ព័ត៍មានទាន់​ហេតុការណ៏
Search

ដោយ​មាន​គេ​សន្យា​ផ្តល់​ប្រាក់​៩​លាន​ដុល្លារ​តាម​អន​ឡាញ, ក្មេង​ជំទង់​អាមេរិក​សុខចិត្ត​សម្លាប់​មិត្តសម្លាញ់

ក្មេងស្រី​ជំទង់​ជនជាតិ​អាមេរិក​ម្នាក់​ ត្រូវបាន​ចោទប្រកាន់​ពីបទ​រួមគំនិត​សម្លាប់​មិត្តសម្លាញ់​របស់​នាង​បន្ទាប់ពី​បុរស​ម្នាក់​ដែល​នាង​ស្គាល់​តាម Online បាន​សន្យា​ផ្តល់ប្រាក់​ចំនួន​៩​លាន​ដុល្លារ​ដើម្បី​ឲ្យ​នាង​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្មនេះ​។​

​យោងតាម​ក្រុម​អ្នកស៊ើប​អង្កេត​បាន​ឲ្យ​ដឹងថា នាង Denali Brehmer អាយុ​១៨​ឆ្នាំ​មកពី​រដ្ឋ Alaska ត្រូវបាន​ជ្រើសរើស​ឲ្យ​សម្លាប់​មិត្តភក្តិ​របស់​នាង​ដោយ​បុរស​ម្នាក់​ឈ្មោះ Darin Schilmiller អាយុ ២១​ឆ្នាំ​រស់នៅ​រដ្ឋ Indiana​។​

អ្នក​ទាំងពីរ​ធ្លាប់បាន​ទាក់ទង​គ្នា​តាម​អន​ឡាញ​ដោយ​លោក Schilmiller ត្រូវបាន​គេ​សន្មត​ថា​មាន​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ​និង​អះអាង​ខ្លួនឯង​ជា​អ្នក​សេដ្ឋី​ឈ្មោះ “Tyler”​។​

​ឯកសារ​របស់​តុលាការ​បាន​និយាយថា ក្នុងអំឡុងពេល​នៃ​ទំនាក់ទំនង​របស់​ពួកគេ​តាម​អន​ឡាញ ពួកគេ​បាន​ពិភាក្សាគ្នា​អំពី​ផែនការ​ចាប់រំលោភ​និង​ធ្វើឃាត​នរណាម្នាក់​នៅក្នុង​រដ្ឋ Alaska​។​

​លោក Schilmiller បាន​សន្យា​ផ្តល់ប្រាក់​ចំនួន​៩​លាន​ដុល្លារ​ឬ​ច្រើនជាង​នេះ​ឲ្យ​នាង Brehmer បើសិនជា​នាង​ផ្ញើ​វីដេអូ​ឬ​រូបថត​នៃ​ការវាយប្រហារ​។​

​បន្ទាប់មក នាង Brehmer បានជ្រើសរើស​ក្មេង​ជំទង់​ចំនួន​បួន​នាក់​ផ្សេង​ទៀតហើយ​ក្រុម​នេះ​បាន​ទៅ​រស់នៅ​ជាមួយ Cynthia Hoffman ដែល​ចាត់ទុក Brehmer ថា​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​នាង​។​

​នៅ​ថ្ងៃទី​២​ខែមិថុនា អាជ្ញាធរ​បាន​និយាយថា នាង Hoffman អាយុ​១៩​ឆ្នាំ​ត្រូវបាន​គេ​ល្បួង​ឲ្យ​ទៅកាន់​ផ្លូវ​ឡើង​ភ្នំ​មួយ​ដែល​ស្ថិតនៅ​ភាគ​ឦសាន​ទីក្រុង Anchorage ដែល​នៅ​ទីនោះ នាង​ត្រូវបាន​គេ​រុំបង់​ស្អិត​ហើយ​បាញ់​ចំក្បាល​ផ្នែក​ខាងក្រោយ​មុនពេល​រុញ​ទម្លាក់​ចូលក្នុង​ទន្លេ​។​

​សាកសព​របស់​នាង​ត្រូវបាន​គេ​រកឃើញ​នៅ​ថ្ងៃទី​៤​ខែមិថុនា​។​

​ប៉ូលិស​បាន​និយាយថា ជនរងគ្រោះ​ត្រូវបាន​ដឹក​តាម​រថយន្ត​ទៅកាន់​ទឹកជ្រោះ Thunderbird ដោយ​នាង Brehmer និង Kayden McIntosh ដែលជា​ក្មេងប្រុស​អាយុ​១៦​ឆ្នាំ​។​

​លោក McIntosh ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​បាញ់សម្លាប់​នាង Hoffman ជាមួយនឹង​កាំភ្លើង​របស់ Brehmer ហើយ​បាន​ទម្លាក់​សាកសព​របស់​នា​ង​ចូលក្នុង​ទឹក​។​

អាជ្ញាធរ​និយាយថា នាង Brehmer បាន​ទាក់ទង​ជាមួយ​លោក Schilmiller ក្នុងករណី​ឃាតកម្ម​នេះ​ដោយ​បញ្ជូន​រូបភាព​និង​វីដេអូ​នៃ​ការចង​និង​សាកសព​របស់ Hoffman ទៅ​ឲ្យ​គាត់​តាម​កម្មវិធី Snapchat។

ទាំង​នាង Brehmer និង​លោក McIntosh ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​។ ចំណែក​លោក Schilmiller ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​រួមជាមួយ​ជនជាប់ចោទ​បីនាក់​ផ្សេងទៀត​ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​ជួយ​ក្នុងការ​រៀបចំ​ឬ​ការសម្លាប់​នេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114