ព័ត៍មានទាន់​ហេតុការណ៏
Search

សង្គម​ស៊ីវិល​ប្រទេស​ចិន បន្ត​ពិនិត្យ​តាមដាន​សុខភាព​បេះដូង​ជូន​ដល់​កុមារ​ចំនួន​១៣​រូប​ មកពី​ខេត្ត​រតនគិរី ​ដែល​រកឃើញថា​មាន​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​

ភ្នំពេញ ​៖ នៅ​ស្នាក់ការ​អង្គការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឥរិយាបថ​ និង​សុខភាព​សិក្សា YUNDI កាលពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​បានរៀបចំ​កម្មវិធី​ពិនិត្យ​តាមដាន​សុខភាព​បេះដូង​ជូន​ដល់​កុមារ​ចំនួន​១៣​រូប​មកពី​ខេត្តរតនគិរី​ដែល​រកឃើញថា​មាន​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​។​

​លោក​វេជ្ជបណ្ឌិត ណុ​ម សត្យា​រស្មី ជំនាញ​ឯកទេស​អេកូ​សាស្ត្រ បាន​ថ្លែង​បញ្ជាក់ថា កុមារ​ទាំងនេះ​ពិតជា​មានសំណាង​យ៉ាងខ្លាំង​ដែល​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ពី​អង្គការ​YUNDI ក្នុង​បេសកកម្ម​របស់ខ្លួន​នៅ​កម្ពុជា​ជួយ​ដល់​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង​ចំហ​ពី​កំណើត ហើយ​លោក​ក៏​រីករាយ​ក្នុងការ​ចូលរួម​ជា​ចំណែក​មួយ​លើ​ការតាមដាន​សុខភាព​ជូន​ដល់​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​នេះ ជាពិសេស​ថ្ងៃនេះ​បាន​ពិនិត្យ​ជូន​កុមា​រទាំង​១៣​រូប​មកពី​ខេត្តរតនគិរី ដែល​នេះ​ជាការ​ចូលរួមចំណែក​ដ​ល់​ការកាត់បន្ថយ​អត្រា​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង​តាមរយៈ​ការវះកាត់​និង​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន ប្រទេស​ចិន​។

​លោក ឡ ជឺ (LUO ZHI) ប្រធាន​អង្គការ​YUNDI បាន​សាទរ​នឹង​សមិទ្ធផល​ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន​ដែល​បានរួម​កម្លាំង​គ្នា​ក្នុង​កិច្ចសហការ​ដើម្បី​បង្កើន​កម្លាំង​មនុស្សធម៌​ជួយ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជាការ​រួមចំណែក​បង្កើន​នូវ​ទំនាក់​ទំនងជា​មេត្រីភាព​រវាង​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំងពីរ កម្ពុជា​និង​ចិន ព្រមទាំង​ជាការ​ពន្លាត​នូវ​ស្មារតី​នៃ​ការតភ្ជាប់​ដួងចិត្ត​រវាង​ប្រជាជន​ចិន​និង​ប្រជាជន​កម្ពុជា​តាមរយៈ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់ ​និង​ផ្លូវ​ទៀតផង​។

​លោក​វេជ្ជបណ្ឌិត សុខា ដា​រ៉ា​ពិសិដ្ឋ ប្រធាន​ផ្នែក​បច្ចេកទេស មន្ទីរពេទ្យបង្អែក​ស្រុក​បរ​កែវ ខេត្ត​រតនគិរី​បាន​កោតសរសើរ​ចំពោះ​ការយកចិត្តទុកដាក់​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​រប​ស់​អង្គការ​YUNDI ដែលជា​សង្គម​ស៊ីវិល​មួយ​របស់​ប្រទេស​ចិន ដែលជា​និច្ចកាល​បាន​ជួយ​បណ្តុះបណ្តាល​ក្រុមគ្រូពេទ្យ​ដើម្បី​ចុះ​ពិនិត្យ​សុខភាព​តាំង​ពីមុន​រហូតដល់​ក្រោយ​ការវះកាត់​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង​ចំហ​នៅ​ទូទាំងប្រទេស​កម្ពុជា​និយាយ​រួម នៅក្នុង​ខេត្ត​រតនគីរី​និយាយ​ដោយឡែក​។

​លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​បាន​គូសបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៧​មក អង្គការ​YUNDI និង​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​បាន​រួមគ្នា​ចុះ​ពិនិត្យ​សុខភាព​ជូន​កុមារ​ចំនួន​១៣១៤៧​រូប​នៅក្នុង​ខេត្តបាត់ដំបង កុមារ​ចំនួន​៦០២៨​រូប​នៅក្នុង​សាលាបឋមសិក្សា​ក្នុងស្រុក​បាទី កុមារ​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ចំនួន​២០៣៤​រូប និង​កុមារ​ចំនួន​៦០៣៦​រូប​នៅក្នុង​ខេត្តរតនគិរី ហើយ​ជា​លទ្ធផល​កុមារ​ចំនួន​៣១​រូប​ត្រូវបាន​អង្គការ YUNDI បាន​បញ្ជូន​ទៅធ្វើ​ការវះកាត់​និង​ព្យាបាល​ដោយ​ជោគជ័យ​និង​វិលត្រឡប់​មកដល់​មាតុភូមិ​វិញ ដោយ​រាល់​ការចំណាយ​ទាំងអស់​រួមទាំង​លិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រ​យន្តហោះ ការ​ស្នាក់នៅ ការ​ហូបចុក និង​ការចំណាយ​ដទៃទៀត​ទាំង​មុនពេល ទាំង​ក្នុងពេល និង​ទាំង​ក្រោយពេល​វះកាត់​និង​ព្យាបាល​ជា​បន្ទុក​របស់​អង្គការ​YUNDI ហើយ​កុមារ​សរុប​ចំនួន​៥​រូប​ដែល​ក្នុងនោះ​ចំនួន​២​រូប​មកពី​ខេត្តកំពង់ឆ្នាំង ​និង​៣​រូប​មកពី​ខេត្ត​រតនគិរី គ្រោង​នឹង​បញ្ជូន​ទៅ​វះកាត់​និង​ព្យាបាល​នៅ​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០១៩៕

​ដោយ ៖ ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114