ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ដឹក​អាចម៍ដី​លក់ យ៉ាង​អនាធិបតេយ្យ​ បង្ក​ភាព​ក្តៅ​ក្រហាយ​ដល់​ប្រជាពលរដ្ឋ ​ខណៈ​អាជ្ញាធរ​ឃុំ គ្មាន​សិទ្ធិ​ហាម​ឃាត់ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ

ប៉ៃលិន​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​បញ្ហា​សុខភាព និង​ការ​រស់នៅ​ក្នុង​មូលដ្ឋាន ដោយសារតែ​រថយន្ត​ដឹក​អាចម៍ដី​លក់​ជាច្រើន របស់​ក្រុមហ៊ុន​ឯកជន មក​ឈរ​ជើង​កាយ​អាចម៍ដី​ជើងភ្នំ​ព្រាល​យក​លក់ យ៉ាង​អនាធិបតេយ្យ បណ្តាល​ឲ្យ​ខូច​ទ្រង់ទ្រាយ​ដើម ខណៈ​អាជ្ញាធរ​ឃុំ​ស្ទឹងត្រង់​គ្មាន​សិទ្ធិ​ក្នុង​ការ​ហាមឃាត់ ព្រោះ​ក្រុមហ៊ុន​គ្រឿងចក្រ​ទាំងនោះ​ មានច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរខេត្ត ដែលមាន​ចំណារ​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​ផងដែរ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា នេះ​ថា ​៖ រាល់ ថ្ងៃ ​នេះ នៅ​តាម​ផ្លូវ​ក្នុ​ងភូមិ​របស់​ពួកគាត់ ជាច្រើន​ខ្សែ បាន​រង​ការខូចខាត​បណ្តើរៗ ពិសេស​ផ្លូវ​ក្នុងភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ហើយ​នៅពេលដែល​រថយន្ត​ដឹក​អាចម៍ដី​លក់ របស់​ក្រុមហ៊ុន​បើក​ចេញមក​ម្តងៗ មិនដែល មានការ​គ្រប​អ្វី​ឡើយ ហើយ​បានធ្វើ​ឲ្យ​ជ្រុះ​ដី រាយប៉ាយ​ពេញ​ដង​ផ្លូវ ជាពិសេស​រថយន្ត​ក្រុមហ៊ុន​ទាំងនោះ បើកបរ​ក្នុង​ល្បឿន​លឿន​ បណ្ដាល​ឲ្យ​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ បើកភ្នែក​មើល​មិន​ឃើញ​ផ្លូវ ហើយ​បើ​ត្រូវ​ខ្យល់​បក់​វិញ​ហុយ​ទ្រលោម ចូល​ភ្នែក ចូល​ច្រមុះ ព្រមទាំង​ហុយ​ចូល​ផ្ទះ​ពួកគាត់ ដែល​ជះឥទ្ធិពល​អាក្រក់ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​កើត​ជំងឺ​ផ្សេងៗ​បាន។ប្រភព​ព័ត៌មាន បាន​បន្ត​ថា ​៖​ វា​ពិតជា អយុត្តិធម៌​ណាស់ សម្រាប់​ការរស់នៅ របស់​ពួកគាត់ ដូចជា​ការរស់នៅ​ក្នុង​ឋាននរក​អញ្ចឹង គឺ​មួយថ្ងៃ​ទៅ មួយថ្ងៃ មិនដែល​បាន​ស្រូ​បខ្យល់​បរិសុទ្ធ​ទេ ស្រូប​បានតែ​ដី​ហុយ មកលើ​សម្លៀកបំពាក់ ផ្ទះ​សម្បែង ចំណែក​ផ្លូវ​មួយ​ចំនួន ត្រូវបាន​ក្លាយ​ជា​ផ្លូវ​សម្បុក​មាន់ សម្បុក​ទា រហូត​មិន​អាច​ធ្វើដំណើរ​បាន។ ពួកគាត់ ក៏បាន​បន្តទៀតថា ​៖ ពួកគាត់​អស់សង្ឃឹម​យ៉ាងខ្លាំង ចំពោះ​អាជ្ញាធរ​ភូមិ​/​ឃុំ ដោយសារតែ​ពួកគាត់ បាន​រាយ​ការណ៍​ប្រាប់​ពី​មូលហេតុ​នេះដែរ ប៉ុន្តែ​អាជ្ញាធរ ហាក់​គ្មាន​ដំណោះ ស្រាយ​ទាល់តែសោះ ឬ មួយ​ក៏​អាជ្ញាធរ​ទាំងនោះ បានទទួល​សំណែន ពី​ពួក​ក្រុមហ៊ុន ដែល​រកស៊ី​កាយ​ដី​និង​ដឹក​ដី លក់​ទាំង​នោះទេ​ដឹង បានជា​គ្មាន​ចំណាត់ការ​អញ្ចឹង​? ។​

ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ ត្រូវបាន​លោក កែវ រំ​ដេ​ត មេឃុំ​ស្ទឹងត្រង់ និង​លោក វ័រ រួម ជំទប់​ទី​១​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ មានប្រសាសន៍​រួមគ្នា​ឲ្យ​អ្នកយកព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា នេះ​ថា ​៖ មិន​ថា​ផ្ទះ​ប្រជាពលរដ្ឋ​នោះទេ ដែល​ដី​ហុយ​ចូល សូម្បីតែ​ក្នុង​សាលាឃុំ​ស្ទឹងត្រង់ ក៏​អាជ្ញាធរ​មក​ធ្វើការ អង្គុយ​ហិត​ដី​ហុយ​ចូល​ដែរ។ ​បើ​និយាយ​ពី​ផ្លូវ​វិញ​គឺ​ខូច​ជា​បណ្តើៗ​ហើយ ពិសេស​ផ្លូវ​នៅ​ភូមិ​ដីស ឃុំ​ស្ទឹងត្រង់។ លោក បាន​បន្តថា ​៖ ក្រុមហ៊ុន​ដែល​កាយ​អាចម៍ដី​លក់ នៅក្នុង​ឃុំ មានតែ​មួយគត់ ដែលមាន​ច្បាប់ ចំណែក​ផ្សេងៗ​ទៀត វា​ជា​រថយន្ត​របស់​អ្នកភូមិ​តូចៗ​ប៉ុណ្ណោះ ហើយ​កន្លងមក ប្រជាពលរដ្ឋ​ធ្លាប់បាន​ប្តឹង​មក​លោក​ដែរ ប៉ុន្តែ​លោក​មិនមាន​សមត្ថកិច្ច ចុះ​ឃាត់​ក្រុមហ៊ុន​ទាំង​នោះទេ ដោយសារតែ​គេ​មានច្បាប់​អនុញ្ញាត​ពី​រដ្ឋបាលខេត្ត ដែលមាន​ចំណារ​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​ផងដែរ។​

សូម​បញ្ជាក់ដែរថា​៖ យោងតាម​សេចក្តីសម្រេច​លេខ​០២៣/១៩​សសរ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន ស្តីពី​ការផ្តល់​អាជ្ញា​ប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ សម្រាប់​សេវាកម្ម​ជីក​អាចម៍ដី​-​រណ្តៅ​ដី​ចល័ត ដែលមាន​ចំណារ​អនុញ្ញាត របស់​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ចុះ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ បានផ្តល់​សិទ្ធ​ឲ្យ​ឈ្មោះ នៅ វុទ្ធី ម្ចាស់​ក្រុមហ៊ុន​គ្រឿងចក្រ​កាយ​អាចម៍ដី ដំណើរការ​នៅក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ផងដែរ៕

ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114