ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា គ្មាន​អ្នកណា​ហាមឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​នោះទេ ពីព្រោះ​គាត់​ជា​ខ្មែរ

ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា គ្មាន​អ្នកណា​ដែល​ហាមឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​នោះទេ ពីព្រោះ​លោក សម រង្ស៊ី ជា​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​បើ​មាន​ដីកា នោះ​វា​ជា​ការ​អនុវត្ត​ច្បាប់ ហើយ​ស្រុក​ណា​ក៏​គេ​ធ្វើ​បែប​នេះ​ដែរ​។

សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់​បែបនេះ នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង ក្រុមប្រឹក្សា​ខេត្តបាត់ដំបង អាណត្តិ​ទី​៣ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ និង​បន្ទាប់ពី​លោក សម រង្ស៊ី តែងតែ​ប្រកាសប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា នឹង​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ ហើយ​ថ្មីៗ​នេះ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ បានសម្រេច​តែងតាំង​លោក អ៊ូ ច័ន្ទ​រិ​ទ្ធិ ជា​អ្នកនាំពាក្យ​របស់​គណៈកម្មការ​មួយ ដែល​គេ​បាន​ឲ្យ​ឈ្មោះថា “​គណៈកម្មការ​រៀបចំ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​” ហើយ​លោកស្រី មូរ សុខ​ហួរ បាន​អះអាង​ថា លោក សម រង្ស៊ី អាច​នឹង​មកវិញ​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ​។

សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​យ៉ាងនេះ​ថា “​កន្លងទៅ​យើង​ហូប​នំ​បញ្ចុក ហូប​នំ​បញ្ចុក​យើង​ហូប​សាមគ្គី​ធម្មតា​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​យើង​ចាប់​អារ​ម្ម​ណ៍ គឺ​ធាតុពិត​នៃ​ការហូប​នំ​បញ្ចុក​ជាការ​ប្រជុំ​នយោបាយ ប្រជុំ​នយោបាយ​ចែក​ជា​ពីរ ខ្ញុំ​ធ្លាប់បាន​និយាយ​ហើយ​ថា បើ​ប្រជុំ​ដើម្បី​ត្រៀម​រៀបចំ​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​នោះ គឺជា​ការត្រឹមត្រូវ ដែល​យើង​ត្រូវ​លើកទឹកចិត្ត ហើយ​បើ​រារាំង​ខុសច្បាប់ ប៉ុន្តែ​បើ​ប្រជុំ​ដើម្បី​បំបះបំបោរ ប្រឆាំង ឬ​ផ្តួល​រំលំ អាហ្នឹង​ខុស អាហ្នឹង​ខុស ! ហើយ​កាលពី​ម្សិលមិញ​ម្សិលម្ង៉ៃ (​សម រង្ស៊ី​) ប្រកាស​ថា នឹង​ចូល​ស្រុក​ចូល​អី​។ ខ្ញុំ​ថា គ្មាន​ពី​ណា​ហាមឃាត់ ចូលមក មែន​ទេ ? បើ​ថា​ចង់​ចូល ចូលមក ចុះ​ពី​ណា​ហាមឃាត់​ទេ​។ គ្រាន់​ថា បើសិន​ជា​មាន​ដីកា​អីហ្នឹង អាហ្នឹង​អនុវត្តតាម​ហ្នឹង​ទៀត ប៉ុន្ដែ​ថា ចាំបាច់​សុំច្បាប់​ចូល​ស្រុក​ធ្វើ​អី ព្រោះ​គាត់​ជា​ខ្មែរ ចាំបាច់​សុំច្បាប់ ! ឲ្យ​គាត់​ចូល​មក អាហ្នឹង​រឿង​របស់គាត់​តើ​”​។

សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់​ទៀត​ថា “​មាន​អ្នកវិភាគ ព្រឹក​មិញ​ខ្ញុំ​ស្តាប់​នៅលើ​យន្តហោះ ថា​អានេះ​គ្រាន់តែ​ចិត្តសាស្ត្រ ចិត្តសាស្ត្រ ដើម្បី​ចិញ្ចឹម​សេចក្តី​សង្ឃឹម អាហ្នឹង​ចឹ​ង​។ អីចឹង​នាំ​ឲ្យ​យើង​គិតថា​អញ្ចេះ គិតថា ការ​ពង្រឹង​សុខ​សន្តិភាព ស្ថេរភាព​នយោបាយ​នេះ គឺជា​កិច្ចការ​អាទិភាព និយាយ​អីចឹង មិនមែន​មាន​ថា យើង​ទៅ​ប្រើ​អំពើ​ហិង្សា វាយដំច្រំធាក់ ដើម្បី​បាន​សុខ​សន្តិភាព មិនមែន​ទេ មិនមែន​ចង់​និយាយ​ចឹ​ង​ទេ ក៏ប៉ុន្តែ​យើង​មានច្បាប់ អនុវត្ត​ច្បាប់ តាមច្បាប់​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ ស្រុក​ណា​ក៏ដូចជា​គ្នា​ដែរ​”​។

ជាមួយគ្នា​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​អាជ្ញាធរ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង កុំ​ឲ្យ​ចូលរួម​នៅក្នុង​ល្បែង​នយោបាយ​ដ៏​គ្រោះថ្នាក់​នេះ ដែល​នឹង​អាច​នាំ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សាជាថ្មី​។ សម្តេច​បញ្ជាក់​ថា “​បន្ត​ផ្សព្វផ្សាយ​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ អ្នកខ្លះ​ដែល​គាត់​មិនទាន់​បានដឹង បាន​យល់​ពី​បញ្ហា​ហ្នឹង តាមពិត​គេ​បបួល​ទៅ​បាន​អី ទីបំផុត​ទៅ​នាំ​ឲ្យ​ប្រទេស​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​សាជាថ្មី មិន​ដឹង​ថា ឱ​កា​សណា​យើង​ស្តា​រួច គឺ​គ្មាន​ឱ​កាស​ស្តា​រួច​ទេ​”​។

គួរ​រំលឹក​ថា លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ហ៊ុមព័ទ្ធ​ដោយ​បណ្តឹង​យ៉ាងច្រើន​នោះ តែងតែ​ប្រកាស​ក្តែ​ងៗ​ថា នឹង​វិល​ត្រឡប់​មក​ប្រទេស​ស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ ចំណែក​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស បាន​ប្រកាស​ពី​ការរៀបចំ​កម្លាំង​ត្រៀម​ទទួល​លោក សម រង្ស៊ី ចូល​ស្រុក​វិញ​ផង​ដែរ តែ​រាជរដ្ឋាភិបាល ក៏បាន​ប្រកាស​ពី​វិធានការ​ច្បាប់​សម្រាប់​លើ​លោក​សម រង្ស៊ី ផងដែរ​។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា ការ​ចាកចេញ​ពី​កម្ពុជា និង​ការ​ត្រឡប់មកវិញ​របស់​លោក​សម រង្ស៊ី គឺជា​ជម្រើស​ផ្ទាល់ខ្លួន និង​មាន​ចរិត​ជា​ឯកជន​របស់​បុគ្គល​សុទ្ធសាធ ដូច្នេះ​ការប្រើប្រាស់​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី តាមរយៈ​ណាក៏ដោយ ដើម្បី​បង្កើត​ជា​រូបភាព​នយោបាយ​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​គណបក្ស ដែល​ត្រូវ​បាន​រំលាយ​ចោល​ត្រូវ​បាន​ចាត់ទុកជា​អំពើ​ប្រឆាំង​នឹង​អំណាចតុលាការ​ដែល​ច្បាប់​បានកំណត់ និង​ហាមប្រាម​។

សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា នៅតែ​រក្សា​និង​គោរព​អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​នៃ​ការបែងចែក​អំណាច​ដាច់ដោយឡែក​ពី​គ្នា​រវាង​អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ ក៏ដូចជា​អំណាច​នីតិប្បញ្ញត្តិ​ផង​ដែរ​។ នៅក្នុង​បរិការណ៍​នេះ បើ​មានការ​ស្នើសុំ​ណាមួយ​ពី​តុលាការ រាជរដ្ឋាភិបាល​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​ចាត់វិធានការ​អនុវត្ត​តាម​អំណាច​ផ្លូវច្បាប់​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114