ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុង​អ៊ី​ស្តង់​ប៊ុល​ រៀបចំ​ការ​ជជែក​ដេញដោល​តាម​ទូរទស្សន៍​ជា​លើកដំបូង​ក្នុងការ​ប្រកួតប្រជែង​សម្រាប់​តំណែង​អភិបាលក្រុង​ចាប់តាំងពី​ឆ្នាំ​២០០២

បេក្ខជន​តំណែង​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល​បាន​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​ការជជែក​ដេញដោល​តាម​ទូរទស្សន៍​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​នេះ​ជា​លើកដំបូង​លើក​ចាប់តាំងពី​គណបក្ស​របស់លោក​ប្រធានាធិបតី Recep Tayyip Erdogan បាន​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០០២​។​

​លោក Binali Yildirim នៃ​គណបក្ស​យុត្តិធម៌​និង​អភិវឌ្ឍន៍ (AKP) កំពុងកាន់​តំណែង​ដែលជា​អ្នក​ស្មោះត្រង់​នឹង​លោក Erdogan និង​ជា​អតីត​នាយករដ្ឋមន្ត្រី​គឺ​ត្រូវ​តទល់​ជាមួយ​លោក Ekrem Imamoglu ដែលជា​បេក្ខជន​នៃ​គណបក្សប្រឆាំង​គឺ​គណបក្ស​សាធារណរដ្ឋ​ប្រជាមានិត (CHP) ពោលគឺ​មួយ​សប្តាហ៍​មុន​ការបោះឆ្នោត​ជាថ្មី​នៅ​ថ្ងៃទី​២៣​ខែមិថុនា​។​

​គណបក្ស AKP បានទទួល​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុងការ​បោះឆ្នោត​មូលដ្ឋាន​កាលពី​ថ្ងៃទី​៣១​ខែមីនា​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​និង​អង់កា​រ៉ា​បន្ទាប់ពី​គណបក្ស​និង​អ្នក​កាន់តំណែង​មុន​បាន​កាន់កាប់​ទីក្រុង​ទាំងពីរ​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មកម្ល៉េះ​។​

​លោក Imamoglu ដែលជា​អតីត​ចៅហ្វាយស្រុក​បានឈ្នះ​សំឡេង​ប្រហែល​១៣,០០០​លើ​លោក Yildirim​។​

​ប៉ុន្តែ​ស្ថាប័ន​បោះឆ្នោត​កំពូល​របស់​ប្រទេស​ទួរគី​បាន​បញ្ជា​ឲ្យ​មានការ​រៀបចំ​ឡើងវិញ​នៃ​ការបោះឆ្នោត​ក្រុង​អ៊ី​ស្តង់​ប៊ុល​បន្ទាប់ពី​មានការ​ជំទាស់​ពី​គណបក្ស AKP ដែល​បាន​អះអាងថា មាន​សន្លឹកឆ្នោត​គួរ​ឲ្យ​សង្ស័យ​និង​ភាពមិនប្រក្រតី​។​

​លោក Yildirim នៃ​គណបក្ស AKP បាន​និយាយ​អំឡុង​ការជជែក​ដេញដោល​ថា “​ការបោះឆ្នោត​ត្រូវបាន​គេ​លួច​ពី​គាត់​”​។ ប៉ុន្តែ​លោក Imamoglu បាន​អះអាងថា គាត់​គឺជា​ចៅហ្វាយក្រុង​ដែល​ជាប់ឆ្នោត​។​

​ការជជែក​វែកញែក​នេះ​គឺជា​លើកទីមួយ​ហើយ​ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០០២​មក​នៅពេលដែល​លោក Erdogan និង​អតីត​មេដឹកនាំ​គណបក្ស CHP លោក Deniz Baykal បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ​មុន​ការបោះឆ្នោត​សកល​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​នោះ​។​

​គួរ​បញ្ជាក់ថា ការពិភាក្សា​ដេញដោល​នេះ​បានអូសបន្លាយ​ពេល​ជិត​បី​ម៉ោង​ហើយ​ត្រូវបាន​ផ្សាយ​ផ្ទាល់​នៅលើ​ប៉ុស្តិ៍​ព័ត៌មាន​ធំៗ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114