ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​ស្តី​ពី​អន្តរ​សកម្មភាព និង​វិធាន​ការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​

ភ្នំពេញ ៖​ កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​ស្តី​ពី​អន្តរសកម្មភាព​និង​វិធាន​ការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​(CICA) បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែមិថុនា នៅ​ទីក្រុង​ឌូ​សាន់​បេ នៃ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​។

ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ចំនួន ២៩​ប្រទេស រួម​ទាំង​ប្រទេស​សង្កេតការណ៍​មួយ​ចំនួន​ទៀត បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​ស្តី​ពី​អន្តរសកម្មភាព និង​វិធាន​ការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី ដើម្បី​ធ្វើការ​ពិនិត្យ​ពិភាក្សា​ទៅលើ​ប្រធានបទ ចក្ខុវិស័យ​រួម​ដើម្បី​សន្តិសុខ និង​វិបុលភាព​នៃ​តំបន់ CICA​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ មេដឹកនាំ​នៃ​តំបន់ CICA បាន​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន ចំពោះ​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ និង​និយាម និង​គោលការណ៍ នៃ​ច្បាប់​អន្តរជាតិ ដែល​បានទទួល​ស្គាល់​ជាស​កល​ក្នុង​ការ​លើកកម្ពស់​គោលដៅ និង​គោលការណ៍​របស់ CICA ដែល​បានចែង​នៅក្នុង​សេចក្តី​ប្រកាស​ស្តី​ពី​គោលការណ៍​ណែនាំ​ក្នុង​ទំនាក់ទំនង​របស់​រដ្ឋ​ជា​សមាជិក CICA នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​១៩៩៩ និង​ច្បាប់ អាល់​ម៉ា​ទី ចុះ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០០២​។

​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះដែរ មេដឹកនាំ​នៃ​តំបន់ CICA បាន​ឈាន​ទៅ​ចេញ​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ ក្នុងនោះ​នោះ​រួមមាន​បន្ត​គាំទ្រ​ដល់​ដំណើរការ​របស់​CICA ដោយ​ផ្តោតលើ​ការគោរព​គោលការណ៍​សមភាព អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជ្យភាព​នយោបាយ ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង សន្តិ​សហ​វិជ្ជមាន ផ្តល់​ផលប្រយោជន៍ ទៅវិញទៅមក និង​ការ​អត់ធ្មត់​ពី​ការប្រើប្រាស់​ការ​គំរាមកំហែង ឬ​ការប្រើ​កម្លាំង​ប្រឆាំង​បូរណភាព​ទឹកដី ឬ​ឯករាជ្យ​នយោបាយ​នៃ​រដ្ឋ​ណាមួយ​។ គាំ​ទ្រ​ដំណើរការ​បន្ត​កំណែ​ទំរង់​នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ដែល​មាន​គោលបំណង​ជំរុញ​សមត្ថភាព​ដោះស្រាយ បញ្ហា​ប្រឈម​ជា​សារ​វ័​ន្ត​ក្នុង​ពេល​បច្ចុប្បន្ន​។ ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែរ មេដឹកនាំ​ទាំងអស់​ក៏បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង លើ​ការ​គំរាមកំហែង​សន្តិសុខ បង្កឡើង​ដោយ​អំពើ​ភេរវកម្ម និង​អំពើ​ជ្រុលនិយម​គ្រប់​ទំរង់ និង​គ្រប់​រូបភាព​ទាំងអស់ ពិសេស​ថ្កោលទោស​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​ការវាយប្រហារ ភេរវកម្ម​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​ការវាយប្រហារ​បណ្តា​ប្រទេស​តំបន់ CICA​។ មេដឹកនាំ​ទាំងអស់​បាន​សង្កត់ធ្ងន់​ថា រាល់​ទង្វើ​ភេរវកម្ម​គឺ​មិនអាច​លើកលែង​បានឡើយ ទោះ​ពេលណា កន្លែង​ណា និង​ដោយ​នរណា​ក៏ដោយ​។ មេដឹកនាំ​ទាំងអស់ ក៏បាន​សម្តែង​នូវ​ការជឿជាក់​ក្នុងការ​ធ្វើការ ជាមួយគ្នា នៅក្នុង​វិស័យ​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ការរំសាយ​សព្វាវុធ និង​ការគ្រប់គ្រង​អាវុធ ព្រមទាំង​ការសហការ​ជាមួយ​ដៃគូ​ទាំងអស់ ក្នុងការ​ចូលរួមចំណែក​ថែរក្សា​សុ​វត្តិភាព និង​សន្តិសុខ​ពិភពលោក​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ មេដឹកនាំ​ទាំងអស់ ក៏បាន​ជឿជាក់​ថា ការជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព វិបុលភាព ក៏ដូចជា​ការលុបបំបាត់​នូវ​អនក្ខរភាព និង​ភាពក្រីក្រ ក្នុងចំណោម​វិធានការ ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នោះ គឺជា​ការលុបបំបាត់ នូវ​មូលដ្ឋាន​ដែល​បង្កើត​ឲ្យ​មាន​អំពើ​ភេរវកម្ម និង​អំពើ​ជ្រុលនិយម​។ ជាមួយគ្នានេះ បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ទាំងអស់​របស់​CICA បានទទួល​ស្គាល់​ពីសារ​សំខាន់​នៃ​ភាពជា​ដៃគូ​សកល ក្នុងការ​ប្រមូល​ធនធាន​ហិរញ្ញវត្ថុ និង​វិនិយោគ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ បង្កើន​ការដាក់​ពង្រាយ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប កាត់បន្ថយ​ចំហេះ​កំរិត​ទាប​លើ​ហ្វូ​ស៊ី​ល​ឥន្ធនៈ ថាមពល​កកើត​ឡើងវិញ និង​ការបង្កើន​ប្រសិទ្ធភាព​ថាមពល គឺមាន​សារសំខាន់​ក្នុងការ​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ និង​ការធ្វើ​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​ទី​៧ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG7)​។

ជា​មួយ​គ្នា​នេះ មេដឹកនាំ​ទាំងអស់ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នូវ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋ​ជា​សមាជិក​ទាំងអស់​ក្នុងការ​ជំរុញ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​នានា ដូចជា ពាណិជ្ជកម្ម ការដឹកជញ្ជូន ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ក្នុងភូមិ​សាស្ត្រ​របស់ CICA ក្នុង​កម្រិត​ទ្វេភាគី និង​ពហុភាគី​។ ជាមួយគ្នានេះ មេដឹកនាំ​ទាំងអស់​បានបញ្ជាក់​ពី​ការ​ត្រៀមខ្លួន​សម្រាប់​កិច្ចសហប្រតិបត្តិការ​រួម ធានា​នូវ​ភាពងាយស្រួល និង​ការ​គ្រប់គ្រង​ទឹក និង​អនាម័យ​ប្រកបដោយ​ចីរភាព ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះដែរ មេដឹកនាំ​ទាំងអស់​បានធ្វើ​ការពិភាក្សា​គ្នា ផ្តោត​សារសំខាន់​នៃ​សេដ្ឋកិច្ចពិភពលោក​បើកចំហ ការតភ្ជាប់​ប្រទេស និង​ប្រជាជន​ទាំងអស់ ក្នុងការ​ចែករំលែក​ផលប្រយោជន៍ នៃ​សកលភាវូបនីយកម្ម​ដែល​នឹង​ត្រូវតែ​ប្តេជ្ញា​យ៉ាង​មោះមុត​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ផ្តោតលើ​គោលការណ៍​ច្បាប់ តម្លាភាព គ្មាន​ការរើសអើង ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ប្រកបដោយ​បរិ​យា​ប័ន្ន និង​បើកចំហ ដោយ​ផ្អែកលើ WTO ជា​ស្នូល​។ មេដឹកនាំ​ទាំងអស់ ក៏បាន​សង្កត់ធ្ងន់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដើម្បី​លើកកម្ពស់​ការតភ្ជាប់​តំបន់ ជាពិសេស​ប្រព័ន្ធ​ឡូ​ជី​ស្ទីក និង​ដឹកជញ្ជូន ដែល​ត្រូវបានធ្វើ​សមាហរណកម្ម និង​ការប្រកួតប្រជែង និង​ជួយ​សម្រេចបាន​នូវ​ការប្រើប្រាស់​កាលានុវត្តភាព ពាណិជ្ជកម្ម​កាន់តែ​មាន​ប្រសិទ្ធភាព រវាង​រដ្ឋ​សមាជិក និង​ព​ន្លឿ​ន​កិច្ចសហប្រតិបត្តិការ​ឆ្លង​កាត់ និង​ដឹកជញ្ជូន​ក្នុង​តំបន់ និង​អន្តរជាតិ​។ មេដឹកនាំ​ទាំងអស់​ក៏បាន​ចាត់ទុក​ពិពិធ​កម្ម​វប្បធម៌​ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​របស់ CICA ដោយ​ថា ពិពិធ​កម្មនេះ រួម​ជាមួយនឹង​បេតិកភណ្ឌ​វប្បធម៌ គឺជា​ទ្រព្យ​មួយ​ដែល​ត្រូវបាន​ទ្រទ្រង់ ដោយ​មនុស្ស​ទាំងអស់គ្នា ពោល​វា​គឺជា​កត្តា​នៃ​ការនាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ដល់​ប្រទេសជាតិ​ទាំងអស់។

នៅក្នុង​សេចក្តីប្រកាស​រួម​មេដឹកនាំ​ទាំងអស់ ក៏បាន​បាន​ឯកភាព​ក្នុងការ​ស្វែងយល់ ពី​លទ្ធភាព​នៃ​ការបង្កើត​ព្រឹត្តិការណ៍​CICA សមស្រប​សម្រាប់​អ្នកតំណាងរាស្ត្រ សាកលវិទ្យាល័យ បណ្ឌិតសភា វិទ្យាស្ថាន​ស្រាវជ្រាវ អ្នកបង្កើត​អាជីវកម្ម យុវជន សិល្បករ ក្រុម​វប្បធម៌ វិទ្យាស្ថាន​ប​ណ្ណា​សារ សាលារៀន បណ្ណាល័យ និង​សហគមន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ រួមទាំង​ការធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ ប្រពៃណី​ទំនៀមទម្លាប់​ចាស់ៗ​ជាច្រើន តាមផ្លូវ​ជំនួញ​សូត្រ​បុរាណ​ដែល​បាន​ប្រើប្រាស់​ក្នុង​ការតភ្ជាប់ និង​សម្របសម្រួល​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។ ជាមួយគ្នានេះ នៅក្នុង​សេចក្តីប្រកាស​នោះដែរ មេដឹកនាំ​ទាំងអស់​បាន​បញ្ជាក់​ពី​សារសំខាន់​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូ និង​ទំនាក់ទំនង​ខាងក្រៅ​របស់ CICA និង​អង្គការ​វេទិកា​អន្តរជាតិ និង​វេទិកា​ផ្សេងៗ​ទៀត ពិសេស​បាន​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​បណ្តា​ប្រទេស​សម្របសម្រួល និង​សហ​សម្របសម្រួល​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ផ្នែក​ផ្សេងៗ នៃ​វិធាន​ការកសាង​ទំនុកចិត្ត​។ មេដឹកនាំ​ទាំងអស់​បាន​ស្វាគមន៍​ចំពោះ សាធារណរដ្ឋ​សង្គមនិយម​ប្រជាធិបតេយ្យ​ស្រីលង្កា ដែល​បាន​ចូល​ជា​សមាជិក​ថ្មី​របស់​CICA​។ ជាមួយគ្នានេះ​មេដឹកនាំ​ទាំងអស់ បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស CICA លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល CICA លើក​ទី​៦ នៅ​ឆ្នាំ​២០២២​។

ដូចគ្នា​នឹង​បណ្តា​ប្រទេស CICA ដទៃទៀត​ដែរនោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ទៅកាន់​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី​ដើម្បី​ធ្វើការ​ពិនិត្យ​ពិភាក្សា​ទៅលើ​ប្រធានបទ ចក្ខុវិស័យ​រួម​ដើម្បី​សន្តិសុខ និង​វិបុលភាព នៃ​តំបន់ CICA ផងដែរ​៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114