ព័ត៍មានទាន់​ហេតុការណ៏
Search

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ចុះ​ពិនិត្យ និង​បាល​ជំងឺ​ជូន​កងទ័ព និង​គ្រួសារ​កងទ័ព​

​ភ្នំពេញ​៖ សកម្មភាព​មនុស្សធម៌​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ នា​ចុង​សប្តាហ៍​នេះ (១៥ មិថុនា ២០១៩) បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស ស្ថិតនៅក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​របស់លោក​ស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA)​។​

​នៅក្នុង​ឱ​កាស​នោះ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន មិនដែល​ភ្លេច​ទេ​អំពី​សុខទុក្ខ​របស់​កងទ័ព និង​គ្រួសារ​កងទ័ព​។ លោក​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ សុខុមាលភាព និង​ជីវភាព​រស់នៅ​កងទ័ព និង​គ្រួសារ​កងទ័ព​។ ជាក់ស្ដែង​នៅថ្ងៃនេះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ឲ្យ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ចុះមក​ពិនិត្យ និង​ព្យាបាល​ជូន​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋនៅក្នុង​យោធភូមិភាគ​ពិសេស​។​

​ចំណែក​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ និង​សុខុមាលភាព​របស់​កង​ទ័ព គ្រួសារ​កងទ័ព​តាមរយៈ​ការឧបត្ថម្ភ​សម្ភារៈ ថវិកា គ្រឿងឧបភោគ បរិភោគ​ជូន​ដល់​អង្គភាព​នាពេល​កន្លងមក​ព្រមទាំង​បញ្ជូន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចុះ​ព្យាបាល​ដល់​កងទ័ព​និង​គ្រួសារ​កងទ័ព​នៅក្នុង​អង្គភាព​តែម្ដង​។​

​ជាមួយគ្នា​នោះ លោក​មេបញ្ជាការ ក៏បាន​ថ្លែងអំណរគុណ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី និង​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ទាំងអស់ ដែល​បាន​យក​អស់ទាំង​កម្លាំងកាយ​ចិត្ត​ជំនាញ​វិជ្ជាជីវៈ និង​បេះដូង​ចុះ​ព្យាបាល​កងទ័ព និង​គ្រួសារ​កងទ័ព​នៅក្នុង​អង្គភាព​នេះ។​

​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​២​ហើយ ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​ចុះ​ព្យាបាល​បាល​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​អង្គភាព​នេះ ហើយ​ថ្ងៃនេះ ក្រុមគ្រូពេទ្យ​និង​កម្លាំង​ស្ម័គ្រចិត្ត​ចំនួន​២៥០​នាក់ បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​ដែល​គិតថ្លៃ រួមមាន​ការព្យាបាល​ជំងឺ​ទូទៅ ជំងឺ​មាត់​ធ្មេញ ពិនិត្យ​អេកូ​ផ្ទៃពោះ រោគ​ស្ត្រី ព្យាបាល​ភ្នែក វះកាត់​តូច សរុប​ចំនួន​១៩៤៣​នាក់ និង​បញ្ជូនទៅ​ព្យាបាល​បន្ត​ចំនួន​៥៧​នាក់​៕

ដោយ ៖ សុជាតា


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114