ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ដៅ​សម្ល​ទុកចោល ​ហើយ​ចាក់សោ​ផ្ទះ​ទៅ​ពេទ្យ​ ឆេះ​ខ្លោច​ហុយ​ទ្រលោម​ ភ្ញាក់ផ្អើល​ពេញ​បុរី​

ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​នៅក្នុង​បុរី​លឹម​ឈាង​ហាក់​ ដោយសារតែ​ម្ចាស់​ផ្ទះ​កម្ដៅ​សម្ល​ទុកចោល ​ភ្លេច​បិទ​ហ្គាស៍ ​ចាក់សោ​ផ្ទះ​ចេញទៅ​ក្រៅ​បាត់ បណ្ដាល​ឲ្យ​ខ្លោច​ហុយ​ផ្សែង​ទ្រលោម ​ ហើយ​អ្នកជិតខាង​ស្មានតែ​ភ្លើង​ឆេះ​ផ្ទះ​ ក៏​នាំគ្នា​អារកាត់​សោ​ចូល​មើល។​

​ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​10​ព្រឹក​ថ្ងៃទី 17 ខែ​មិថុនា ​ឆ្នាំ 2019 នៅក្នុង​បុរី​លឹម​ឈាង​ហាក់ ​ស្ថិត​ក្នុងភូមិ​ក្រោលគោ ​សង្កាត់​គីឡូម៉ែត្រ​លេខ 6 ខណ្ឌ​ឫស្សី​កែវ។​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ផ្សែង​ហុយ​ចេញ​ពី​ផ្ទះ​កើតហេតុ​រួច ​អ្នកជិតខាង​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ក៏​នាំគ្នា​យក​ម៉ូ​ទ័​រ​កាត់​សោ​ហើយ​ចូលទៅ​មើល​ស្រាប់តែ​ឃើញ​សម្ល​មួយ​ឆ្នាំង​ខ្លោច​ហុយផ្សែង​ទ្រលោម។​

ប្រភព​បាន​បន្តថា ​មុនពេល​កើតហេតុ ម្ចាស់ផ្ទះ ដែល​គេ​ស្គាល់​ថា​ជា​ម្តាយ​របស់​មេ​ប៉ុស្តិ៍​ទួល​សង្កែ​២​គាត់​បាន​ចាក់សោ​ទុកចោល​ ហើយក៏​បាន​ទៅ​ពេទ្យ​ មុន​គាត់​ទៅនោះ ​គាត់​បាន កម្តៅសម្ល​មាន់​ទុក​ចោល ក្រោយមក​ស្រាប់តែ​ផ្សែងហុយ ទ្រលោម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បុរី ខាងលើនេះ ​ដែល​មនុស្ស​គ្រប់គ្នា​នឹកស្មានថា​មានការ​ឆេះ ផ្ទះ​ដោយ​ម្នាក់ ៗ​នាំគ្នា​ទម្លុះ ​និង​អារ​ទ្វារ​ចូលក្នុង​ផ្ទះ ស្រាប់តែ​ឃើញ​ឆ្នាំងសម្ល កំពុង​កម្តៅ​ចោល​ឆេះ​ខ្លោច​តែម្តង​ ហើយក៏​ពន្លត់​ហ្គាស៍ ​និង​យក​ឆ្នាំងសម្ល​ចេញមក​ក្រៅ។

ប្រភព​ឲ្យ​ដឹង​ថា ផ្ទះកើតហេតុ​នោះ ​ផ្លូវ​លេខ​៤​ ផ្ទះ​លេខ ៥៣X​ ក្នុង​បុរី​លឹម​ឈាង​ហាក់ ដែល​គេ​ស្គាល់​ថា​ជា​ម្តាយ​មេ​ប៉ុស្តិ៍​ទួល​សង្កែ​២។​

ប្រជាពលរដ្ឋ​និយាយថា ​នេះ​សំណាង​ហើយ​ ដែលមាន​អ្នកជិតខាង​ភ្ញាក់ផ្អើល ​និង​សមត្ថកិច្ច​ទៅ​ទាន់​ពេល​វេលា​ បើ​មិន​ដូច្នោះ​ទេ ​អាច​បង្ក​ជា​គ្រោះ​អគ្គិភ័យ​មិន​ខាន៕

ដោយ ៖ ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114