ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​បឹងកេត គ្រោង​ដាក់​កីឡាករ​វ័យក្មេង​៤​នាក់​ឲ្យ​ចូល​រួម​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន

ក្រោយ​ការ​ចាប់​ឆ្នោត​វគ្គ​ជម្រុះ​១៦​ក្រុម​ចង​ក្រោយ​(​ថ្នាក់ជាតិ​) នៃ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ (Hun Sen Cup 2019) ដែល​រៀបចំឡើង​ដោយ​គណៈកម្មាការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC)​សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(​ស​.​ប​.​ក​)​បាន​បង្ហាញថា ក្រុមបាល់ទាត់​បឹងកេត នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​ខេត្ត​សៀមរាប ដោយ​នឹង​ត្រូវ​តទល់​គ្នា​ចំនួន ២​ជើង​។

ដោយសារ​លក្ខន្តិកៈ​ក្នុង​ការប្រកួត​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន តម្រូវ​ឲ្យ​ប្រើប្រាស់​តែ​កីឡាករ​ខ្មែរ​លោកគ្រូ ហៅ សុជាតិ គ្រូបង្វឹក​របស់​ក្លិប​បឹងកេត បាន​បញ្ជាក់ថា នឹង​ព្យាយាម​ផ្តល់​ឱកាស​ដល់​យុវជន​ក្មេងៗ​ដើម្បី​ទទួល​បាន​ឱកាស​សមត្ថភាព​។ គិត​ត្រឹម​ពេលនេះ​ក្រុមបាល់ទាត់​បឹងកេត បាន​បញ្ចូល​ឈ្មោះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ ចំនួន​៤​រូប ទៅក្នុង​ក្រុម​ធំ ដោយ​ក្នុងនោះ​រួមមាន ស្រ៊ី ពិសិដ្ឋ​, លី ម៉ា​ឯល​, ហ៊​ត ឈិន​ជិន និង នី សា​គី​រី​ន។

យោង​តាម​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​បឹងកេត បាន​បញ្ជាក់​កីឡាករ​ទាំង​៤​នាក់ បាន​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ និង​បង្ហាញ​សមត្ថភាព​ចំពោះមុខ​គ្រូបង្វឹក ហៅ សុជាតិ នៅ​ជំនួប ២-២ ជាមួយ​ភ្នំពេញ​ក្រោ​ន​កន្លង​មក​នេះ​ផង​ដែរ​។ ​លោក ហៅ សុជាតិ គ្រូបង្វឹក​បឹងកេត បាន​បន្ត​ថា «​យើង​ដឹង​ហើយ​ថា​សៀមរាប គឺជា​ក្រុម​រងជើង​ឯក​ថ្នាក់​ខេត្ត ហើយ​ទោះបី​កម្រិត​នៃ​ក្រុម​ទាំងពីរ មានការ​ខុសគ្នា​ក៏ដោយ ក៏​យើង​មិនអាច​មើលងាយ​គូប្រកួត​បាន​ដែរ​។ ម្យ៉ាងវិញទៀត គឺ​យើង​ត្រូវ​ទៅលេង​នៅ​ទឹកដី​របស់​ពួកគេ​ដែល​ដឹង​ហើយ​ថា​ នៅ​ទីនោះ​គឺ​មិន​ងាយស្រួល​សម្រាប់​យើង​ទេ ហើយ​មុន​ប្រកួត​ជាមួយ​ពួកគេ យើង​ត្រូវ​ជួប​សូល​ទី​ឡូ​អង្គរ ក្នុងការ​ប្រកួត​លី​គ​ផងដែរ​»​។

ក្រុម​បឹងកេត មិន​ធ្លាប់​ប្រជែង​បាន​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នោះ​ទេ តែ​ក្រុម​នេះ​ធ្លាប់​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​២​ដង​ហើយ​ ត្រឹម​ខកចិត្ត​និង​ធ្លាប់​ឈ្នះ​ចំណាត់ថ្នាក់​លេខ​៣​បាន​ម្តង​នៅ​ឆ្នាំ​២០១៤ និង​ឈ្នះ​បាន​លេខ​៤១​លើក​នៅ​ឆ្នាំ​២០១៧​។ កាលពី​រដូវ​កាល​មុន​ក្រុម​បឹងកេត បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្រោម​ថ្វី​ជើង​ក្រុម​ណាហ្គា​វើ​ល​។

​សូម​បញ្ជាក់​ថា ​CNCC បាន​ចាប់ឆ្នោត​បែក​ចែក​គូប្រកួត​ប្រចាំ​វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពី​ពេល​ថ្មីៗ​នេះ​គឺ​ក្រុម​អគ្គិសនី​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រកួត​ជាមួយ វិសាខា ក្រុម​ខេត្ត​រតនគីរី ប្រកួត​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ប្រកួត​ជាមួយ​ក្រុម​ក្រសួងការពារជាតិ ក្រុម​ខេត្តសៀមរាប ប្រកួត​ជាមួយ​ក្រុម​បឹងកេត ក្រុម​ខេត្តកំពង់ចាម ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ក្រុម​ខេត្ត​ត្បូងឃ្មុំ ប្រកួត​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​គីរីវង់​សុខ​សែន​ជ័យ ប្រកួត​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​។ ចំពោះ​ការប្រកួត គឺ​គ្រោង​នឹង​ធ្វើ​ចំនួន ២​ជើង ចាប់ផ្ដើម​ជើង​ទី​១ នៅ​ថ្ងៃទី​២៦​ខែមិថុនា ឆ្នាំ​២០១៩ ខណៈ​ជើង​ទី​២ នៅ​ថ្ងៃទី​៣ ខែកក្កដា ត្រូវ​ប្ដូរ​ទឹកដី​ទៅ​ក្រុម​ដែលជា​ភ្ញៀវ​វិញ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114