ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ិ​ក​ស៊ិ​ក​ឃុំឃាំង​ជន​ចំណាកស្រុក​៧៩១​នាក់​រួមមាន​ទាំង​កុមារ​៣៦៨​នាក់​ផងដែរ​

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជន​ចំណាកស្រុក​អាមេរិក​កណ្តាល​ចំនួន​៧៩១​នាក់​រួមទាំង​កុមារ​ចំនួន​៣៦៨​នាក់​ដែលមាន​អាយុ​ក្រោម​៨​ឆ្នាំ​ផងដែរ​នោះ​គឺ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​រដ្ឋ Veracruz នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​វិទ្យាស្ថាន​អន្តោប្រវេសន៍​ជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការឃុំខ្លួន​ជន​ចំណាកស្រុក​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​នៅ​ចំណុច​ចំនួន​ពីរ​។​

​ប្រភព​មួយ​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​កាលពី​ថ្ងៃអាទិត្យ​បាន​ប្រាប់ AFP ថា ជន​ចំណាកស្រុក​ចំនួន​២៧០​នាក់​មាន​អាយុ​៦​ឬ​៧​ឆ្នាំ​ហើយ​៩៨​នាក់​មាន​អាយុ​ពី​០​ទៅ​៥​ឆ្នាំ​។​

​ប្រភព​ដដែល​បាន​បន្តថា អ្នក​ដែល​ជាប់​ឃុំឃាំង​ទាំងនោះ​រួមមាន​ជនជាតិ​ហ្គា​តេ​ម៉ា​ឡា​ចំនួន​៤១៣​នាក់​, ហុង​ឌូ​រ៉ា​ស់​៣៣០​នាក់​និង​អែល​សាល់​វ៉ា​ឌ័​រ​៣៩​នាក់​។​

​ប្រភព​មួយទៀត​បាន​និយាយថា ជនសង្ស័យ​ជួញដូរ​មនុស្ស​ចំនួន​៦​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

Veracruz គឺជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែលមាន​អំពើហិង្សា​បំផុត​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ ផ្លូវ​ជួញដូរ​គ្រឿងញៀន​ទៅ​សហរដ្ឋអាមេរិក​គឺ​ត្រូវ​ឆ្លងកាត់​តំបន់​នេះហើយ​ជនអន្តោប្រវេសន៍​ដែល​ឆ្លងកាត់​ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ការ​ប្លន់ ចាប់រំលោភ​ឬ​ចាប់ជំរិត​។​

​ការចាប់​ឃុំខ្លួន​នេះ​បានធ្វើ​ឡើង​ក្នុងអំឡុងពេល​កំណត់​៤៥​ថ្ងៃ​សម្រាប់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ដែលជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​មួយ​ដែល​បានសម្រេច​ជាមួយ​សហរដ្ឋអាមេរិក​នៅ​ដើមខែ​នេះ​ដើម្បី​បញ្ចៀស​ការដាក់​ពន្ធ​ដែល​គំរាម​ដោយ​លោក​ប្រធានាធិបតី Donald Trump​។​

​លោក Trump បាន​ព្រមាន​ថា ពន្ធគយ​នឹង​នៅតែ​អាចដាក់​បើសិនជា​សហរដ្ឋអាមេរិក​គិតថា ប្រទេស​ម៉ិ​ក​ស៊ិ​ក​មិនមាន​ការរីកចម្រើន​គ្រប់គ្រាន់​ក្នុង​រយៈពេល​៤៥​ថ្ងៃនេះ​ទេនោះ​។​

​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនោះ ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​សន្យាថា​នឹងដាក់​ពង្រាយ​សមាជិក​ឆ្មាំ​ជាតិ​ចំនួន​៦​ពាន់​នាក់​នៅតាម​បណ្ដោយ​ព្រំដែន​ជាប់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114