ព័ត៍មានទាន់​ហេតុការណ៏
Search

អនុ​ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន

ភ្នំពេញ ​៖ លោក WAN Gang អនុប្រធាន​ក្រុមប្រឹក្សា​លើកកម្ពស់​ការបង្រួបបង្រួម​សន្តិភាព​ជាតិ និង​ជា​អនុ​ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន​។

នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​សវនាការ​ជាមួយ​លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា​នេះ នៅ​វិមាន​ព្រឹទ្ធសភា លោក​WAN Gang បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​អនុប្រធាន​ទី​២​ព្រឹទ្ធសភា ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ចូលជួប​សម្តែង​ការគួរសម និង​សវនាការ​នាពេលនេះ​។ លោក WAN Gang បាន​គូស​បញ្ជាក់​ថា ឆ្នាំនេះ​គឺជា​ឆ្នាំ​គ្រប់​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​ខួប​លើក​ទី​៦១ នៃ​ការបង្កើត​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន​-​កម្ពុជា ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​ព្រះ​បរម​រតន​កោដ្ឋ និង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន​។ តាមរយៈ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ប្រទេស​ទាំងពីរ​នឹង​កាន់តែ​រីកចម្រើន​ថែមទៀត ដើម្បី​ជំរុញ និង​ផ្តល់​ផលប្រយោជន៍​កាន់តែច្រើន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ លោក WAN Gang ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គោលនយោបាយ​ចិន​តែមួយ គាំទ្រ​ប្រទេស​ចិន​នៅក្នុង​ក្របខណ្ឌ​អាស៊ាន និង​ក្នុង​ក្របខណ្ឌ​មេគង្គ​-​ឡាន​ឆាង​។ លោក ក៏បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​រក្សា​បា​នូវ​អត្រាកំណើន​សេដ្ឋកិច្ច ក្នុង​រង្វង់​៧% និង​មាន​ភ្ញៀវទេសចរ​ចិន​កាន់​តែ​ច្រើន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះដែរ បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ដែល​រៀន​នៅ​ប្រទេស​ចិន​មាន​ចំនួន​ប្រហែល​ជាង​២.០០០​នាក់​ហើយ ក្នុងនោះ​ក៏មាន​អ្នកជំនាញ​ខាង​វិជ្ជា​សាស្ត្រ​មួយចំនួន​កំពុងតែ​សិក្សា​រៀនសូត្រ​។ សង្ឃឹមថា​នាពេលខាងមុខ​នឹងមាន​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​កាន់តែច្រើន​ថែមទៀត​។

លោក ទេព ង​ន បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក WAN Gang និង​គណៈប្រតិភូ​។ ដំណើរ​ទស្សនកិច្ច​នេះ នឹង​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​ផលប្រយោជន៍​ដ៏​ធំធេង​ទៅវិញទៅមក សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត​។

លោក ទេព ង​ន បាន​បញ្ជាក់ថា ៦១ ឆ្នាំ​កន្លងទៅនេះ ប្រទេស​ទាំងពីរ​បា​នប​ន្ត​នូវ​ប្រពៃណី​ពី​ថ្នាក់ដឹកនាំ​ជំនាន់​មុន ដែលមាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” ជាមួយនឹង​លោក​ប្រធាន ម៉ៅ សេទុង និង​លោកនាយក​រដ្ឋមន្ត្រី ជូ អេ​ន​ឡាយ ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន ក្នុង​គោលបំណង​លើកកម្ពស់​ទំនាក់ទំនង​ខាង​នយោបាយ ការបរទេស យោធា នគរបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សិល្បៈ វប្បធម៌ អប់រំ កីឡា និង​ចំណង​មេត្រីភាព​រវាង​ខេត្ត​-​ក្រុង នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ដោយស្មោះ​ត្រង់​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ​។ ក្នុងនាម​ប្រជាជន​កម្ពុជា និង​ក្នុងនាម​ព្រឹទ្ធសភា លោក ទេព ង​ន បាន​ថ្លែងអំណរគុណ និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​វិភាគទាន​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ជា​បងប្អូន ដែល​បាន​ចូលរួមចំណែក​ដ៏​ធំធេង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា តាមរយៈ​ការផ្តល់​ជំនួយឥតសំណង ឥណទាន​គ្មាន​ការប្រាក់ ឥណទាន​សម្បទាន និង​ជំនួយ​បច្ចេកទេស​។ ជំនួយ​រដ្ឋាភិបាល​ចិន និង​ការរួមចំណែក​របស់​វិស័យ​ឯកជន​ចិន បាន​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​បាន​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជា​លំដាប់​។ ប្រទេស​ចិន និង​កម្ពុជា គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ និង​ជាទី​ទុកចិត្ត​បំផុត​សម្រាប់​គ្នា​ទៅវិញទៅមក​។ បើ​គ្មាន​ការគាំទ្រ​ដោយ​សប្បុរស និង​ដោយ​គ្មាន​លក្ខខណ្ឌ​ពី​ប្រទេស​ចិន​ទេ នោះ​កិច្ចដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ ក៏​មិន​អាចមាន​ជោគជ័យ​ដូច​ថ្ងៃ​នេះដែរ​។ ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ទាំង​ពេលបច្ចុប្បន្ន និង​ពេល​អនាគត ក៏​មិនអាច​កាត់​ផ្តាច់​បាន​ពី​ការឧបត្ថម្ភ​គាំទ្រ​ពី​ប្រទេស​ចិន​បាន​ឡើយ​។ ជាពិសេស​ពី​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក្រោម​គោលនយោបាយ “​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​” និង​ធនាគារ វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​(AIIB)​។ ជា​មួយ​គ្នា​នេះ ប្រទេស​កម្ពុជា​ក៏​ទទួល​បាន​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ពី​ក្របខណ្ឌ​អាស៊ាន​-​ចិន អាស៊ាន​បូក​បី តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន និង​កិច្ច​សហប្រតិបត្តិការ​ទន្លេ មេគង្គ​-​ឡាង​ឆាង​។ ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទីមួយ​របស់​អាស៊ាន ហើយ​នៅ​ឆ្នាំ​២០២០ ខាងមុខ អាស៊ាន​-​ចិន និង​សម្រេច​គោលដៅ​ពាណិជ្ជកម្ម​ទៅវិញទៅមក​ចំនួន​មួយ​ពាន់​ពាន់​លាន​ដុល្លារ (១​ទ្រ៊ី​លាន​) និង​ការវិនិយោគ​ទៅវិញទៅមក​កើន​ដល់​១៥០ ប៊ី​លាន​ដុល្លារ​។ លោក ទេព ង​ន បាន​អបអរសាទរ និង​កោតសរសើរ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បាន​អនុវត្ត​នយោបាយ​កែទម្រង់ និង​បើកចំហរ​ដោយ​ជោគជ័យ ធ្វើ​ឲ្យ​ប្រទេស​ចិន​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​យ៉ាង​ខ្លាំងក្លា​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២ មាន​កិត្យានុភាព​កាន់តែ​ខ្ពស់ និង​តួនាទី​កាន់តែ​ធំ​លើ​ឆាក​អន្តរជាតិ​៕
សុង​យោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114