ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ វេជ្ជបណ្ឌិត ហម ឡុង ម្ចាស់​បន្ទប់ ពិគ្រោះ ព្យាបាល​ជំងឺ បើសិន​នៅតែ​បន្ត ទទួល​អ្នក​ជំងឺ​ឲ្យ​ដេក​ព្យាបាល​លើស​២៤​ម៉ោង​ទៀត​

​ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១៧​មិថុនា បានចេញ​លិខិត​ព្រមាន​ទៅ លោក​វេជ្ជបណ្ឌិត ហម ឡុង ម្ចាស់​បន្ទប់ ពិគ្រោះ ព្យាបាល​ជំងឺ ​ឈ្មោះ ​ហម ឡុង ដែល​មាន​ទីតាំង ផ្ទះ​លេខ ៩Eo​ ផ្លូវ​១៤០ សង្កាត់ មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ឲ្យ​បញ្ឈប់ ទទួល អ្នក​ជំងឺ​ឲ្យ​ដេក​ព្យាបាល​លើស​២៤​ម៉ោង​ទៀត បើ​ពុំ​នោះទេ ​ក្រសួង​នឹង​បិទ​ចោល ព្រមទាំង​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។​

ការចេញលិខិត​ព្រមាន​របស់ លោក​ក្រសួងសុខាភិបាល បាន​ធ្វើឡើង​ក្រោយពី​បែក​រឿងអាស្រូវ បន្ទប់ ពិគ្រោះ ព្យាបាល​ជំងឺ យីហោ ហម ឡុង ទទួល​ឲ្យ​ក្មេង​ពីរ​នាក់ ដេក​ព្យាបាល អស់​រយៈពេល​៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់​១៤​មិថុនា ដោយ​ទារ​ថ្លៃ​សេវា ចំនួន​៥.២០០​ដុល្លារ ករណីនេះ​បាន​ធ្វើ​ឲ្យ ក្រុម​គ្រួសារ​អ្នក​ជំងឺ​មិន​សប្បាយ​ចិត្តបាន​បង្ហោះ​សារ​រិះគន់ ព្រោងព្រាត​តាម​បណ្ដាញ​សង្គម ទើប​ដឹង​ឮ​ដល់ ក្រសួង​ចេញ​លិខិត​ព្រមាន​នេះ​តែម្តង​។​

យោងតាម​លិខិត​ព្រមាន ចុះ​ថ្ងៃ​ទី​១៧​មិថុនា របស់​ក្រសួងសុខាភិបាល បាន​ព្រមាន​ លោក វេជ្ជ​បណ្ឌិត ហម ឡុង ម្ចាស់​បន្ទប់ ពិគ្រោះ ព្យាបាល​ជំងឺ​ឈ្មោះ ​ហម ឡុង ដែល​មាន​ទីតាំង ផ្ទះ​លេខ ៩Eo​ផ្លូវ​១៤០ សង្កាត់ មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែល​បាន​ទទួល​ឲ្យ​អ្នក​ជំងឺ​គ្រុនឈាម ដេក​សម្រាក​ព្យាបាល​ចំនួន​៩​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៥ ដល់​១៤​មិថុនា ករណីនេះ​គឺ​ខុស​ទៅ​នឹង​លិខិត អនុញ្ញាត​របស់​ក្រសួង ឲ្យ​បើក​បន្ទប់​ពិគ្រោះ ព្យាបាល​ជំងឺ​ទូទៅ ដែល​ជា​ប្រភេទ​សេវា មិន​អនុញ្ញាត​ឲ្យ​មាន​គ្រែ​សម្រាប់​អ្នក​ជំងឺ​ដេក សម្រាក​ព្យាបាល លើស​២៤​ម៉ោង​ឡើយ។​

លិខិត​ព្រមាន​នោះ ក្រសួង​បាន​ឲ្យ​លោក វេជ្ជបណ្ឌិត ហម ឡុង ត្រូវគោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន នូវ​លិខិត បទដ្ឋាន​គតិយុត្តិ​របស់​ក្រសួង សុខាភិបាល ដោយ​ស្មារតី​ទទួលខុសត្រូវ ខ្ពស់​បំផុត និង​មិន​ត្រូវ​ឲ្យ​មាន ករណីនេះ កើតមាន​ទៀតឡើយ។​ ក្នុង​ករណី​មិន​គោរព​តាម​ការណែនាំ ក្រសួង សុខាភិបាល នឹង​បិទ​បន្ទប់ បន្ទប់​ពិគ្រោះ ព្យាបាល​ជំងឺ​ ឈ្មោះ​ ហម ឡុង ព្រមទាំង​ឲ្យ លោក​វេជ្ជបណ្ឌិត ហម ឡុង ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

សូម​រំលឹក​ថា ប្រជាពលរដ្ឋ មកពី​ភូមិ​ពាន​ភ្លើង ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ដែល​បាន​យក​កូនតូចៗ​២​នាក់ ទៅ​ព្យាបាល​ជំងឺគ្រុនឈាម នៅ​គ្លីនិក​ឯកជន​មួយ​ឈ្មោះ ហម ឡុង ស្ថិត​នៅ​តាមផ្លូវ​លេខ​១៤០ ខាងក្រោយ​ស្តុ​ប​ថ្មដា ភ្នំពេញ។ ក្រោយពី​ព្យាបាល​បាន​៩​ថ្ងៃ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ត្រូវ​ចេញ គ្រួសារ​គាត់​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា ការ​ព្យាបាល​អស់ តម្លៃ​ចំនួន ៥.២០០​ដុល្លារ ហើយ​ត្រូវ​បង់​មុន​ម៉ោង​៥​ល្ងាច មុន​ចាកចេញ​។ ដំណឹង​នេះ​ធ្វើ​ឲ្យ​គាត់ មានការ​ក្ដុក​ក្ដួល​យ៉ាងខ្លាំង ព្រោះ​មិន​នឹកស្មាន​ដល់ ហើយ​ក៏បាន​អង្វរ​រក​គ្រូពេទ្យ​គ្រប់​មធ្យោបាយ​ដើម្បី​រក​វិធី​ដោះស្រាយ​ ទីបំផុត ​ក៏​បញ្ចប់រឿង​ត្រឹម​លោក​រដ្ឋមន្ត្រី​ចេញមុខ​ចាត់​ឲ្យ​មន្ត្រី​របស់​លោក​ចុះមក​សម្រប​សម្រួល លោកគ្រូ​ពេទ្យ បញ្ចុះ​មក​ត្រឹម​២.០០០​ដុល្លារ។​

បញ្ហា​នេះ​មាន​មហាជន​លើកឡើងថា តម្លៃ​ដែល​គ្រូពេទ្យ ហម ឡុង ចេញ​វិក័យប័ត្រ​កំណត់​តម្លៃ​រហូតដល់​៥.២០០​ដុល្លារ​នោះ​ គឺ​វា​ហួសហេតុ​ពេក​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ​គឺ​មិន​អាច​ទទួលយកបាន​នោះទេ បើ​ប្រៀបធៀប​ទៅ​ចង់​ថ្លៃ​ជា​ការ​ចេញទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ទៅទៀត​។ ម្យ៉ាងទៀត​អ្នកខ្លះ​ក៏បាន​លើកឡើងថា​ ចំពោះ​ប្រភេទ​ថ្នាំ​ព្យាបាល​ប្រភេទ​ជំងឺ​គ្រុនឈាម​នេះ​វា​មាន​តែ​ចំពោះ​មន្ទីរពេទ្យ​រដ្ឋ​តែប៉ុណ្ណោះ ជាពិសេស​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នោះ​តែម្ដង ដោយឡែក​ពេទ្យ​ឯកជន ហម ឡុង ដែលមាន​ថ្នាំ​នេះ​យក​មក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​របស់​ខ្លួន ​តើ​លោក​យក​ថ្នាំ​ពី​ណា​មក ឬមួយ​លោក​អាច​យក​ថ្នាំ​ប្រភេទ​នេះ​ចេញពី​មន្ទីរពេទ្យ​រដ្ឋ​បាន​? នេះ​ជា​ចម្ងល់​របស់​មហាជន បើ​ដូច្នេះ​មែន សូម​មន្ត្រី​ជំនាញ​មេត្តា​ចេញមុខ​ប​ក​ស្រាយ​ពន្យល់​ផង​ដើម្បី​ឲ្យ​មហាជន​បាន​ជ្រាប​ផង​ទៀន ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​យោង​តាម​វីដេអូ​ឃ្លីប​បាន​ឲ្យ​ដឹងថា​ មុនពេល​ព្យាបាល​លោក គ្រូ​ពេទ្យ​បាន​ប្រាប់​ហើយ​ថា​ការ​ព្យាបាល​នៅទីនេះ​អស់​លុយ​ច្រើនណាស់ ភាគី​ខាង ម្តាយ​ដោយសារ​ភ័យ​និយាយ​ថា​អស់​ប៉ុន្មាន​អស់​ទៅ​ឲ្យ​តែ​កូន​ជា​៕​

ដោយ ៖ ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114