ព័ត៍មានទាន់​ហេតុការណ៏
Search

ឆាយ វីរៈ​យុទ្ធ ជួប​ទុក្ខ​ ខណៈ​ជីតា​ទទួលមរណភាព

ភ្នំពេញ ​៖ ​តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​សាន់​ដេ ​លោក ឆាយ វីរៈ​យុទ្ធ និង​ក្រុម​គ្រួសារ​ ពេលនេះ​កំពុង​មានទុក្ខ​ធ្ងន់​ ខណៈ​ត្រូវ​បាន​បាត់បង់​សមាជិក​គ្រួសារ​ ព្រោះតែ​ជីតា​ជាទី​ស្រលាញ់​របស់​លោក​​បាន​ទទួល​រមណភាព​មុន​នេះ​បន្តិច។

​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ និង​សោកសៅ​បំផុត​របស់​លោក ឆាយ វីរៈ​យុទ្ធ និង​ក្រុម​គ្រួសារ​នេះ​ដែរ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​អ្នក​សិល្បៈ​រួម​អាជីព​មួយ​ចំនួន​ បាន​បង្ហាញ​ការ​សោកស្ដាយ ​និង​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​នេះ​ ជាមួយ​ក្រុមគ្រួសារ​របស់​តារា​ចម្រៀង​ប្រុស​សំឡេង​បែប​មនោសញ្ចេតនា​ពីរោះ​រណ្ដំ​ចិត្ត​ផងដែរ​។​

​លោក ឆាយ វីរៈ​យុទ្ធ បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​ទុក្ខសោក​របស់​ខ្លួន​ទាំង​អារម្មណ៍​ក្តុកក្តួល​មក​ថា ​មនុស្ស​ប្រែប្រួល​ទៅតាម​វ័យ ម្តង​គ្រួសារ​យើង ម្តង​គ្រួសារ​គេ​។ ក្នុងនាម​ជា​ចៅ​ប្រសា​មួយ​រូប សូម​វិញ្ញាណក្ខន្ធ​កុង​បាន​ទៅដល់​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ​។ អនិច្ចកម្ម ថ្ងៃ​អង្គារ ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​ថ្ងៃត្រង់​ក្នុង​ជន្មាយុ​៩១​ឆ្នាំ​។​

​បន្ទាប់ពី​បាន​ឃើញ​ការ​បង្ហោះ​សារ​បង្ហាញ​ពី​ទុក្ខ​ដ៏​ក្រៀមក្រំ ​ខណៈ​បាត់បង់​ជីតា​ទីស្រលាញ់​របស់​តារាចម្រៀង​លោក ឆាយ វីរៈ​យុទ្ធ ខាងលើនេះ ​ក្រៅពី​មានការ​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​មហាជន ​គេ​សង្កេតឃើញ​អ្នក​សិល្បៈ​ជិតស្និទ្ធ​របស់​លោក ឆាយ វីរៈ​យុទ្ធ ក៏​មាន​បំណង​ចង់​ចូលរួម​ពិធីបុណ្យ​នេះ​ផងដែរ៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114