ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថានីយ​ពិសោធន៍​ស្រាវជ្រាវ​កសិកម្ម​កូន​គ្រៀល

បន្ទាយមានជ័យ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រី​គ្រប់​ជាន់ថ្នាក់​ដែល​បាន​លះបង់ តស៊ូ ខិតខំ​ប្រឹងប្រែង​ក្នុង​ស្មារតី​ទទួលខុសត្រូវ ​ថែរក្សា​ការពារ​ដី​ស្ថានីយ​បាន​នៅ​គង់​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ទុកជា​ប្រយោជន៍​សម្រាប់​ធ្វើ​ការពិសោធន៍​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ពី​ពូជ​ដំណាំ បន្ថែ ត្រី និង​សត្វ ធានា​ដល់​ការ​ផ្គត់ផ្គង់​ទីផ្សារ​ទាំង​បរិមាណ និង​គុណភាព សម្រាប់​ធ្វើ​ការកែច្នៃ និង​នាំចេញ​។

ការ​ថ្លែង​របស់​លោក រដ្ឋមន្ត្រី បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ ទី​១៥​មិថុនា ខ​ណៈ​ដែល​លោក​អញ្ជើញ ចុះទៅ ពិនិត្យ​ស្ថានីយ​ពិសោធន៍​ស្រាវជ្រាវ​កសិកម្ម​កូន​គ្រៀល ស្ថិត​នៅ​ក្នុង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ នា​ឱកាស​នោះ លោក​ប្រធាន​មន្ទីរ​បាន​ជម្រាប​ជូន​លោក​ជ្រាប​ថា ​បច្ចុប្បន្ន​ស្ថានីយ​បាន​ដាំ​ដំណាំ​ចម្រុះ​មាន​បន្លែ ឈើ​ហូប​ផ្លែ ឫស្សី​យក​ទំពាំង និង​ចិញ្ចឹមសត្វ​ផង​ដែរ​មាន​គោ មាន់ និង​ទា នៅ​លើ​ផ្ទៃដី ១៦៧​ហិត​តា​។ មន្ទីរ​បាន​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អគារ​រដ្ឋបាល ថ្នាល​ពិសោធន៍ រោង​ដាំ​បន្លែ និង​ជីក​ស្រះ​ទឹក​ចិញ្ចឹម​ត្រី​។​ល​។

ក្រោយពី​បាន​ចុះ​ពិនិត្យ​ស្ថានីយ​រួច លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រី​គ្រប់​ជាន់ថ្នាក់​ដែល​បាន​លះបង់ តស៊ូ ខិតខំ​ប្រឹងប្រែង​ក្នុង​ស្មារតី​ទទួលខុស ត្រូវ​ថែរក្សា​ការពារ​ដី​ស្ថានីយ​បាន​នៅ​គង់​វង្ស​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ទុកជា​ប្រយោជន៍​សម្រាប់ធ្វើ​ការពិសោធន៍​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ពី​ពូជ​ដំណាំ បន្ថែ ត្រី និង​សត្វ និង​បច្ចេកទេស​កសិកម្ម​ទាន់​សម័យ​ដល់​អ្នក​ផលិត​ដើម្បី​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ឲ្យ​មានការ​រីកចម្រើន​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ឈាន​ទៅ​ធានា​ដល់​ការ​ផ្គត់ផ្គង់​ទីផ្សារ​ទាំង​បរិមាណ និង​គុណភាព សម្រាប់​ធ្វើ​ការកែច្នៃ និង​នាំចេញ​។

មានប្រសាសន៍​ណែនាំ​បន្ថែម លោក​បាន​ឲ្យ​រដ្ឋបាល​ជលផល​ស្វែងរក​ជំនួយ​ដៃគូ​ជួយឧបត្ថម្ភ​បង្កើត​ស្ថានីយ​បង្កាត់​ពូជ​ត្រី​ដើម្បី​ផ្សព្វផ្សាយ និង​បំផុស​ឲ្យ​ប្រជាកសិករ​ចិញ្ចឹម​ត្រី​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើត​មុខរបរ បង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ភាព​ក្រីក្រ​។ រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​មន្ទីរ​ផ្សព្វផ្សាយ និង​ដាំ​ឫស្សី​យក​ទំពាំង​នៅ​តាម​ព្រៃ​សហគមន៍ ដើម្បី​ឲ្យ​ពួកគាត់​មានការ​ងារ​ធ្វើ មាន​ចំណូល កែប្រែ​ជីវភាព និង​កាត់បន្ថយ​ការ​ពឹង​អាស្រ័យ​លើ​ផល និង​អនុផល​ព្រៃឈើ​។ ដោយ​តំបន់​នេះ​មាន​សក្តានុពល​សម្រាប់​ដាំ​ឈើ​ប្រេងខ្យល់​ពូជ G9 និង​G29 លោក​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​មន្ទីរ​ដាំ​សាកល្បង​ឈើ​ប្រភេទ​នេះ ព្រោះ​វា​អាច​ផ្តល់​ផល​បាន​យ៉ាង​ល្អ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​សិប្បកម្ម​កែច្នៃ​ក្ដារ​បន្ទះ និង​គ្រឿង​សង្ហា​រឹម​ផ្សេងៗ​ទៀត​។ មន្ទីរ​ត្រូវ​សហការ​ជា មួយ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​ដើម្បី​ការពារ​ដី​ស្ថានីយ និង​ព្រៃ​ធម្មជាតិ​នៅ​ជុំវិញ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​ទុកជា​សម្បត្តិ​រដ្ឋ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114