ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត ​៖ ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការណ៍​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់ កម្ពុជា រាជរដ្ឋាភិបាល​បានកំណត់​យក​ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​អាទិភាព​

ក្រចេះ ​៖ លោក ហ៊ុន ម៉ា​ណែ​ត លើកឡើងថា ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការណ៍​រីកចម្រើន លើ​គ្រប់​វិស័យ​របស់​ប្រទេសជាតិ ជាពិសេស ដើម្បី​ចូលរួម​ទ្រទ្រង់​និរន្តរភាព នៃ​កំណើនសេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត រាជរដ្ឋាភិបាល​តែង​បាន កំណត់​យក​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​កត្តា​អាទិភាព​ចាំបាច់ ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ត​កែទម្រង់​ទៅមុខ ដើម្បី​ធានាបាន​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​។​

​លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​បែបនេះ ខណៈ​លោក​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ចូលរួម​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង និង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​ជូន​ដល់​និស្សិត​ជ័យលាភី នៃ​វិទ្យាស្ថាន​អាស៊ី​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ​។​

​ថ្លែង​ទៅកាន់​អ្នកចូលរួម លោក ហ៊ុន ម៉ា​ណែ​ត លើកឡើងថា ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការណ៍​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេសជាតិ ជាពិសេស​ដើម្បី​ចូលរួម​ទ្រទ្រង់​និរន្តរភាព នៃ​កំណើនសេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត រាជរដ្ឋាភិបាល​តែង​បានកំណត់​យក​ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​កត្តា​អាទិភាព​ចាំបាច់ ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ត​កែទម្រង់​ទៅមុខ ដើម្បី​ធានាបាន​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​សមត្ថភាព​ជំនាញ សម្រាប់​ទីផ្សារការងារ​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ជាពិសេស​ក្នុង​បរិការណ៍​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​នឹង​នាំមក​នូវ​ទាំង​កាលានុវត្តភាព​សម្រាប់​កំណើន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។​

​តាម​លោក ហ៊ុន ម៉ា​ណែ​ត ការរីកចម្រើន​របស់​ប្រទេសមួយ​សំខាន់​លើ​ការវិនិយោគ​លើ​ធនធានមនុស្ស ដែលជា​វិស័យ​ចម្បង​នៅក្នុង​ការបង្កើត​ឱកាស​នៃ​ការអភិវឌ្ឍ​។ យើង​សម្រេចបាន​លទ្ធផល​បាន​ប៉ុណ្ណេះ គឺជា​មោទនភាព​របស់​ខ្មែរ​ដែល​ធ្វើបាន​ដោយ​ខ្លួនឯង​ដោយសារ​លទ្ធផល​នៃ​ការវិនិយោគ​ធនធានមនុស្ស​តាំងពី​ឆ្នាំ​១៨៨០​។ យើង​គួរតែមាន​មោទនភាព​ដែល​ប្រទេស​យើង​បាន​ដើរមក​ដល់ពេលនេះ ហើយ​យុវជន​មានឱកាស​គ្រប់​យ៉ាងដូច​សព្វថ្ងៃនេះ​។​

​លោក ហ៊ុន ម៉ា​ណែ​ត អះអាងថា ឱកាស​សម្រាប់​យុវជន គឺមាន​៣​ចំណុច ទី​១ គឺ​ការ​ស្គាល់ និង​ស្វែងយល់​ពី​ឱកាស ទី​២ ការចាប់យក​និង​ប្រើ​ឱកាស ទី​៣ គឺ​ការបង្កើត​ឱកាស​ដោយ​ខ្លួនឯង​។ យុវជន​ត្រូវ​សិក្សា​ស្វែងយល់​ពី​ឱកាស​ដែល​ខ្លួន​មាន គឺ​ឱកាស​សិក្សា​រៀនសូត្រ និង​រស់នៅក្នុង​សុខសន្តិភាព ប៉ុន្តែ​យុវជន​ត្រូវតែ​បង្កើន​សមត្ថភាព និង​ប្រកួតប្រជែង ដើម្បី​ទទួល​បាន​ឱកាស និង​ប្រើប្រាស់​ឱកាស ដែល​ខ្លួន​មាន​ឲ្យ​កាន់តែ​ជោគជ័យ ដើម្បី​គ្រប់គ្រង​អនាគត​យើង​។ លើសពីនេះ ឱកាស​យើង​មាន​ហើយ ចំណេះដឹង​យើង​មាន​ហើយ ប៉ុន្តែ​យើង​ត្រូវមាន​សីលធម៌ គុណធម៌ ផ្នត់គំនិត​នៅក្នុង​ខ្លួន​ដើម្បី​គួបផ្សំ​ជាមួយ​ចំណេះដឹង​ដើម្បី​ផ្សាភ្ជាប់​ការរីកចម្រើន​របស់​ស​ង្គ​ម​៕

ដោយ ៖ សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114