ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​សាទរ​ឃុំសង្កាត់ ​ទទួល​បាន​ថវិកា​អភិវឌ្ឍន៍​១០​ម៉ឺន​ដុល្លារ ​ឆ្នាំ​២០២០​ ប៉ុន្តែ​សុំ​អភិវឌ្ឍន៍​ប្រកប​ដោយ​តម្លាភាព​ខ្ពស់​

​ស្វាយរៀង​ ៖ ​សម្ដេច​ក្រឡាហោម ស ខេង មាន​ប្រសាសន៍​ថា ​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣ ខាង​មុខ​តទៅ នៅតាម​ឃុំ សង្កាត់​នីមួយៗ នឹង​ទទួល បាន​កញ្ចប់​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​នៅក្នុង​ឃុំ សង្កាត់​នៅ​ទូទាំងប្រទេស​។​

ថវិកា​ទាំងនេះ ​បើតាម​ការគូសបញ្ជាក់​រ​បស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ធំសាលា​ខេត្ត​ស្វាយរៀង​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣ តទៅ​ក្នុង​មួយ​ឃុំ នឹង​ទទួលបាន​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន​។

សម្តេច​ក្រឡាហោម​បាន​បន្តថា កាលពី​ចាប់​ផ្តើមដំបូង​នៅតាម​ឃុំសង្កាត់​បាន​ទទួល​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ប្រមាណ​៧.០០០​ដុល្លារ ឬ​៨.០០០​ដុល្លារ​តែប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​ធ្វើបាន​ជាង​១០​ម៉ឺន​ដុល្លារ​។

សម្តេច​ក្រឡាហោម​បាន​បន្ថែមថា ទោះបី​ចំនួន​នេះ​តិច បើ​គិត​នៅតាម​ឃុំ​នីមួយៗ​ក្តី ប៉ុន្តែ​បើ​បូក​បញ្ចូល​គ្នា​សម្រាប់​ឃុំសង្កាត់ នៅ​ទូទាំងប្រទេស​នោះ​មាន​ចំនួន​ច្រើន ​”​ឃុំសង្កាត់​ទូទាំង​មាន​១.៦៤៦”​។

សម្តេច​ក្រឡាហោម​បន្ដទៀតថា តាមច្បាប់​នៅតាម​ឃុំ សង្កាត់ ត្រូវបាន​អនុញ្ញាតឲ្យ​​រក​ចំណូល​មកពី​៣​ប្រភព រួមមាន ​៖ ទី​១.ថវិកាជាតិ ,ទី​២.ការទទួលយក​ពី​មូលនិធិ ,និង​ទី​៣.ការរក​ដោយផ្ទាល់​រប​ស់​ឃុំ សង្កាត់ តាមរយៈ​រដ្ឋ​ផ្តល់​សិទ្ធិឲ្យ​។

សម្ដេច​ក្រឡាហោម​បាន​បន្ថែមទៀតថា អ្វីដែល​យើង​បាន​សន្យា​ពីមុនមក ​គឺ​យើង​បានធ្វើ មិន​ដូច​អ្នក មួយចំនួន​បានតែ​ថា តែ​អត់​ធ្វើ​នោះទេ​។​ ប្រជាពលរដ្ឋ​អបអរសាទរ​ចំពោះ​ថវិកា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​អភិវឌ្ឍន៍​គ្រប់​ឃុំ សង្កាត់​នា​ឆ្នាំ​២០២០-២០២៣​ខាងមុខនេះ​។ ​ប៉ុន្តែ​អ្វីដែល​ពួ​ក​គាត់​ព្រួយ​បារម្ភ​នោះ​គឺ​អភិវឌ្ឍន៍​ឲ្យ​ត្រូវ​ស្តង់ដារ ​ប្រកបដោយ​តម្លាភាព​ខ្ពស់​។​

ជាក់ស្ដែង​គម្រោង​អភិវឌ្ឍន៍​ឃុំសង្កាត់ ​ឆ្នាំ​២០១៨​នោះ ​មាន​ឃុំ/សង្កាត់​ខ្លះ​ធ្វើ​ផ្លូវ​ជនបទ​ ហើយ​ស្អាត​មិន​ទាន់​ដក​គ្រឿងចក្រ​ចេញ​ផង ​ផ្លូវ​ខូច​បណ្ដើៗ​ហើយ​៕​

ដោយ ៖ សហការី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114