដោយសារ​បើក​ម៉ូតូ​បុក​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់ជើង​ឆ្វេង​ ខណៈ​រថយន្ត​បត់​ឆ្វេង​ឆ្លង​ផ្លូវ​កាលពី​វេលា​ម៉ោង​​​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ​ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ ចំណុច​មុខ​ផ្លូវ​ចូល​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ជ្រោយចង្វារ​ក្នុងភូមិ​គៀន​ឃ្លាំ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

ម៉ូតូ​ម៉ាក​ស៊ូ​មើអ៊ិច​បិទ​តែម​ពណ៌​ផ្កា​ឈូក​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FJ 4126​ជិះ​ដោយ​យុវ​សិស្ស​រងគ្រោះ​ឈ្មោះ​ចក់ ឆៃ​ឡាយ​ ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ ​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ស្រុក​​កំណើត​នៅ​ស្រុក​កងមាស​ ខេត្ត​កំពង់ចាម។

រថយន្ត​ដឹក​ទឹកកក​ម៉ាក​គា​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AT 4016​ បើក​ដោយ​ឈ្មោះ​ហយ សុ​ភី​ត ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ បើក​រថយន្ត​របស់​ក្រុមហ៊ុន​សួន​សួន​គ្រុប​ស្នាក់នៅ ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើត​ហេតុ​គេ​​ឃើញ​រថយន្ត​ខាង​លើ​​បើក​ដោយ​បុរស​ម្នាក់​​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្របគ្នា​ជាមួយ​ម៉ូតូ​ខាងលើ​​​​​​បើក​​ពីក្រោយ។ លុះ​មកដល់​ចំណុច​កើហេតុ​រថយន្ត​បត់​ឆ្វេង​ឆ្លង​ផ្លូវ ​ម៉ូតូ​ទៅ​ត្រង់​យ៉ាង​លឿន​បាន​ជ្រុល​បុក​រថយន្ត​ពីឆ្វេង​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ដួល ​អ្នកជិះ​រង​របួស​បាក់​ជើង​ឆ្វេង​សន្លប់​ស្តូក​នៅ​កន្លែង​។

​ក្រោយពេល​កើតហេតុ ​យុវ​សិស្ស​រងគ្រោះ​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​កាលម៉ែត​ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​​ធ្វើការ​វាស់វែង​ ​រួម​ទាំង​តៃកុង​រថយន្ត ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី៕

ដោយ ៖ ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114