ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ​ ចន្ទ្រា បាត់បង់​ឱកាស​យក​ខ្សែក្រវាត់ ខណៈ​ថៃ​ទាំងពីរ​ឡើង​ជួប​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ

ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​CARABAO​ ទម្ងន់​៦៧​គីឡូក្រាម បាន​ឈាន​មកដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១៦​ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ប៉ុន្តែ​អ្វីដែល​គួរឲ្យ​សោកស្តាយ​បំផុត​នោះ គឺ​អវត្តមាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ដែល​ជា​ក្តីសង្ឃឹម​របស់​កម្ពុជា​ក្នុង​ការយក​ខ្សែក្រវាត់​នោះ គឺ​ឡៅ ចន្ទ្រា ដែល​គេ​ពុំបាន​ចូលរួម​ដោយសារ​តែ​មាន​ជំងឺ​ក្តៅខ្លួន​ខ្លាំង ។

​ការ​អវត្តមាន ឡៅ ចន្ទ្រា លេខ​១​ពូ​ល​A(​ពូ​ល​ខ្មែរ​) ដែល​ត្រូវ​ជួប​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​នេះ បានធ្វើឲ្យ​ដៃគូ​របស់​គេ​គឺ អ្នក​ប្រដាល់​ថៃ គ្រៀង ក្រៃ (Kreng Krai Tor.Silachai) លេខ​២​ពូ​ល​B(​ពូ​ល​ថៃ​) នោះ បានឈ្នះ​ដោយ​ស្វ័យប្រវត្តិ និង​បាន​ឡើងទៅ​ឈរ​ចាំ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ។ ឯ​ចន្ទ្រា បាន​ត្រឹម​សម្លឹង​ឃើញ​ចំណាត់ថ្នាក់​លេខ​៣​ប៉ុណ្ណោះ។​

​អ្នក​ប្រដាល់​ថៃ គ្រៀង ក្រៃ ទោះបីជា​បានឈ្នះ​ស្វ័យប្រវត្តិ​ហើយ​ក្តី តែ​ត្រូវ​អ្នក​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាល​ក្ខ​ណះ​មិត្តភាព ជាមួយ មឿ​ន សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ផងដែរ។ ការប្រកួត​មិន​បាន​២​ទឹក​ផង មឿ​ន សុខ​ហ៊ុ​ច​ ក៏ត្រូវ​គ្រៀង ក្រៃ វាយ​ឲ្យ​សន្លប់​លើ​រេញ ដោយ​កែង​ឆ្វេង​របស់​គ្រៀង ក្រៃ។​

​ចំពោះ ការប្រកួត​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​មួយគូ​អ្នក​ប្រដាល់ ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា លេខ​២​ពូ​ល​A(​ខ្មែរ​) ជួប​អ្នក​ប្រដាល់​ថៃ​ក្លា​ឃុន​សឹក ( Klakhunserk Chompeatour) លេខ ១​ពូ​ល​B(​ពូ​ល​ថៃ )​។​

​ពុទ្ធ ឆាយ​រិទ្ធី វាយ​ចាញ់​ពិន្ទុ ក្លា​ឃុន​សឹក ដាច់​តែម្តង ក្រោយពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ​។​ ពុទ្ធ ឆាយ​រិទ្ធី ចាញ់ ក្លា​ឃុន​សឹក ក៏ត្រូវ​ទៅ​ជួប​ជាមួយ​ឡៅ ចន្ទ្រា ដើម្បី​វាយ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣។

​ចំណែក អ្នក​ប្រដាល់​ថៃ​ក្លា​ឃុន​សឹក​គេ​ត្រូវ​ឡើងទៅ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដូចគ្នា គឺ​គ្រៀង ក្រៃ ដើម្បី​វាយ​ដណ្តើម​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៧​គីឡូក្រាម។​

​សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ រឿន សុខលី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ព​ជើងគោក បាន​វាយ​ឈ្នះ​សយ សុខ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ ឯ សំណាង ចាន់​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ បាន​ផ្ដួល ពេជ្រ អា​សី អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១។

​ម៉ឺន មេ​ឃា និង យ៉េន ឌី​ណា ឈ្នះ​ថៃ​ដោយ​ពិន្ទុ​ដូចគ្នា នៅ​សង្វៀន​វ៉ើ​ក​បាយ័ន​ស្ទឹងមានជ័យ​

​ម៉ឺន មេ​ឃា អ្នក​ប្រដាល់​កម្ពុជា​ក្លិប​អេ​ភូ​ថង​កីឡា និង យ៉េន ឌី​ណា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ដូចគ្នា នៅក្នុង​ការជួប​ប្រកួត​គ្នា​នៅលើ​សង្វៀន​Wurkz របស់​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៩។

​អ្នក​ប្រដាល់​វ័យក្មេង​កម្ពុជា ម៉ឺន មេ​ឃា គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​ឈ្មោះ​រិ​ទ្ធ អៃរ៉ា (Rithiara Luk muengpet ch)​ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​គ្នា​ទម្ងន់​៦០​គ​.​ក្រ។

​​ចំពោះ យ៉េន ឌី​ណា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងកសិកម្ម គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ ហា​ឆ្លាម ស៊ីត ភូ​ផេ​ន​ទូ (Ha Chhlam Site.Phuphentou) ដោយ​ពិន្ទុ​ដែរ បន្ទាប់ពី​វាយ​ប្រាំ​ទឹក​ពេញ​នោះ។​ ពួកគេ​ទាំងពីរ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គ​.​ក្រ។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ជ័រ ពៅ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដែល​ត្រូវ​ប្រកួត​ជាមួយ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នោះ បាន​ត្រូវ​សុវណ្ណ​ទាត់​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ធ្វើ​ឲ្យ​ជ័រ ពៅ បាត់បង់​ប្រាក់​លាន​ត្រឹមនេះ ឯ​សុខ សុវណ្ណ​ គេ​នៅ​បន្ត​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ទៀត៕​

ដោយ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114