ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ផ្តល់​អនុសាសន៍ ៧​ចំណុច ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ​ដល់ អតីតយុទ្ធជន​កម្ពុជា​និង​គ្រួសារ​ពួកគេ

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ថ្ងៃ​២១ មិថុនា គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ប្រកបដោយ​មោទនភាព​បំផុត​ដែល​បងប្អូន​អតីត​យុទ្ធជន និង​ប្រជាពលរដ្ឋ​កម្ពុជា។ នៅ​ថ្ងៃ ២១​មិថុនា ២០១៩ នៅ​ទូទាំងប្រទេស​បងប្អូន​ប្រជាពលរដ្ឋ​និង​អតិ​តយុទ្ធ​ជន​បាននាំគ្នា​ប្រារព្ធ​ខួប​លើក​ទី​១២ ទិវា​អតីតយុទ្ធជន​កម្ពុជា​ដើម្បី​រំលឹក​ដល់​គំរូ​វីរភាព​ដ៏​មោះមុត​និង​គុណបំណាច់​ដ៏​ធំធេង​របស់​វីរ​យុទ្ធជន យុទ្ធ​នារី​នៃ​កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ដែល​បាន​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន បូជា​សាច់​ស្រស់ ឈាម​ស្រស់​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​សារលិខិត​អបអរ​ទិវា​អតីត​យុទ្ធជន ២១​មិថុនា ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ២៤​ខែមេសា ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​ចែករំលែក ដល់​សារព័ត៌មាន​នាពេល​ថ្មីៗ​នេះ​។

គួរ​រំលឹក​ថា រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃទី​២១ ខែមិថុនា ជា​រៀងរាល់​ឆ្នាំ ជា​ទិវា​អតីត​យុទ្ធជន​ស្របគ្នា​ជាមួយ​ថ្ងៃ​បង្កើត​សមាគម​អតីត​យុទ្ធជន​កម្ពុជា ដែល​ត្រូវ​បាន​បង្កើតឡើង​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០០៧ បាននឹងកំពុង​បំពេញ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​តួនាទី​របស់​បងប្អូន​អតីតយុទ្ធជន នៅក្នុង​សង្គមជាតិ​ដោយ​បំផុសស្មារតី​សាមគ្គី​ជួយ​គ្នា​ទៅវិញទៅមក​និង​ចលនា​ប្រឡងប្រណាំង ៣​ពូកែ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​បងប្អូន​អតីត​យុទ្ធជន​និង​ក្រុម​គ្រួសារ ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​របស់​អតីត​យុទ្ធជន ​និង ​គ្រួសារ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ។

សង្គ្រាម​ដែល​បង្កឡើង​ដោយ​ជន​ក្បត់ជាតិ​មួយ​ក្តាប់​តូច​ឃុបឃិត​ជាមួយនឹង​បរទេស​បាន​បង្ក វិនាសកម្ម​និង​របប​ប្រល័យពូជសាសន៍​ប៉ុលពត បាន​បំផ្លិចបំផ្លាញ​សង្គម​សេដ្ឋកិច្ច​ឲ្យ​ខ្ទេចខ្ទី​ដល់​ឫសគល់​ថែមទាំង​បាន​បន្សល់ទុក​នូវ​អតីត​យុទ្ធជន​ដែល​ជា​ជនពិការ និវត្តជន ជន​បាត់បង់​សមត្ថភាព​ការងារ​និង​គ្រួសារ​យុទ្ធជន​ពលី​មរណៈ​ជាច្រើន។ ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​នានា​ដើម្បី​លើកកម្ពស់​សុខមាលភាព​និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន​ឲ្យ​បានល្អ​ប្រសើរ​ជា​បន្តបន្ទាប់។

បច្ចុប្បន្ន​នេះ កម្ពុ​ជា​មាន​អតីត​យុទ្ធជន​ចំនួន ៨៩ ៧២៣នាក់ ព្រមទាំង​អ្នក​នៅក្នុង​បន្ទុក​ចំនួន ១៤១ ៩៦៨នាក់​ កំពុង​ទទួល​ប្រាក់​របប​គោលនយោបាយ​ពី​រដ្ឋ​ដែល​ប្រាក់​របប​នេះ​ត្រូវ​បាន​កែសម្រួល​ជា​បន្តបន្ទាប់​ស្របតាម​កំណើនសេដ្ឋកិច្ច​ជាតិ​និង​ការដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​។ ដើម្បី​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ប្រព័ន្ធ​ទិន្នន័យ​អតីត​យុទ្ធជន​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​និង គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទូទាំង​ប្រទេស​ហើយ​ការ​ផ្ដល់ប្រាក់​របប​សន្តិ​សុខ​សង្គម​ប្រចាំខែ​ក៏​ត្រូវ​បា​អនុវត្តតាម​ប្រព័ន្ធ​ធនាគារ​នៅ​ទូទាំង​រាជធានី ខេត្ត​ផងដែរ។

ជា​មួយ​គ្នា​នេះ​ សម្រាប់​ការ​បើក​ផ្តល់ប្រាក់​របប​សន្តិសុខ​សង្គម​រៀងរាល់​ពីរ​សប្ដាហ៍​ម្ដង​ក្នុង​ខែ​នីមួយៗ ជូន​អតីត​យុទ្ធជន​និង​អ្នក​នៅក្នុង​បន្ទុក​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ មកម្ល៉េះ​។

ក្រៅ​ពី​នេះ រដ្ឋាភិបាល​បាន​ដាក់​ចេញ​និង​អនុវត្ត​គោលនយោបាយ​ស្ដីពី​ការផ្ដល់​សម្បទាន​ដី​សង្គមកិច្ច​អតីត​យុទ្ធជន​និង​គ្រួសារ​អតីត​យុទ្ធជន​ដែល​បាន​កសាង​ភូមិ​អភិវឌ្ឍន៍​យោធិន​ពិការ​នៅ​តា​កែន​កោះស្លា ស្រុក​ឈូក ខេត្តកំពត​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧ នៅ​ស្រុក​គូលែន ខេត្តសៀមរាប និង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧ ភ្នំ​ឆ័​ត្រ​នៅ​ខេត្តបន្ទាយមានជ័យ​។

ទន្ទឹម​នឹង​នេះ​ផង​ដែរ សមាគម​អតីត​យុទ្ធជន​កម្ពុជា​និង​សប្បុរសជន​នានា​បាន​កសាង​ផ្ទះ​រាប់រយ​ខ្នង​ជូន​បងប្អូន​អតីតយុទ្ធជន​។

ក្នុង​ឱកាស​ខួប​លើក​ទី​១២ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែស បាន​អំពាវនាវ​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​ដូចតទៅ​៖
​ទី​១-​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា សូម​បន្ត​រក្សា​ស្មារតី​វីរភាព​ដ៏​ឧត្តុង្គឧត្តម​និង​សេចក្តី​ថ្លៃថ្នូរ​ជា​ពលរដ្ឋ​ឆ្នាំ​របស់​ជាតិ​មាតុភូមិ​ដើម្បី​បន្ត​ធ្វើជា​គំរូ​ល្អ​ក្នុង​សង្គមជាតិ។ រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ពិតជា​ចងចាំ​ជានិច្ច​នឹង​ការ​លះបង់​នូវ​គុណបំណាច់​ដ៏​ធំធេង​របស់​បងប្អូន​អតីត​យុទ្ធជន​គ្រប់រូប​ចំពោះ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​។

ទី​២-​គ្រប់​ស្ថាប័ន​អង្គភាព​និង​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​ត្រូវ​រៀបចំ​គណៈប្រតិភូ​ចុះ​សួរសុខទុក្ខ​បងប្អូន​អតីត​យុទ្ធជន​តាម​មូលដ្ឋាន​និង​យុទ្ធជន​យុទ្ធ​នារី​ជាពិសេស​យុទ្ធជន​យុទ្ធ​នារី​នៅក្នុង​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​សម្ព័ន្ធមេត្រីភាព យុទ្ធជន​យុទ្ធ​នារី​ដែល​កំពុង​សម្រាក​ព្យាបាល​តាម​មន្ទីរពេទ្យ​និង​ជនពិការ​នៅ​តាម​មណ្ឌល​យោធិន​ពិការ​ដើម្បី​លើកទឹកចិត្ត​និង​ផ្សារភ្ជាប់​មនោសញ្ចេតនា​ជាមួយ​អតីតយុទ្ធជន​និង​យុទ្ធជន​យុទ្ធ​នារី។

ទី​៣-​ក្រសួង​ព័ត៌មាន​ត្រូវ​ណែនាំ​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ​និង​ឯកជន​ឲ្យ​ជួយ​ផ្សព្វផ្សាយ​សារាចរ​និង​សារលិខិត​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងឱកាស​ខួប​លើក​ទី​១២ ទិវា​អតីតយុទ្ធជន​កម្ពុជា​ក៏ដូចជា​សមិទ្ធផល​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​អតីត​យុទ្ធជន​ឲ្យ​សាធារណ​ជនជាតិ​និង​អន្តរជាតិ​បាន​យល់ដឹង​និង​ជ្រូត​ជាតិ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។

ទី​៤-​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិសម្បទា ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ល្អ​និង​មាន​ប្រសិទ្ធភាព និង​ការ​ផ្តល់សេវា​របប​សន្តិ​សុខ​សង្គម​សម្រាប់​អតីតយុទ្ធជន​និង​គ្រួសារ​អតីតយុទ្ធជន​តាមរយៈ​បេឡា​ជាតិ​អតីតយុទ្ធជន​នៅ​ទូទាំង​ប្រទេស​។ ម្យ៉ាងវិញទៀត ក្រសួង​ត្រូវខិតខំ​ជំរុញ​ការអនុវត្ត​គម្រោង​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​និង​គ្រួសារ ដែល​បា​ន​បញ្ចូល​ក្នុង​ផែនការ​វិនិយោគសាធារណៈ​របស់​រាជរដ្ឋាភិបាល​។

ទី​៥-​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា ត្រូវ​សហការ​ជាមួយនឹង​ក្រសួង​ពាក់ព័ន្ធ​បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ស្ដីពី​ការផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ​និង​គ្រួសារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។

ទី​៦-​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវ​ចូលរួម​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​អតីតយុទ្ធជន ជាពិសេស​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​អតីតយុទ្ធជន​ដែល​កំពុង​ជួបប្រទះ​ការលំបាក​។

ទី​៧-​សមាគម​អតីតយុទ្ធជន​កម្ពុជា​គ្រប់​ថ្នាក់​ត្រូវ​បន្ត​ពង្រឹងពង្រីក​សកម្មភាព​របស់​សមាគម​តាម​ស្មារតី​នៃ​សេចក្តីសម្រេចចិត្ត​មហាសន្និបាត​តំណាង​សមាគម​អតីតយុទ្ធជន​កម្ពុជា​ទូទាំងប្រទេស​លើក​ទី​២ ។ សមាគម​អតីតយុទ្ធជន​កម្ពុជា​ត្រូវ​បន្ត​ធ្វើជា​ស្នូល​ក្នុងការ​លើកកម្ពស់​តួនាទី​អតីតយុទ្ធជន​នៅក្នុង​សង្គម​និង​លើកទឹកចិត្ត​ឲ្យ​បងប្អូន​អតីត​យុទ្ធជន​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​សាមគ្គីភាព​និង​ការជួយ​គ្នា​ទៅវិញទៅមក ព្រមទាំង​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​ចលនា​ប្រឡងប្រណាំង ៣​ពូកែ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​និង​ប្រទេសជាតិ៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114