ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​ដាំ​បន្លែ​សុវត្ថិភាព​នៅ​ស្រុក​កញ្ជ្រៀច ​បាន​កើន​ឡើង​ដល់​៣០​ហិកតា​ ព្រោះ​មាន​ទីផ្សារ

ព្រៃវែង​ ៖ ​ ប្រជាកសិករ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ នៅ​ស្រុក​កញ្ជៀច បាន​កើនឡើង​ច្រើន​ខុសពី​ឆ្នាំមុន រហូតដល់​៥០% ដោយ​ឆ្នាំមុន​ចំនួន​អ្នក​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​មាន​​​ប្រមាណ​១៥​ហិកតា​ទេ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ ​បាន​កើន​ឡើង​ដល់​ប្រមាណ​៣០​ហិកតា ព្រោះ​កត្តា​តម្លៃ​បន្លែ​សុវត្ថិភាព​លក់​បាន​ថ្លៃ​គួរសម ហើយ​ឈ្មួញ​ចុះ​មក​ទិញ​ដល់​កន្លែង​តែ​ម្តង យើង​គ្រាន់តែ​កាត់​ច្រក​ដាក់​ថង់​រួច​ស្រេច​ឈ្មួញ​យក​អស់​គ្មាន​សល់។

​ប្រជាពលរដ្ឋ​រស់នៅក្នុង ភូមិ អ្នកតា​ជ័យ , ភូមិ​ត្រពាំង​ប្រស្រែ​លិច និង ភូមិ​ត្រពាំង​ប្រស្រែ​កើត ឃុំ​គោក​គង់​លិច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​ដែល ជា​កសិករ​ដាំ​បន្លែ​សុវត្ថិភាព​បាន​ថ្លែងប្រាប់​ទាំង​ទឹកមុខ​ញញឹម​​​ថា ​ចាប់​អាជីព​នេះ​ជាង ២០​ឆ្នាំ​មកហើយ ក៏បាន​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​យ៉ាង​ស្រួល​និង​ផ្គត់ផ្គង់​ឲ្យ​កូន​សិក្សា​បាន​គួរសម​ផងដែរ និង សេសសល់​ប្រាក់​បន្តិចបន្តួច​ដើម្បី​សន្សំ​ផង​ដែរ ​មិនបាច់​ចំណាកស្រុក​ទៅ​ប្រទេសជិតខាង​នោះ​ទេ​។​

ក្រុម​ប្រជាពលរដ្ឋ​ដាំ​បន្លែ​សុវត្ថិភាព​បាន​បន្តទៀត​ថា ​មុនដំបូង​មាន​ពលរដ្ឋ​ប្រមាណ​ជាង​៥​ទៅ​៦​គ្រួសារ​តែប៉ុណ្ណោះ​ ដែល​ចាប់​អាជីព​ដាំ​បន្លែ ដើម្បី​យក​ទៅ​លក់ បាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ ដោយ​ពេលនោះ​ពួកគាត់​មិនទាន់​ចេះ​បច្ចេកទេស ឬ ប្រើ​ថ្នាំ​ធម្មជាតិ​ថ្នាំ​គីមី អ្វី​ឡើយ ​ចេះតែ​ដាំ​​​ទៅ​បាន​ផល​យក​ទៅ​លក់​មិនបាន​ផង​គឺ គឺ​បោះចោល​ភាគច្រើន​ដាំ​មិនសូវ​បាន​ផល​នោះទេ​។​

​មួយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ ក៏មាន​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​ចុះ​ណែនាំ​បង្រៀន​បច្ចេកទេស​ការ​ដាំ​បន្លែ​សុវត្ថិភាព​ប្រើប្រាស់​ថ្នាំ​តាម​ការកំណត់ ពេល​ដែល​ប្រើ​និង​ពេល​ប្រមូល​ផល​ដោយ​ត្រូវ​តាម​ការ​គោ​ការណ៍ កំណត់​គឺ​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​នោះ​ឡើយ។ ការណែនាំ​ទាំង​បច្ចេកទេស​របស់​មន្ត្រី​ជំនាញ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ បាន​យល់ដឹង និង​មាន​កំ​កើន​ឡើង​ការដាំដុះ​បន្លែ​សុវត្ថិភាព​កាន់តែ​ច្រើន​ក្នុង​ឆ្នាំ​២០១៩​នេះ ដីស្រែ​ដែល​ធ្លាប់តែ​ធ្វើស្រែ​បែរជា​ក្លាយជា កន្លែង​ដាំ​បន្លែ​សុវត្ថិភាព​សឹង​អស់​ទៅហើយ។

ពួកគាត់​បាន​បន្ថែម​ទៀត​ថា​ ចំណែក​ទីផ្សារ​វិញ​មិន​ពិបាក​នោះ​ទេ ​គឺ​ឈ្មួញ​បាន​ចុះ​មក​ទិញ​ដល់​កន្លែង​តែម្តង យើង​គ្រាន់តែ​រៀបចំ តាម​ការ​កុម្ម៉ង់​ទិញ របស់​ពួកគាត់​ជាការ​ស្រេច។

លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់​ និង​នេសាទ ខេត្ត​ព្រៃវែង​បាន​ថ្ងៃ​ប្រាប់ ​ថា​ផ្ទៃដី​នៅ​ឃុំ​គោក​គង់​លិច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ដែល​ប្រជាពលរដ្ឋ​ដាំ​បន្លែ​សុវត្ថិភាព ទាំង​រដូវវស្សា​និង​រដូវ​ប្រាំង​នៅ​លើ​ផ្ទៃដី​ប្រមាណ ២៩ ទៅ ៣០​ហិកតា។ បន្លែ​ដែល​ដាំ​នោះ​ មាន​បន្លែ​យក​ស្លឹក​ បន្លែ​​​យកមើម​ បន្លែ​យក​​ផ្លែ ដូចជា​ស្ពៃចង្កឹះ ស្ពៃ​តឿ ខាត់ណា ស្ពៃក្រញាញ់ ស្ពៃស ចំណែក​បន្លែ​យក​មើ​ម​ដូចជា​សាច់​ថាវ និង​បន្លែ​យក​ផ្លែ​ដូច ជា​ម្រះ ត្រសក់​៘ ប៉ុន្តែ​នៅ​រដូវប្រាំង​វិញ​ប្រជាពលរដ្ឋ​បាន​បង្កើន​ការដាំដុះ​បន្លែ​សុវត្ថិភាព​នៅលើ​ផ្ទៃដី​ធ្វើស្រែ​​បន្ថែមទៀត​។ ​នៅក្នុង​ស្រុក​កញ្ជ្រៀច​គឺ​មិនទាន់មាន​បន្លែ​សរីរាង្គ​នោះទេ ក៏ប៉ុន្តែ​យើង​មាន​បន្លែ​សុវត្ថិភាព ដោយ​ក្រុម​បច្ចេកទេស​​​របស់​មន្ត្រី​កសិកម្ម ​បាន​ចុះ​ណែនាំ​ទៅដល់​ប្រជាកសិករ អោយ​ប្រើ​ថ្នាំ​កសិកម្ម​តាម​ការ​កំណត់ពេល​ប្រើ​និង​ប្រមូល​ផល​ឲ្យ​បាន​ច្បាស់លាស់​។​

លោក​បាន​បន្ថែមទៀតថា មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បាន​ជំរុញ​សម្រាប់​ក្រុម​កែលម្អ និង​ដើមទុន​សម្រាប់​បង្វិល​ជូន​កសិករ​ខ្វះខាត ក្រៅពី​ហ្នឹង​ក៏មាន វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​ការដាំ និង​ស្វែងរក​ទីផ្សារ អ្នក​ដាំ​និង​អ្នកទិញ​រក​ទីផ្សារ​ជូន​កសិករ​ផងដែរ ខាង​មន្ទីរ​បាន​អញ្ជើញ ឈ្មួញ​ខាង​ភ្នំពេញ កំពង់ចាម ត្បូងឃ្មុំ ដើម្បី​ពិភាក្សា ការ​កុម្ម៉ង់​ទិញ​បន្លែ​សុវត្ថិភាព តាម​តម្រូវការ​ក្នុង​ទីផ្សារ​។​

​សូម​ជម្រាប​ជូន​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​អ្នកតា​ជ័យ ភូមិ​ត្រពាំង​ប្រស្រែ​លិច និង ភូមិ​ត្រពាំង​ប្រស្រែ​កើត បាន​ដាំ​បន្លែ​ធម្មជាតិ គ្មាន​គីមី​គ្រប់​ប្រភេទ​រហូតដល់​ទៅ​៣០​ហិកតា​ឯ​ណោះ ហើយ​ពួកគាត់​សង្ឃឹមថា បងប្អូន នឹង​ជួយ​គាំទ្រ​បន្លែ​របស់​ពួកគាត់​ទាំង​អស់គ្នា។ បងប្អូន​ប្រជាកសិករ​នៅ​ទីនោះ​ក៏​សូម​អំពាវនាវ​ដល់ អាជ្ញាធរ​ពាក់ព័ន្ធ​មន្ត្រី​ជំនាញ​ក្រសួង​ស្ថាប័ន​ទាំងអស់​មេត្តាជួយ​ឲ្យ​ចុះ​ផ្ដល់​បច្ចេកទេស​ក្នុង​ការ​ដាំដុះ​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ផល​ល្អ​ច្រើន​និង​សូម​ឲ្យ​ជួយ​ស្វែងរក​ទីផ្សារ​ដើម្បី​ឲ្យ​គាត់​ទទួល​បាន​នូវ​ប្រាក់ចំណេញ ពី​ការ​ដាំ​បន្លែ​ធម្មជាតិ​នៅ​ក្នុង​ស្រុក​កញ្ជ្រៀច​នេះ ដើម្បី​ជួយ​ពង្រឹង​និង​លើក​កម្ពស់​សុខភាព ដល់​អ្នក​ហូប ទូទាំង​ប្រទេស​នោះ​ផង​ដែរ៕

ដោយ ៖ សៅ​គ្រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114