ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស​កម្ពុជា​៤​រូប ​ឈ្នះ​មេដាយ​សំរឹទ្ធ​៧​គ្រឿងក្នុង​ការប្រកួត​ជែង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​អាស៊ាន​បូក​បី​នៅ​ប្រទេស​ថៃ

ភ្នំពេញ ​៖ ​សិស្ស​កម្ពុជា ចំនួន​៤​រូប ​ទទួល​បាន​មេដាយ​សំរឹទ្ធ​៧​គ្រឿង ក្នុង​ការ​ប្រកួត​ជែង​អ្នកវិទ្យាសាស្ត្រ​វ័យ​ក្មេង​អាស៊ាន​បូក​បី​លើក​ទី​៨​នៅ​ប្រទេស​ថៃ​ដោយមាន​បេក្ខជន ចូលរួម​ប្រកួត​ចំនួន​៨០​នាក់​មកពី​បណ្ដា​ប្រទេស​អាស៊ាន ប្រទេស​កូរ៉េ ចិន និង​ស៊ុយអែត។

លោក​អ៊ឹង​ង៉ោ​ហុក ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប្រឡង​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា ក្រសួង​ បាន​បញ្ជូន​គ្រូដឹកនាំ​២​រូប អ្នកសង្កេតការណ៍ ២​រូប និង​បេក្ខជន ៥​រូប ទៅ​ចូលរួម​ក្នុងការ​ប្រកួត​ជែង អ្នកវិទ្យាសាស្ត្រ​វ័យក្មេង ក្នុង​អាស៊ាន​បូក​បី លើក​ទី​៨ (8* ASEAN Plus Three Junior Science Odyssey. APT JSO) សម្រាប់​សិស្ស ដែលមាន​អាយុ​ពី​១៣​ឆ្នាំ ដល់​១៥​ឆ្នាំ ក្រោម​ប្រធានបទ «​តួនាទី​របស់​យុវជន​ក្នុង​ការ​នាំយក​វិទ្យាសាស្ត្រ ​ដើម្បី​គោលដៅ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​»។

លោក​បាន​បន្តថា​ ការប្រកួតប្រជែង​នេះ ​មាន​បេក្ខជន ចូលរួម​ចំនួន​៨០​នាក់ មកពី​បណ្តា​ប្រទេស​អាស៊ាន ប្រទេស​កូរ៉េ ចិន និង​ស៊ុយអែត និង​បាន​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ខេត្ត​ប៉ាក់​ធុម​ថា​នី ប្រទេស​ថៃ​។​

​លោក​បាន​បន្ថែមថា​ ជា​លទ្ធផល សិស្ស​កម្ពុជា​៤​រូប ទទួល​បាន​មេដាយ​សំរឹទ្ធ ៧​គ្រឿង ដូច​រាយ​នាម​ខាងក្រោម​១៖ យុវ​សិស្ស ផន ស៊ី​ភាវ ភេទ​ប្រុស វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ខេត្តកំពង់ឆ្នាំង ទទួលបាន​មេដាយ​សំរឹទ្ធ ២​គ្រឿង​២៖ យុវ​សិស្ស មួ​ច ថាវរៈ ភេទ​ប្រុស វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ខេត្តកំពង់ឆ្នាំង ទទួលបាន​មេដាយ​សំរឹទ្ធ ២ គ្រឿង​៣៖ យុវ​សិស្ស ចូ​វ យូ​អ៊ី ភេទ​ស្រី ទ្យា​ល័យ​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ទទួលបាន​មេដាយសំរិទ្ធ ២ គ្រឿង​៤៖ យុវ​សិស្ស ហ៊ូ ខេមរបុត្រ ភេទ​ប្រុស វិទ្យាល័យ​ដីដុះ ខេត្តកំពង់ចាម ទទួលបាន​មេដាយ​សំរឹទ្ធ ១ គ្រឿង​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា មេដាយ​ដែល​សិស្ស​ទទួល​បាន​នេះ​គឺ​ផ្អែកលើ​វិញ្ញាសា​ផ្សេងៗ​រួមមាន​វិញ្ញាសា​ទាក់ទិន​នឹង​ការស្រាវជ្រាវ​និង​ការធ្វើ​ពិសោធន៍​ជាក់ស្តែង​ដែល​កម្ពុជា​បាន​នាំ​យក​វិញ្ញាសា​ចំនួន​ពីរ​ចូលរួម​ប្រកួតប្រជែង​ក្នុងនោះ​មាន​វិញ្ញាសា​ទី​១​ទាក់​ទង​នឹង​​​ការ​សំអាត​បន្លែ​ដើម្បី​បង្ការ​ជំងឺ​មហារីក​ និង​ទី​២​វិញ្ញាសា​ការប្រើប្រាស់​ចរន្តអគ្គិសនី​ប្រកបដោយ​ប្រសិទ្ធភាព។

លោក​បាន​បញ្ជាក់​ថា ​នេះ​គឺជា​មោទនភាព​មួយ​ដែល​មាន​សិស្ស​ទទួល​បាន​មេដាយ​សំរិទ្ធ​យក​មក​ជូន​ជាតិ​មាតុភូមិ​ ហើយ​ស្នើ​ឲ្យ​បន្ត​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នៅ​លើ​ក​ក្រោយៗ​ទៀត​។​

​លោក សាស្ត្រាចារ្យ ជ័យ​ថា​វី គ្រូដឹកនាំ​សិស្ស​ចូលរួម​ប្រកួត​លើក​នេះ​បាន​មានប្រសាសន៍ថា​អ្វីដែល​សិស្ស​មានការ​ខ្វះខាត​គឺ​លើ​ផ្នែក​ភាសា​អង់គ្លេស​ការប្រឡង​នេះ​ក៏មាន​ពានរង្វាន់​ពិសេស​សម្រាប់​សិស្ស​ដែល​ពូកែ​និយាយ​ភាសា​អង់គ្លេស​ដែរ​។​ដូចនេះ​ប្អូនៗ​សិស្ស​ដែលមាន​បំណង​ចង់​ចូលរួម​ប្រកួត​លើក​ក្រោយ​ត្រូ​វ​ពង្រឹង​ភាសា​អង់គ្លេស​ឲ្យ​បាន​ខ្លាំង​ដើម្បី​ងាយស្រួល​ក្នុងការ​ឆ្លើយ​សំណួរ ឬ​បកស្រាយ​ប្រធានបទ​អ្វីមួយ​នៅក្នុង​ការប្រឡង​។​

​ប្អូន ផន ស៊ី​ភាវ ភេទ​ប្រុស វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ខេត្តកំពង់ឆ្នាំង​ដែល​ទទួលបាន​មេដាយសំរិទ្ធ​ចំនួន​២​គ្រឿង​បាន​និយាយ​ថា ​«​ខ្ញុំ​មានការ​រីករាយ​ខ្លាំង​ណាស់​ដែល​ទទួល​បាន​មេដាយសំរិទ្ធ​នេះ ហើយ​ខ្ញុំ​សន្យា​ថា​ នឹង​ខិតខំ​សិក្សា​រៀន​សូត្រ​បន្ថែម​ទៀត​ដើម្បី​ដណ្តើម​យក​មេដាយ​ឲ្យ​បាន​ច្រើន​ថែមទៀត​យកមក​ជួន​ជាតិ​មាតុភូមិ​»​។​

​ប្អូន​បាន​ណែនាំ​ដល់​សិស្ស​ត្រូវ​បង្កើន​ឬ​ពង្រឹង​ភាសា​អង់គ្លេស​ឲ្យ​បាន​ខ្លាំងក្លា​ព្រោះថា​ការ​ប្រឡង​កម្រិត​អន្តរជាតិ​ប្រើ​ភាសា​អង់គ្លេស​ទាំងអស់៕

ដោយ ៖ សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114