ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ឃុំ​ថ្ម​ពេជ្រ ចាប់​យក​របរ​ដាំ​​​​​ឪឡឹក​ជាមួយ​ក្តី​សង្ឃឹម​ថា នឹង​ទទួល​បាន​ប្រាក់​ចំណេញ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ

ត្បូងឃ្មុំ ​៖​ ឪឡឹក​ជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ​ ដែល​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ មិនសូវ​និយម​ដាំ​នោះទេ ​បើ​ប្រៀបធៀប​ជាមួយ​ដំណាំ​កសិកម្ម​ផ្សេងៗ​ដូចជា ស្រូវ សណ្តែក ដំឡូង​មី ជាដើម បើទោះបី​ងាយស្រួល​ដាំ ថែទាំ និង​ឆាប់​ទទួល​ផល​ក៏ដោយ។

ទោះ​យ៉ាងណា​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ បាន​ចាប់​យក​របរ​ដាំ​ដំណាំ​ឪឡឹក​នេះ​ផង​ដែរ ជាក់ស្តែង​លោក អម អ៊ីន និង​គ្រួ​សារ​ បាន​ជួល​ដី​ក្រុមហ៊ុន​ចំការ​កៅស៊ូ​ជុប​ចំនួន​១២​ហិកតា​ដាំ​ដំណាំ​ឪឡឹក។

លោក អម អ៊ីន បាន​រៀបរាប់​ឲ្យ​ដឹងថា នេះ​ជា​លើកទីមួយ​ហើយ ​ដែល​លោក និង​គ្រួសារ​ បាន​សម្រេចចិត្ត​ដាំ​ឪឡឹក​ដោយ​ជួល​ដី​ពី​ក្រុមហ៊ុន​ចំការ​កៅស៊ូ​ជុប​ចំនួន​មួយ​ឡូ​ស្មើ​១២​ហិកតា​មក​ដាំ ដោយ​ត្រូវ​ចំណាយ​ជិត​មួយ​ម៉ឺន​ដុល្លារ ទៅលើ​ថ្លៃ​ជួល​ដី ថ្លៃ​គ្រាប់​ពូជ និង​ថ្លៃ​ថែទាំ។

លោក​បន្តថា ​មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ដាំ​ឪឡឹក​ដោយសារ​មាន​អ្នក​ដាំ​ឆ្នាំ​កន្លង​មក​ទទួល​បាន​ផល​ល្អ និង​ប្រាក់ចំណេញ​គួរ​សម។ លោក​ថា​ ដំណាំ​នេះ​មាន​ម៉ូយ​មក​កុម្ម៉ង់​ទិញ ឬ​ម៉ៅ​យក​ទាំងអស់​តែម្តង ដោយ​ក្នុង​មួយ​ឡូ ​ស្មើ​​១២​ហិកតា​នេះ​បាន​ថ្លៃ​ចន្លោះ​ពី ២២០០០ ដុល្លារ​ទៅ ២៥០០០ ដុល្លារ តាម​ល្អ ផ្លែ​​តិច​ឬ​ច្រើន។​

លោក អម អ៊ី​ន និង​ប្រពន្ធ​អ្នកស្រី ស៊ា សុខ​ជា បាន​រៀប​រាប់​ឲ្យ​ដឹង​ទៀតថា ឪឡឹក​របស់គាត់​ល្អ​ជាង​អ្នក​ដាំ​ដូចគ្នា និង​អ្នក​ដាំ​ឆ្នាំ​កន្លងមក​ ដូច្នេះ​បើ​វា​នៅតែ​មាន​ទីផ្សារ និង​ហាងឆេង​ដូច​ឆ្នាំមុន​ គាត់​នឹង​ទទួលបាន​ប្រាក់ចំណេញ​ខ្លះ​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ តែ​យ៉ាងណា​ពួកគាត់​មិន​អស់សង្ឃឹម​នោះទេ​ ព្រោះ​ពេលនេះ​ឪឡឹក​របស់​គាត់​បន្ទាប់​ពី​ដាំ​បាន​៤០​ថ្ងៃ​គឺ​បាន​ចេញ​ផ្កា និង​ផ្លែ ច្រើន ហើយក៏​មាន​ម៉ូ​យមក​សួររក​ទិញ និង​ម៉ៅ​ជា​បន្តបន្ទាប់។​

សូមជម្រាបថា ក្រៅពី​លោក អម អ៊ី​ន និង​អ្នកស្រី ស៊ា សុខ​ជា ក៏មាន​អ្នក​ដាំ​ដំណាំ​នេះ​ លើ​ផ្ទៃដី​ជាច្រើន​ហិកតា​ផងដែរ​ ដោយ​គ្រាន់តែ​ក្នុង​ដី​ចំការ​កៅស៊ូ​ជុប​មាន​អ្នក​ដាំ​ជិត ១០០ ហិកតា។ ពូជ​ឪឡឹក​ដែល​ពួកគាត់​ដាំ​គឺ​ប្រើ​រយៈពេល​៦០ ថ្ងៃ ​នឹង​ចាប់ផ្តើម​ប្រមូល​ផល៕

ដោយ ៖ សាន វិ​ឡែ​ម​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114