ព័ត៍មានទាន់​ហេតុការណ៏
Search

ឪពុក​ស្តី​បន្ទោស​កុំ​ឲ្យ​សេព​គ្រឿងញៀន​ កូនប្រុស​សំណព្វ​ចិត្ត​ចង.ក​សម្លាប់​ខ្លួន

កណ្តាល ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​លើ​ដើម​អំពិល​ក្រោយ ​ត្រូវ​បាន​ឪពុក​ស្ដីបន្ទោស​រឿង​ជក់​ថ្នាំញៀន។ ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ម៉ោង​១០​ព្រឹក​ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ីម ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ និង​មាន​ឪពុក​ឈ្មោះ ស្វាយ ស៊ីម។

តាម​ការ​បំភ្លឺ​របស់​ឪពុកម្ដាយ​របស់​ជនរ​ង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ពួកគាត់​ធ្លាប់​ស្ដីបន្ទោស​ដាក់​កូនប្រុស​ដែលជា​ជនរងគ្រោះ​ពី​រឿង​ជក់​ថ្នាំញៀន។

តាម​សាក្សី​នៅក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ ពេល​ដែល​បាត់​កូន​មិនឃើញ ធ្វើ​ឲ្យ​ឪពុក​របស់​ជនរងគ្រោះ​ដើរ​ស្វែងរក ស្រាប់តែ​ប្រទះឃើញ​កូនប្រុស​ដែល​ជា​ជនរងគ្រោះ​បាន​យក​អាវយឺត​ចងក​ភ្ជាប់​ទៅ​នឹង​មែក​អំពិល​ស្លាប់​បាត់​ទៅ​ហើយ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ដល់​សមត្ថកិច្ច​ដើម្បី​ឲ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​តែម្តង​។

ក្រោយពី​ទទួល​បាន​សេចក្តី​រាយការណ៍​ខាងលើ​ភ្លាម កម្លាំង​ប៉ុស្តិ៍ រួម​សហការ​ជាមួយ​កម្លាំង​ផ្នែក​ពិនិត្យ​កន្លែង​កើតហេតុ​ស្រុក​ស្អាង រួមមាន​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​, ក្រុម​ប្រឹក្សាឃុំ និង​អនុ​ភូមិ ចុះ​ធ្វើការ​ពិនិត្យ​សព រក​ឃើញ​មាន​ស្នាម​ជាំ​ជុំវិញ​.​ក ក្រៅពី​នេះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ គឺ​ជនរងគ្រោះ​ពិត​ស្លាប់​ដោយសារ​ចង​.​ក​ប្រាកដ​មែន។ បន្ទាប់ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
មុនី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114