ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើសុំ​ឲ្យ​ចិន​សហការ​ជួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស ពិសេស​លើ​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានអនុញ្ញាត​ឲ្យ​លោក វ៉ាន កាង​(Wan Gang)​អនុ​ប្រធានសភា​ប្រឹក្សា​ប្រជាជន​ចិន​និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ចិន​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែមិថុនា ២០១៩ នៅ​វិមាន​សន្តិភាព​។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ​នៅក្នុង​ជំនួប​នោះ​លោក វ៉ាន កាង បាន​គោរព​ជ​ម្រាប​ជូន​សម្ដេច​តេ​ជោ​ថា នេះ​ជា​លើក​ទី​១ ហើយ​ដែល​លោក​បានមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​បាន​សំដែង​នូវ​សេចក្ដី​រីករាយ​ដែល​បាន ឃើញ​កម្ពុជា​មានការ​អភិវឌ្ឍ​។

​លោក វ៉ាន កាង បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ​គឺ​មាន ទិសដៅ​ពីរ​ទីមួយ​.​ដើម្បី​សំដែង​នូវ​ការគោរព​ជូន​ចំពោះ​សម្ដេច​តេ​ជោ​និង​ទី​២.​គឺ​ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​ជាពិសេស លើ​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​។ ក្នុង​ឱ​កាស​នេះ​លោក​បាន​គោរព​ស្នើសុំ​ទស្សនៈ​របស់​សម្ដេច​តេ​ជោ​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិទ្យា សាស្ត្រ​និង​បច្ចេកវិទ្យា​នេះ​។

ជា​ការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​លើក​ឡើង​របស់​លោក វ៉ាន កាង​។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា​ កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​គឺ​ចាំបាច់​ត្រូវការ​ធនធានមនុស្ស​ការ​ស្រាវជ្រាវ​និង​ជំរុញ​ការអភិវឌ្ឍ ,​ក្នុង​យុគសម័យ​ឌីជីថល ឬក៏​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ នេះ​គឺ​ចាំបាច់​ណាស់​ត្រូវ​មានការ​សិក្សា ការស្រាវជ្រាវ​និង​ការប្រើប្រាស់​បច្ចេកវិទ្យា IT ប្រើប្រាស់​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ដទៃទៀត​។

ក្នុង​ន័យ​នេះ ​សម្ដេច​តេ​ជោ​បាន​ជម្រាប​ជូន​លោក វ៉ាន កាង ថា កម្ពុជា​កំពុងតែ​តម្រង់​ទិស​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រប​ស្រប​ទៅ​តាម​ចរន្ត នៃ​យុគសម័យ​ឌីជីថល​និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​នេះ​។ ក្នុងន័យ​នេះ​សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា កម្ពុ​ជា​មាន​សាលា​សម្រាប់​បណ្ដុះបណ្ដាល​លើ​វិស័យ​នេះ​ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​យើង​នៅតែ​ត្រូវការ​ការអភិវឌ្ឍ​លើ​វិស័យនេះ​ថែមទៀត​។​ ក្នុង​ន័យ​នេះ​ សម្ដេច​តេ​ជោ ស្នើសុំ​ឲ្យ​ភាគី​ចិន​ជួយ​សហការ​ជាមួយ​កម្ពុជា​យើង​លើ​បណ្ដុះបណ្ដាល​ធនធានមនុស្ស វិស័យ​ស្រាវជ្រាវ​ក៏ដូចជា​វិស័យ​ដទៃទៀត​ពាក់ព័ន្ធ​ទៅ​នឹង បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​នេះ​។ ស​ម្ដេចក៏​ឆ្លៀតឱកាស​នេះ​ដែរ​បាន​ស្នើ​សុំ​ឲ្យ​លោក វ៉ាន កាង ធ្វើការ​សហការ​ជាមួយនឹង​រាជបណ្ឌិត្យសភាកម្ពុជា​, ក្រសួង​អប់រំ​ក៏ដូចជា​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​ផងដែរ៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114