ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការសហប្រជាជាតិ​រកឃើញ “​ការបរាជ័យ​ជា​ប្រព័ន្ធ​” ក្នុងការ​ឆ្លើយតប​រប​ស់​ខ្លួន​ចំពោះ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា

របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា អង្គការសហប្រជាជាតិ​បាន​ជួបប្រទះ “​ការបរាជ័យ​ជា​ប្រព័ន្ធ​” ក្នុងការ​ដោះស្រាយ​របស់​ខ្លួន​ចំពោះ​ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​នាំ​ឲ្យ​មានការ​ជម្លៀស​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ​២០១៧​។​

​ការរកឃើញ​នេះ​បាន​កើតឡើង​បន្ទាប់ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បញ្ជា​ឲ្យ​មានការ​ពិនិត្យមើល​ផ្ទៃក្នុង​នៃប្រតិបត្តិ​ការ​រ​បស់​ស្ថាប័ន​កំពូល​មួយ​នេះ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បន្ទាប់ពី​ក្រុមមន្ត្រី​របស់ខ្លួន​នៅក្នុង​ប្រទេស​នេះ​ត្រូវបាន​គេ​ចោទប្រកាន់ថា ព្រងើយកន្តើយ​ចំពោះ​សញ្ញា​ព្រមាន​នៃ​ការវាយប្រហារ​ប្រឆាំងនឹង​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។​

​សព្វថ្ងៃនេះ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​៧៤០,០០០​នាក់​កំពុង​រស់នៅក្នុង​ជំរំ​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​បន្ទាប់ពី​រត់​ភៀសខ្លួន​ចេញពី​រដ្ឋ​រ៉ា​ក់​ឃី​នភា​គ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​អំឡុង​យុទ្ធនាការ​យោធា​ឆ្នាំ​២០១៧​ដែល​អង្គការសហប្រជាជាតិ​ពណ៌នា​ថា​ជាការ​បោសសម្អាត​ជនជាតិភាគតិច​។​

​របាយការណ៍​នេះ​បាន​និយាយថា ខណៈពេលដែល​ខ្លួន​ពិបាក​ក្នុង​ការផ្ដល់​ការទទួលខុសត្រូវ​ចំពោះ​ការបរាជ័យ​ជា​ប្រព័ន្ធ​នោះ មានការ​ទទួលខុសត្រូវ​រួមគ្នា​របស់​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​។​

​ការរិះគន់​មួយចំនួន​របស់​អង្គការសហប្រជាជាតិ​បាន​ផ្តោតទៅលើ​ការចោទប្រកាន់​ដែលថា អ្នកសម្របសម្រួល​រប​ស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ឈ្មោះ Renata Lok-Dessallien បាន​ច្រានចោល​ការព្រួយបារម្ភ​អំពី​ការរំលោភបំពាន​កាន់តែ​អាក្រក់​ទៅៗ​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដើម្បី​ផ្តល់​អាទិភាព​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ​បាន​បដិសេធ​ការអះអាង​ទាំងនេះ​។​

​ប៉ុន្តែ​របាយការណ៍​កម្រាស់​៣៦​ទំព័រ​ដែល​បាន​សរសេរ​ដោយ​អ្នកការទូត​ហ្គា​តេ​ម៉ា​ឡា​ជើងចាស់​លោក Gert Rosenthal និង​ចែករំលែក​ជាមួយ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​អំពី​ការបែកបាក់​ជាជាង​ការផ្សារភ្ជាប់​គ្នា​នៅក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​។​

​លោក Rosenthal បានសរសេរថា អង្គការសហប្រជាជាតិ​ចាំបាច់​ត្រូវ​កែលម្អ រៀបចំ​ជា​ប្រព័ន្ធ​និង​ចែករំលែក​ការប្រមូល​ទិន្នន័យ ព័ត៌មាន​និង​ការវិភាគ​ព្រឹត្តិការណ៍​ក្នុងពេល​ពិតប្រាកដ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114