ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​បង្ហើប​ថា សហរដ្ឋអាមេរិក​អាច​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ដ៏​គួរ​ឲ្យ​សង្ស័យ​លើ​កប៉ាល់​ដឹក​ប្រេង

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ IRNA បាន​រាយការណ៍​ថា ប្រធានសភា​អ៊ីរ៉ង់​បាន​បង្ហើប​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ទីក្រុង​វ៉ាស៊ីនតោន​អាច​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ដ៏​គួរ​ឲ្យ​សង្ស័យ​លើក​ប៉ាល់​ដឹក​ប្រេង​ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់​ដើម្បី​ដាក់​សម្ពាធ​លើ​ទីក្រុង​តេ​អេ​រ៉ង់​។​

​លោក Ali Larijani បាន​ប្រាប់​សមាជិកសភា​ថា “​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​ប្រឆាំងនឹង​កប៉ាល់​ដឹក​ប្រេង​ហាក់ដូចជា​ដាក់​សម្ពាធ​បន្ថែម​លើ​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំងនឹង​អ៊ីរ៉ង់​បន្ទាប់ពី​សហរដ្ឋអាមេរិក​ចាត់ទុកថា​វា​មិនបាន​សម្រេច​លទ្ធផល​ណាមួយ​ឡើយ​”​។​

​លោក​បាន​អះអាងថា ធ្លាប់មាន​យុទ្ធសាស្ត្រ​អំឡុង​សង្គ្រាមលោកលើកទី​២​នៅពេលដែល​អាមេរិក​បានកំណត់​គោលដៅ​លើ​នាវា​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅក្បែរ​ប្រទេស​ជប៉ុន​ដើម្បី​បង្កើត​លេស​សម្រាប់​បង្ករឿង​។​

​សហរដ្ឋអាមេរិក​បាន​ធ្វើសង្គ្រាម​បន្ទាប់ពី​ការវាយប្រហារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ប្រទេស​ជប៉ុន​ទៅលើ​មូលដ្ឋាន Pearl Harbor របស់​អាមេរិក​នៅ​កោះ​ហា​វ៉ៃ​នៅ​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​១៩៤១​។​

​កប៉ាល់​ដឹក​ប្រេង Kokuka Courageous របស់​ជប៉ុន​និង​កប៉ាល់ Front Altair របស់​ន័​រ​វែ​សត្រូវ​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​បាន​ឆាបឆេះ​ខណៈ​ពួកគេ​កំពុង​ឆ្លងកាត់​ឈូង​សមុទ្រ​អូ​ម៉​ង់​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​ក្រុង​តេ​អេ​រ៉ង់​ថា ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ដែល​បាន​កើតឡើង​ចំពេល​ដំណាលគ្នា​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Minister Shinzo កំពុងស្ថិត​នៅក្នុង​ទីក្រុង​តេ​អេ​រ៉ង់​សម្រាប់​កិច្ចចរចា​ជាមួយ​គោលបំណង​បន្ថយ​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​ច្រានចោល​ការអះអាង​របស់​អាមេរិក​ថា​គ្មាន​មូលដ្ឋាន​ហើយ​បាន​និយាយថា ក្រុង​វ៉ាស៊ីនតោន​បានធ្វើការ​ចោទប្រកាន់​ភ្លាមៗ​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់​ទាំង​គ្មាន​ភ័ស្តុតាង​ជាក់ស្តែង​ឬ​ភ័ន្តច្រឡំ​។​

​មន្ទីរ​បញ្ច​កោណ​បានចេញ​ផ្សាយ​វីដេអូ​មួយ​ដែល​បង្ហាញ​ពីអ្វី​ដែល​ខ្លួន​និយាយថា​គឺជា​ទូក​អ៊ីរ៉ង់​ដែល​បាន​ទាញ​ឡើង​ជាមួយ​កប៉ាល់​ដឹក​ប្រេង​រង​ការវាយប្រហារ​មួយគ្រឿង​និង​បាន​យកចេញ​នូវ​គ្រាប់មីន​ដែល​ភ្ជាប់​ទៅនឹង​តួ​របស់​កប៉ាល់​នោះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114