ព័ត៍មានទាន់​ហេតុការណ៏
Search

ឪពុក​អង្វរករ​ទាំង​ទឹកភ្នែក​ឲ្យ​ជួយ​រក​កូនប្រុស​ដែល​បាត់​ខ្លួន​ក្នុងប្រទេស អូស្ត្រាលី

ឪពុក​របស់​អ្នកទេសចរ​ជនជាតិ​ប៊ែ​ល​ហ្សិ​ក​អាយុ​១៨​ឆ្នាំ​ម្នាក់​ បានធ្វើ​ការអំពាវនាវ​ទាំង​ក្តុកក្តួល​ចិត្ត​សុំ​ជំនួយ​ឲ្យ​រក​កូនប្រុស​របស់គាត់​ ខណៈដែល​ប៉ូលិស​អូស្ត្រាលី​បាន​សារភាពថា ពួកគេ​ទាល់គំនិត​អំពី​ការបាត់​ខ្លួន​របស់គាត់​ពី​ទីប្រជុំជន​មួយ​។​

​លោក Theo Hayez ត្រូវបាន​គេ​ឃើញ​លើកចុងក្រោយ​បំផុត​កាលពី​ថ្ងៃទី​៣១​ខែឧសភា​នៅ​សណ្ឋាគារ​មួយ​ក្នុង​តំបន់ឆ្នេរ Byron Bay ដែល​ស្ថិតនៅ​ចម្ងាយ​៧៥០​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង​ស៊ីដនី​។​

​ប៉ូលិស​រដ្ឋ New South Wales ត្រូវបាន​គេ​ជូនដំណឹង​អំពី​ការបាត់​ខ្លួន​របស់គាត់​នៅ​ថ្ងៃទី​៦​ខែមិថុនា​បន្ទាប់ពី​គាត់​មិនបាន​ត្រលប់​ទៅ​សណ្ឋាគារ​វិញ​។​

​ឪពុក Laurent Hayez បាន​និយាយថា “​ខ្ញុំ​បាន​សន្យា​ដល់​ប្អូនប្រុស​របស់ Theo ឈ្មោះ Lucas ថា ខ្ញុំ​នឹង​នាំ​បងប្រុស​របស់គាត់​ត្រលប់មក​ផ្ទះ​វិញ​។ សូមជួយ​ខ្ញុំ​ឲ្យ​រក្សា​ពាក្យសន្យា​នេះ​ចំពោះ​គាត់​បាន​ផង​”​។​

​ទន្ទឹមនឹង​នេះដែរ អគ្គមេបញ្ជាការ​ប៉ូលិស​លោក David Roptell បានប្រកាស​ពី​ការបញ្ចេញ​វីដេអូ​របស់​ក្មេង​ជំទង់​រូបនេះ​ដែល​កំពុង​ទិញ​គ្រឿង​ស្រវឹង​នៅ​ហាង​មួយ​កាលពី​ថ្ងៃទី​៣១​ខែឧសភា​ក្នុង​ក្តីសង្ឃឹម​ថា​វា​នឹងធ្វើ​ឲ្យ​មនុស្ស​ជួយ​ស្វែងរក​គាត់​។​

​លោក Roptell បាន​និយាយថា “​សង្ឃឹមថា ប្រសិនបើ​មាន​មនុស្ស​នៅ​តំបន់​នេះ​នៅពេលនោះ ពួកគេ​ប្រហែលជា​ស្គាល់​ឬ​មាន​ព័ត៌មាន​ដែល​ឈានទៅដល់​ការបាត់​ខ្លួន​របស់ Theo Hayez​។ ប៉ូលិស​ឃាតកម្ម​គឺជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​”​។​

​លោក Hayez ត្រូវបាន​គេ​ជឿថា​បាន​ប្រើ​កម្មវិធី​ផ្ញើ​សារ WhatsApp នៅ​យប់​ដែល​គាត់​បាត់​ខ្លួន​ហើយ​ឪពុក​របស់គាត់​បានធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​ដើម្បី​ជួប​ប៉ូលិស​។​

​លិខិតឆ្លងដែន​និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់លោក Hayez ត្រូវបាន​ទុកចោល​នៅ​សណ្ឋាគារ​ហើយ​ប៉ូលិស​ជឿថា គាត់​មិនបាន​ធ្វើការ​ផ្ទេរប្រាក់​ណា​មួយ​ទេ​ចាប់តាំងពី​ការបាត់​ខ្លួន​របស់គាត់​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114