ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Erdogan និយាយ​ថា ការផ្តល់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 នឹង​ចាប់ផ្តើម​នៅ​ដើមខែ​កក្កដា

លោក​ប្រធានាធិបតី Recep Tayyip Erdogan ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទួរគី​ដែល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ទួរគី​រំពឹងថា ការផ្តល់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ដ៏​ចម្រូងចម្រាស​របស់​រុស្សី​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​កក្កដា​ខាងមុខនេះ​។​

​យោងតាម​ទូរទស្សន៍ CNN ទួរគី​បាន​ផ្សាយ​ថា លោក Erdogan បាន​ថ្លែងថា “​ខ្ញុំ​ជឿជាក់ថា ប្រព័ន្ធ S-400 នឹង​ចាប់ផ្តើម​មកដល់​នៅ​បួន​សប្តាហ៍​ដំបូង​នៃ​ខែកក្កដា​។ ក្រុមការងារ​ដែល​ទទួល​ខុសត្រូវ​លើ​កាលវិភាគ​នេះ​កំពុង​តាមដាន​បញ្ហា​នេះ​”​។​

​កិច្ចព្រមព្រៀង​របស់​ទីក្រុង​អង់កា​រ៉ា​ជាមួយ​ទីក្រុង​មូ​ស្គូ​គឺជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​ភាព​តានតឹង​រវាង​ប្រទេស​ទួរគី​និង​សហរដ្ឋអាមេរិក​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​គំរាមកំហែង​អំពី​ផលវិបាក​រួមទាំង​ទណ្ឌកម្ម​ប្រឆាំងនឹង​សមាជិក​អង្គការ​ណា​តូ​មួយ​នេះ​ផងដែរ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ស្តីទី​លោក Patrick Shanahan បាន​ផ្ញើលិខិត​មួយ​កាលពី​ដើមខែ​នេះ​ដោយ​ព្រមាន​ថា ប្រទេស​ទួរគី​ត្រូវតែ​បោះបង់​ប្រព័ន្ធ S-400 ត្រឹម​ថ្ងៃទី​៣១​ខែកក្កដា​បើ​មិន​ដូច្នេះ​ទេ​អ្នកបើក​យន្តហោះ​ទួរគី​ដែល​បច្ចុប្បន្នកំពុង​ហ្វឹកហាត់​លើ​កម្មវិធី​យន្តហោះ​ចម្បាំង F-35 នឹងត្រូវ​បណ្តេញ​ចេញពី​សហរដ្ឋអាមេរិក​។​

​ទួរគី​គ្រោង​នឹង​ទិញ​យន្តហោះ​ធុន F-35 របស់​អាមេរិក​ចំនួន​១០០​គ្រឿង​ខណៈដែល​ក្រុមហ៊ុន​ផលិត​ទួរគី​ជាច្រើន​កំពុង​ផលិត​គ្រឿងបន្លាស់​និង​គ្រឿង​បរិក្ខារ​សម្រាប់​យន្តហោះ​ចម្បាំង​ធុន​នេះ​។​

​ទីក្រុង​អង់កា​រ៉ា​មិនទាន់​ឆ្លើយតប​ជា​ផ្លូវការ​ទៅនឹង​សំដី​របស់លោក Shanahan ទេ​ប៉ុន្តែ​លោក Erdogan បាន​និយាយថា “​ក្នុង​រយៈពេល​ដ៏​ខ្លី ប្រហែលជា​នៅ​សប្តាហ៍​នេះ លិខិត​មួយ​នឹងត្រូវ​ឆ្លើយតប​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គាត់​នៅតែ​ចចេស​ថា កិច្ចព្រមព្រៀង​ជាមួយ​ទីក្រុង​មូ​ស្គូ​មិនមែនជា​កិច្ចព្រមព្រៀង​មួយ​ដែល​ប្រទេស​ទួរគី​នឹងត្រូវ​ដើរចេញ​នោះទេ​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ទួរគី​លើ​យន្តហោះ​របស់លោក​វិលត្រឡប់​មកកាន់​ប្រទេស​ទួរគី​វិញ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​ប្រទេស​តាជី​គី​ស្ថាន​សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​, លោក Erdogan បាន​និយាយថា “​បញ្ហា​របស់​ប្រព័ន្ធ S-400 ត្រូវបាន​បញ្ចប់​ហើយ​។ មិនមាន​ការលំបាក​ទេ​”​។​

​លោក Erdogan បាន​បន្ថែមថា “​ប្រសិនបើ​ឥឡូវនេះ យើង​លេប​ពាក្យសំដី​របស់​យើង​នោះ វា​នឹងមិន​អនុលោម​ទៅតាម​លក្ខណៈ​នៃ​រដ្ឋ​របស់​យើង​ទេ​ហើយ​វា​ក៏​មិន​សម​ឋានៈ​របស់ខ្ញុំ​ជា​រដ្ឋបុរស​ដែរ​”៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114