ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ហើយ​មុខសញ្ញា​ជួញដូរ​ ដែល​មាន​ពាក់​ក្រវិល​ម្ខាង​នៅ​តំបន់​បឹង​កក់

ភ្នំពេញ ​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ ដែល​កម្លាំង​សមត្ថកិច្ច​ចំណាំ​ថា​ជនសង្ស័យ​រូបនោះ​មាន​ពាក់​ក្រវិល​ម្ខាង ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ ចាប់​បាន​ហើយ ​ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​ព្រមទាំង​ដកហូត​ថ្នាំញៀន​ជា​វត្ថុ​តាង​ផង​ដែរ។

ដោយ​អនុលោម​តាម​បទបញ្ជា​របស់​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​ជាប់​ជាប្រចាំ​ចំពោះ​មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ជាក់ស្តែង​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​១៥​នាទី ក្រោយពី​កំណត់​បាន​មុខសញ្ញា និង​ទីតាំង​ប្រព្រឹត្ត​សកម្មភាព​រួចមក សមត្ថកិច្ច​យើង​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ចំពោះមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ប្រចាំ​តំបន់ ដែល​កំពុង​ធ្វើ​សកម្មភាព​ចរាចរណ៍​គ្រឿងញៀន ស្ថិតនៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ លី ផាន់​និ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។​

មន្ត្រីនគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះចក​បាន​ឲ្យ​ដឹងថា ​ចំពោះ​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ទី​១/​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១០​កញ្ចប់​(​មួយ​កញ្ចប់​ធំ និង​ប្រាំបួន​កញ្ចប់​តូច​)​ទី​២/​បំពង់​ជ័រ ពណ៌​លឿង​មួយ សម្រាប់​ចូក​គ្រឿងញៀន​ ទី​៣/​កូន​ថង់​ប្លាស្ទិក​​មួយ​ចំនួន​។​

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​ជនសង្ស័យ​រូបនោះ​គឺ​កម្លាំង​ជំនាញ​នគរបាល​ខណ្ឌ​និង​ប៉ុស្តិ៍ ​បាន​សហការ​គ្នា តាម​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ ជួញដូរ​ ដែល​ជនសង្ស័យ​រូប​នោះ ​ត្រូវ​បាន​កម្លាំង​កំណត់​ឃើញ​ថា ​ជា​មុខសញ្ញា​ជួញដូរ​យ៉ាងសកម្ម​ដែល​​មាន​ពាក់​ក្រវិល​ម្ខាង​ផង​នោះ​ ទើប​នៅ​ថ្ងៃ​កើតហេតុ​នេះ ​កម្លាំង​ចុះ​ក្របួច​បាន ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ដូចខាងលើ​ផងដែរ​។​

សមត្ថកិច្ច​បញ្ជាក់ទៀតថា កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ៕

ដោយ ៖ ​រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114