ព័ត៍មានទាន់​ហេតុការណ៏
Search

ជាង​១០​ឆ្នាំមុន​ពិការ​ភ្នែក​ម្ខាង មក​ដល់​ពេល​នេះ​ពិការ​ជើង​ម្ខាង​ទៀត ដោយសារ​ផ្ទុះ​គ្រាប់មីន ដែល​សេសសល់​ពី​សង្គ្រាម

ប៉ៃលិន ​៖ ​បុរស​ម្នាក់​ពិការ​ភ្នែក​ម្ខាង បាន​រង​របួស​ធ្ងន់ ដោយសារ​ជាន់មីន​ប្រភេទ​៧២ ដែល​សេសសល់​ពី​សង្គ្រាម នៅក្នុង​ចំការ​របស់​ខ្លួន ត្រូវបាន​ដឹក​តាម​រថយន្ត​សង្គ្រោះ មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ភ្លាមៗ​។

ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​បង្គោល​ឡាក់​៦៨ ស្ថិតក្នុង​ភូមិបរ​ហ៊ុយ​ជើង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ជន​រងគ្រោះ​ឈ្មោះ ជៀម រ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ជន​ពិការភ្នែក​ខាងស្តាំ រស់នៅ​ភូមិបរ​ហ៊ុយ​ជើង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន រងរបួស​ប្រអប់ជើង​ឆ្វេង​ធ្ងន់ធ្ងរ។

បើតាម​លោក លឹម ផៃ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិប​រយ៉ា​ខា សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន បាន​ឲ្យ​ដឹង​ថា​៖ មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​និង​លោក បាន​ទៅ​ចំការ​នៅ​កន្លែង​កើតហេតុ ជាមួយគ្នា មួយសន្ទុះ​ក្រោយមក​បម្រុង​ចុះមក​ផ្ទះ​វិញ ស្រាប់តែ​ជនរងគ្រោះ បាន​ដើរទៅ​ខាងចុង​ចំការ ចំណែក​លោក បាន​ចុះមក​ក្រោម​ទៅហើយ ប៉ុន្តែ​រំពេច​នោះ​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​គ្រាប់ ក៏​មាន​ការ​ភ្ញាក់ផ្អើល រូបលោក​ក៏​ឡើងទៅ​មើល ព្រមទាំង​ទទួល​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ឲ្យ​ឡើង​ទៅ​យក​ខ្លួន​(​ជនរងគ្រោះ​) ប៉ុន្តែ​ជនរងគ្រោះ បាន​រង​របួស​ជើង​ឆ្វេង​រួចទៅហើយ​ដែរ។ លោក បាន​បន្តថា​៖ បន្ទាប់ពី​គ្រាប់មីន​ផ្ទុះ ជនរងគ្រោះ ​បាន​លូន​ចេញពី​កន្លែងកើតហេតុ មកក្រោម​ប្រហែល​ចម្ងាយ​៣០០​ម៉ែត្រ ទើប​ជួប​លោក រួច​លោក​យក​ជនរងគ្រោះ​មកដល់​ផ្លូវធំ ក៏​ស្រាប់តែ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខេត្ត មក​ដឹក​យកទៅ​ព្យាបាល​តែម្តង។

លោក​បញ្ជាក់ថា ​៖​ នេះ​ជា​លើក​ទី​២​ហើយ ដែល​ជនរងគ្រោះ បាន​គ្រោះថ្នាក់​ដោយសារ​គ្រោះ​មីន ដែល​សេសសល់​ពី​សង្គ្រាម ដោយ​លើក​ទី១​ពិការភ្នែក​ខាងស្តាំ ចំណែក​រសៀល​ថ្ងៃនេះ ត្រូវ​ពិការ​ប្រអប់ជើង​ឆ្វេង ហើយ​ជា​កន្លែង​តែមួយ​មិន​ឆ្ងាយ​ពី​​​កន្លែងចាស់​នោះទេ។ ចំណែក​ចំការ​ដែលមាន​គ្រាប់មីន​ផ្ទុះ​នេះ ជា​ចំ​ការដែល​ជនរងគ្រោះ បានធ្វើ​កសិកម្ម​ជា​រៀងរាល់ឆ្នាំ​ផងដែរ ប៉ុន្តែ​កាលពីមុន​នៅ​តំបន់​កើតហេតុ ភាគច្រើន​សម្បូរ​ទៅ​មីន​ស្នូល​ពោត ដែល​នៅលើ​ដី​ធ្វើ​ឲ្យ​យើង​មើលឃើញ ប៉ុន្តែ​ប្រភេទ​មីន​៧២​នេះ ជា​ប្រភេទ​មីន​ក្រោម​ដី ទើប​ជនរងគ្រោះ​មើលមិនឃើញ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ឌី ដា​រ៉ា មន្ត្រី​ស៊ីម៉ាក់​និង​ជា​មេក្រុម​TSC ដែលមាន​គោលដៅ​ប្រចាំការ​នៅ​ភូមិ​អូរ​ឈើ​ក្រម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​ ៖ មីន​ដែល​ផ្ទុះ​បណ្តាល​ឲ្យ​របួស​ជនរងគ្រោះ​ខាងលើនេះ ជា​គ្រាប់មីន​ប្រភេទ​៧២ ផលិត​នៅ​ប្រទេស​ចិន ហើយ​ប្រភេទ​មីន​៧២​នេះ ជា​មីន​ជាន់ ដែលមាន​រំសេវ​តិច ប្រសិនជា​ជាន់​វា​អាច​ផ្ទុះ ដោយ​ពិការ​តែ​ជើង​ម្ខាង​ប៉ុណ្ណោះ តែបើ​មីន​ប្រភេទ​ផ្សេង​វិញ អាច​ដាច់​ជើង​ទាំងសងខាង​តែម្តង៕

ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114