ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​អាល្លឺម៉ង់​បន្ត​ជួយ​កម្ពុជា​លើ​វិស័យ​ដោះមីន​និង​មជ្ឈមណ្ឌល​ដោះមីន​អាស៊ាន

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់ លោក អ៊ីង​ហ្គោ ខា​ស្ទិ​ន (Ingo Karsten) ចប់​អាណត្តិ​ប្រចាំ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម​និង​ជម្រាបលា​នា​ព្រឹក​ថ្ងៃទី​១៩​ខែ មិថុនា ២០១៩ នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី​។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា លោក Ingo Karsten បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា លោក​បាន​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​គឺ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរ​ជាទី ចាប់អារម្មណ៍​បំផុត ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង នយោបាយ របស់​កម្ពុ​ជា​មាន​កម្លាំង​មាន​សន្ទុះ​និង​ការអភិវឌ្ឍ​យ៉ាងខ្លាំង។

លោក​បាន​សំដែង​នូវ​ការ​រីករាយ​ ដែល​បានឃើញ​និង​ធ្វើជា​សាក្សី​នៃ​ការ​អភិវឌ្ឍ​នេះ ហើយ​ក៏បាន​សំដែង​នូវ​ការ​រីករាយ​ដែល​បាន​ចូល​រួម​ចំណែក​ធ្វើការ​ជាមួយ​កម្ពុជា​ជា​ដៃគូ​ដ៏​ល្អ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការអភិវឌ្ឍ​របស់​កម្ពុជា​។ ជាពិសេស​ជាមួយនឹង​ការ​រីករាយ​អបអរសាទរ​ពី​អ្នក​វិនិយោគ​មក ពី​ប្រទេស​អាល្លឺម៉ង់ ពាក់ព័ន្ធ​នឹង​ការ​ទីផ្សារ​របស់​កម្ពុជា​។

ជា​ការ​ឆ្លើយតប​សម្ដេច​តេ​ជោ​បាន​សំដែង​នូវ​អំណរ​អរគុណ​ជូន​ដល់​លោក Ingo Karsten ចំពោះ​ចំណាប់អារម្មណ៍​របស់​លោក​ក្នុង​បេសកកម្ម របស់​លោក​នៅ​កម្ពុជា។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា​ អ្វី​ដែល Ingo Karsten បាន​មានប្រសាសន៍​នោះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ កម្ពុជា​យើង​គឺជា​សមិទ្ធផល​ជា​លទ្ធផល​ដែល​កម្ពុជា​ទទួល​បាន​តាមរយៈ​យុទ្ធសាស្ត្រ​របស់​កម្ពុជា​គឺ​មាន​ពីរ​ទីមួយ​ គឺ​ការ​កែប្រែ​តំបន់​សង្គ្រាម​ឲ្យ​ទៅជា​តំបន់​អភិវឌ្ឍន៍​និង​ទីផ្សារ​។ ទី​២.​កែប្រែ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ឲ្យ​ទៅជា​ព្រំដែន​មាន​សុខសន្តិភាព​មិត្តភាព​អភិវឌ្ឍន៍​និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា នោះ​គឺ​ការ​ប្រែក្លាយ​ដែន​ឲ្យ​ក្លាយទៅជា​តំបន់​ទីផ្សារ​ពាណិជ្ជកម្ម​។

សម្ដេច​តេ​ជោ​ក្នុង​ឱកាស​នោះ បាន​សំដែង​នូវ​អំណរគុណ​ជូន​ចំពោះ​លោក (Ingo Karsten)​និង​រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​អាល្លឺម៉ង់​ដែល​ជា រៀង ដរាប​មក​បាន​ជួយ​កម្ពុជា​យើង​ទាំង​វិស័យ​ដោះមីន​ទាំង​ការអភិវឌ្ឍន៍​ជនបទ​ទាំង​វិស័យ​វប្បធម៌​ទាំង​វិស័យ​ផ្សេងៗ​ទៀត​ជាច្រើន​ទាំងនោះ​គឺជា សន្តាន​ចិត្ត​គឺជា​មិត្ត​គឺជា​ដៃគូ​ដ៏​ល្អ​របស់​កម្ពុជា​។​ សម្ដេច​ក៏បាន​ស្នើសុំ​ឲ្យ​ភាគី​អាល្លឺម៉ង់​បន្ត​ជួយ​ដល់​កម្ពុជា​ទៀត​ជាពិសេស​លើ​វិស័យ​ដោះមីន និង មជ្ឈមណ្ឌល​ដោះមីន​អាស៊ាន​នៅ​កម្ពុជា៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114