ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថានទូត​កម្ពុជា​នៅ​ជប៉ុន​ផ្ដល់​លេខ​ទូរស័ព្ទ​ដល់​ពលរដ្ឋ​ខ្មែរ​ធ្វើ​ទំនាក់ទំនង​ ខណៈ​គ្រោះ​រញ្ជួយ​ដី​កើតមាន

ភ្នំពេញ​ ៖​ ស្ថានទូត​កម្ពុជា​នៅ​ជប៉ុន​នា​រាត្រី​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ បានផ្តល់​លេខ​ទូរ​ស័ព្ទ​ដល់​ពលរដ្ឋ​ខ្មែរ​ដើម្បី​ទំនាក់ទំនង​ក្នុងករណី​ពួកគេ​ដឹង ពី​ផលប៉ះពាល់​ផ្ទាល់​ដោយសារ​គ្រោះ​រញ្ជួយ​ដី កម្រិត​៦,៨​រិច​ទ័​រ នៅ​ខេត្ត​នី​ហ្គា​តា​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ជប៉ុន​។​

សេចក្តីជូនដំណឹង​រប​ស់​ស្ថានទូត​បានបញ្ជាក់​ថា ​៖«​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​សិស្ស​/​និស្សិត​និង​សិក្ខាកាម​ខ្មែរ​ដែល​កំពុងមាន​វត្ត​មាននៅ​ប្រទេស​ជប៉ុន​ឲ្យ​បាន​ជ្រាបថា​ នៅវេលា​ម៉ោង​១០​និង​២២​នាទី​យប់ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ មាន​គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​ខ្ពស់​រហូតដល់ ៦,៨ រិច​ទ័​រ​បាន​ចាប់ផ្តើម​នៅ​ខេត្ត​យ៉ាម៉ា​ហ្គា​តា (Yamagata)​។ អាជ្ញាធរ​ជប៉ុន​ បាន​ប្រកាសថា​ គ្រោះ​រញ្ជួយ​ដី​អាច​បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​នៅតាម​តំបន់ឆ្នេរ នៃ​ខេត្ត Yamagata, Niigata និង Ishikawa​។ អាស្រ័យហេតុនេះ​ស្ថានទូត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ សិស្ស​/​និស្សិត និង​សិក្ខាកាម​ខ្មែរ​ទាំងអស់​មេត្តា​ឋិត​នៅ​ឲ្យ​ឆ្ងាយ​ពី​តំបន់​មាត់សមុទ្រ​នៃ​ខេត្ត​ទាំងបី​ខាងលើនេះ​។​

ក្នុងករណី​មាន​បងប្អូន ក្មួយៗ​មាន​ព័ត៌មាន​អំពី​ប្រជាពលរដ្ឋ សិស្ស​/​និស្សិត ឬ​សិក្ខាកាម​ខ្មែរ​ដែល​រស់នៅក្នុង​តំបន់​នោះ​ទទួលរង​ផលប៉ះពាល់​សូមមេត្តា​ជូនដំណឹង​មក​ស្ថានទូត​ជាបន្ទាន់​តាមរយៈ​៖- ហ្វ៊េ​ស​ប៊ុ​ក របស់​ស្ថានទូត Royal Embassy of Cambodia in Japan-​ទូរស័ព្ទ​លេខ 080 4689 9374 ឬ 080 3459 7889 ។​ស្ថានទូត​សូម​ជូនពរ​អោយ​ប្រជាពលរដ្ឋ សិស្ស​/​និស្សិត និង​សិក្ខាកាម​ខ្មែរ​ទាំងអស់​ជួបប្រទះ​តែ​សំណាងល្អ​គ្រប់ៗ​គ្នា​»​។​ ​

​គ្រោះ​រញ្ជួយ​ដី​កម្លាំង ៦,៧ រិច​ទ័​រ​ដ៏​ខ្លាំង​មួយ​ បាន​វាយប្រហារ​លើ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ជប៉ុន កាលពី​យប់​ថ្ងៃ​អង្គារ​ទី ១៨ មិថុនា ដែល​បង្ក​ឲ្យ​មានការ​ប្រកាស​អាសន្នរ​លក​យក្ស​ស៊ូណាមិ​។ ប៉ុន្តែ​ក្រោយមក​ការប្រកាសអាសន្ន​នេះ ត្រូវ​បាន​លុបចោល​នៅ​ថ្ងៃទី​១៩ ខែមិថុនា​។ គ្មាន​របាយការណ៍​បង្ហា​ញ​ពី​ការខូចខាត​ធ្ងន់ធ្ងរ​ឡើយ គឺ​គ្រាន់​តែមាន​អ្នករបួស​ស្រាល​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ក្នុង​ហេតុការណ៍​នេះ​។​

នៅ​ថ្ងៃទី​១៨ ខែមិថុនា ភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ព្រមាន​ថា​រលក​កម្ពស់​មួយ​ម៉ែត្រ​អាច​វាយប្រហារ​លើ​ឆ្នេរ​នៃ​សមុទ្រ​ជប៉ុន​។ ​ប៉ុន្តែ​ក្រោយមក​រលក​កម្ពស់​ត្រឹម​១០​សង់ទីម៉ែត្រ​ប៉ុណ្ណោះ​ត្រូវបាន​គេ​កត់ត្រា​បាន​។ ប្រហែល​ជាង​២​ម៉ោង​ក្រោយពី​រញ្ជួយ​ដី​ភ្នាក់ងារ​នេះ​បាន​លុបចោល​ការប្រកាសអាសន្ន​រលក​ស៊ូណាមិ​វិញ​។​

​គ្រោះ​រញ្ជួយ​ដី​ដែល​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​១០​និង​២២​នាទី​យប់​ថ្ងៃទី​១៨ ខែមិថុនា មាន​រង្វាស់ ៦,៧ រិច​ទ័​រ។ ចំណែក​ភ្នាក់ងារ​វាស់​ស្ទង់​ធរណី​របស់​អាមេរិក​កំណត់​កម្រិត​រញ្ជួយ​ដី​នេះ​នៅត្រឹម ៦,៤​រិច​ទ័​រ​។ តាមរយៈ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​ដកស្រង់​សំដី​របស់​អាជ្ញាធរ​ក្នុងស្រុក​មនុស្ស​យ៉ាងហោចណាស់ ១៦​នាក់​រងរបួស​ក្រោយ​ហេតុការណ៍​នេះ​។

​ប្រាប់​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​លោកនាយក​រដ្ឋមន្ត្រី​ស៊ិន​ហ្សូ អា​បេ បញ្ជាក់​ឲ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន​នឹង​ប្រុងប្រៀប​ខ្លួន​ជានិច្ច​សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ​ដែល​អាច​កើតមាន​ក្នុង​តំបន់​។ ទន្ទឹមនឹង​គ្នា​នេះ មេដឹកនាំ​រូបនេះ​ក៏បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​គ្រប់ពេល​ផងដែរ​៕

ដោយ ៖ ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114