ព័ត៍មានទាន់​ហេតុការណ៏
Search

UN ​៖​ ចំនួន​ប្រជាជន​នៅ​លើ​ផែនដី​ នឹង​ឈានដល់​៩.៧​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ចំនួន​ប្រជាជន​ពិភពលោក​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ពី​៧.៧​ពាន់​លាន​នាក់​នាពេល​សព្វថ្ងៃនេះ​ដល់​៩.៧​ពាន់​លាន​នាក់​នៅត្រឹម​ឆ្នាំ​២០៥០​ដោយ​ចំនួន​ប្រជាជន​នៅ​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក​នឹង​កើនឡើង​ទ្វេដង​។​

​យោងតាម​របាយការណ៍ “​ទស្សនវិស័យ​ប្រជាជន​ពិភពលោក​” របស់​នាយកដ្ឋាន​សេដ្ឋកិច្ច​និង​កិច្ចការ​សង្គម​នៃ​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ចំនួន​ប្រជាជន​នឹង​កើន​ឡើងដល់​១១​ពាន់​លាន​នាក់​ត្រឹម​ឆ្នាំ​២១០០​។​

​ការសិក្សា​នេះ​បាន​គូសបញ្ជាក់​អំពី​អនាគត​ដែល​ប្រទេស​មួយចំនួន​តូច​មាន​កំណើនប្រជាជន​កើនឡើង​ហើយ​អាយុកាល​បានអូសបន្លាយ​ខណៈ​អត្រាកំណើន​សេដ្ឋកិច្ច​សក​ល​លោក​យឺតយ៉ាវ​ចំពេល​អត្រា​មរណភាព​ក៏​ថយចុះ​ដែរ​។​

​នៅត្រឹម​ឆ្នាំ​២០៥០ កំណើនប្រជាជន​ច្រើនជាង​ពាក់កណ្តាល​នៃ​ពិភពលោក​នឹងត្រូវ​ប្រមូលផ្តុំ​នៅក្នុង​ប្រទេស​ត្រឹមតែ​៩​ប៉ុណ្ណោះ​ពោលគឺ​ប្រទេស​ឥណ្ឌា នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ អេ​ត្យូ​ពី តង់​ហ្សា​នី ឥណ្ឌូនេស៊ី អេ​ហ្ស៊ី​ប​និង​សហរដ្ឋអាមេរិក​។​

​ទន្ទឹមនឹង​នេះដែរ ចិន​ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​បំផុត​របស់​ពិភពលោក​គឺ​នឹងមាន​ការធ្លាក់ចុះ​២,២​ភាគរយ​ឬ​ប្រហែល​៣១.៤​លាន​នាក់​ក្នុង​ចន្លោះ​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០៥០​។​

​របាយការណ៍​នេះ​ក៏បាន​និយាយ​ផងដែរ​ថា ការស្លាប់​គឺ​លើសពី​កំណើត​ថ្មី​នៅក្នុង​ប្រទេស​បេឡា​រូស អេ​ស្តូ​នី អាល្លឺម៉ង់ ហុង​គ្រី អ៊ីតាលី ជប៉ុន រុស្ស៊ី ស៊ែ​ប៊ី​និង​អ៊ុយ​ក្រែ​ន​ប៉ុន្តែ​ការបាត់បង់​ចំនួន​ប្រជា​ជននេះ​នឹង​ត្រូវបាន​ទូទាត់​ដោយ​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​។​

​អត្រាកំណើត​សកលលោក​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្លាក់ចុះ​បន្ថែមទៀត​ដល់​២.២​នៅ​ឆ្នាំ​២០៥០​។​

​របាយការណ៍​នេះ​ក៏បាន​ព្យាករណ៍​អំពី​ការកើនឡើង​អាយុ​ជាទូទៅ​ដោយ​រួមបញ្ចូល​ទាំង​នៅក្នុង​ប្រទេស​ក្រីក្រ​ផងដែរ​ដែល​បច្ចុប្បន្ននេះ​មាន​តិចជាង​ចំនួន​មធ្យម​ជាស​កល​៧​ឆ្នាំ​។​

​របាយការណ៍​បាន​ឲ្យ​ដឹងថា អាយុកាល​ជា​មធ្យម​ក្នុង​ពិភពលោក​គួរ​ឈានដល់​៧៧.១​ឆ្នាំ​នៅ​ឆ្នាំ​២០៥០​ធៀប​នឹង​៧២.៦​ឆ្នាំ​នាពេល​បច្ចុប្បន្ននេះ​។ នៅ​ឆ្នាំ​១៩៩០​អាយុកាល​ជា​មធ្យម​គឺ​៦៤.២​ឆ្នាំ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114