ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ជនជាតិ​សាំងហ្គាពួរ​ម្នាក់​ គាំង​បេះ​ស្លាប់​លើ​សាឡុង​ក្នុង​បុរី​ខាំកូស៊ីធី​ បន្ទាប់ពី​ត្រឡប់​មកពី​ពេទ្យ​

ភ្នំពេញ ​៖ ​បុរស​ជនជាតិ​សាំងហ្គាពួរ​ម្នាក់ ​បាន​គាំងបេះដូង​ស្លាប់​នៅ​​លើ​សា​ឡុង​នៅ​ខុន​ដូ​ ជាន់​ទី​១២ ​ក្នុង​បុរី​ខាំ​កូ​ស៊ី​ធី​ ខណៈ​កំពុង​អង្គុយ​ជុំ​គ្រួសារ​​មើល​ទូរទស្សន៍។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ខុន​ដូ​ជា​ន់ទី​១២​ នៃ​បុរី​ខាំ​កូ​ស៊ីធី ភូមិ​គង្គារ​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

សព​បុរស​ខាង​លើ​ឈ្មោះ ច​ន នី​អាយុ​៦៥​ឆ្នាំ​ ជនជាតិ​សាំងហ្គាពួរ​មុខរបរ​ធ្វើការ​ក្រុមហ៊ុន​នៅ​កន្លែង​កើតហេតុ​ខាងលើ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ថា​ នៅវេលា​ម៉ោង​៩​ព្រឹក ​ជនរងគ្រោះ​ចង់​ទៅ​ផ្សារ​ពេល​មក​ដល់​ចំណត​ឡាន​ជនរងគ្រោះ​មាន​អាការៈ​ មិន​ស្រួលខ្លួន​រួច​គាត់​បាន​មក​គ្លីនិក​ និង​សម្ភព​ប្រសិទ្ធភាព ​តែ​ដោយ​អាការ​បេះដូង​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​ ក៏​ប្រាប់​ឲ្យ​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ផ្នែក​បេះដូង។

ពេលទៅដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ផ្នែក​បេះដូង ​បន្ទាប់ពី​គ្រូពេទ្យ​ពិនិត្យ​លោកគ្រូ​ពេទ្យ​ប្រាប់​ថា​ឲ្យ​អ្នកជំងឺ​សម្រាក​ចំនួន​៣​ថ្ងៃ​ តែ​ជនរងគ្រោះ​មិន​ព្រម​ដេក​សម្រាក​ឡើយ ​ដោយ​និយាយ​ជាមួយ​គ្រូពេទ្យ​និង​សរសេរ​លិខិត​សុំ​ចេញពី​ពេទ្យ​ត្រឡប់​មក​ខុន​ដូ​វិញ។

បើ​តាម​សំដី​បងថ្លៃ​ប្រុស​របស់​ជនរងគ្រោះ​ឈ្មោះ​ស៊ុ​ក មករា ​អាយុ​ជាង​២០ ​បាន​ឲ្យ​ដឹងថា ​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​ ពួកគេ​កំពុង​អង្គុយ​ជុំ​គ្នា​បួន​នាក់​​លើ​សា​ឡុង​នៅ​បន្ទប់​ខុន​ដូ​ជាន់​ទី​១២ ​ក្នុង​បុរី​ខាំ​កូ​ស៊ី​ធី ​ខណៈ​កំពុង​អង្គុយ​នៅ​​លើ​សា​ឡុង​សុខៗ ​ប្អូនថ្លៃ​របស់​ខ្លួន​ដក​ស្រកា​មាន់​ចំនួន​២​ដង​ស្លាប់​នៅ​កន្លែង ​តែ​ដោយ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​ក្រែងលោ​មិនទាន់​ស្លាប់ ទើប​​ដឹក​តាម​ម៉ូតូ​កង់​បី​មកកាន់​មន្ទីរ​ព្យាបាល ​និង​សម្ភព​ប្រសិទ្ធភាព​ ពេល​មក​ដល់​លោកគ្រូ​ពេទ្យ​បាន​ប្រាប់​ថា ​ប្អូនថ្លៃ​របស់​ខ្លួន​បាន​ស្លាប់​បាត់​ទៅ​ហើយ។

ក្រោយពេល​កើតហេតុ ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ពិនិត្យ​ដល់​មន្ទីរពេទ្យ​ រួច​ដឹក​សព​ទៅ​កោសល្យវិច័យ​នៅ​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹងមានជ័យ​ក្នុង​ខណ្ឌមានជ័យ៕

ដោយ ៖ ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114