ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម​ជម្រើសជាតិ​ប៉េ​រូ បំបាក់​ក្រុម​ជម្រើសជាតិ​បូ​លី​វី​៣-១​នៅ Copa America

ក្រុម​ជម្រើសជាតិ​បូ​លី​វី រកបាន​គ្រាប់​បាល់​លើកដំបូង​របស់​ខ្លួន​ពី​៥​ប្រកួត ប៉ុន្តែ​នៅតែ​មិន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ពួកគេ​រកបាន​ជ័យជំនះ​លើកដំបូង​នៅ Copa America ដដែល ពេល​ដែល​ក្រុម​ជម្រើសជាតិ​ប៉េរូ តាម​ពីក្រោយ​សម្រេច​បាន​ជ័យជំនះ​៣-១​នៅ​ការប្រកួត​ក្នុង​ពូ​ល A​របស់​ពួកគេ​នៅក្នុង​ទីក្រុង Rio de Janeiro កាលពី​ថ្ងៃ​អង្គារ​។

ក្រុម​ជម្រើសជាតិ​បូ​លី​វី ដែល​បានឈ្នះ​ជើងឯក Copa America ចុងក្រោយ​របស់​ខ្លួន​កាលពី​ឆ្នាំ​១៩៦៣​នោះ មិនដែល​រកបាន​គ្រាប់​បាល់​ម្តងណា​ឡើយ ចាប់តាំងពី​ការ​ទាត់​ស្មើ​២-២​ជាមួយ​ក្រុម​ជម្រើសជាតិ​នី​កា​រ៉ា​ក្វា កាលពី​ខែមីនា ប៉ុន្តែ​ពួកគេ​បានធ្វើ​ការ​នាំ​មុខមុន ក្រោយ​លេង​បាន​២៨​នាទី​ប៉ុណ្ណោះ ពេលដែល​កីឡាករ Marcelo Moreno ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ដោយសារ​មាន​ជំនួយ​ពី​ប្រព័ន្ធ​វីដេអូ​ជំនួយការ​កណ្តាល VAR​។

ដោយឡែក កីឡាករ Paolo Guerrero រកបាន​គ្រាប់​បាល់​ស្មើ​វិញ​សម្រាប់​ក្រុម​ជម្រើសជាតិ​ប៉េ​រូ នៅពេល​បញ្ចប់​ការប្រកួត​តង់​ទី​១ ពេល​ដែល​គាត់​ញាក់​បាល់​ដាច់​អ្នកចាំទី រួច​ពេន​មួយ​ជើង​បានសម្រេច​ចូលទៅក្នុង​សំណាញ់​ទី ហើយ​ខ្សែប្រយុទ្ធ​របស់​ក្លិប Internacional ម្នាក់នេះ បាន​ជួយ​រកបាន​១​គ្រាប់​ទៀត​ពេល​ការប្រកួត​តង់​ទី​២ ចូល​ដល់​នាទី​១០ ពេល​ដែល​គាត់​បញ្ជូន​បាល់​ឲ្យ​កីឡាករ Jefferson Farfan ពេន​មួយ​ជើង​បានសម្រេច​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ប៉េ​រូ នាំមុខ​មុន​។

ក្រុម​ជម្រើសជាតិ​ប៉េ​រូ ហាក់​លេង​កាន់តែ​ខ្លាំងក្លា​ឡើង​នៅក្នុង​តង់​ទី​២ ហើយ​ពួកគេ​មានឱកាស​រក​គ្រាប់​បាល់​ច្រើនលើក​ទៀត ប៉ុន្តែ​ត្រូវបាន​អ្នកចាំទី Carlos Lampe របស់​ក្រុម​ជម្រើសជាតិ​បូ​លី​វី សង្គ្រោះ​បាល់​បាន​។

នៅ​នាទី​៥​នៃ​ម៉ោង​បញ្ចប់​ការប្រកួត កីឡាករ​បម្រុង Edison Flores បន្ថែម​គ្រាប់​បាល់​ទី​៣​សម្រាប់​ក្រុម​ប៉េ​រូ។

បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​ប៉េ​រូ រកបាន​៤​ពិន្ទុ​ពី​២​ប្រកួត​របស់​ពួកគេ ខណៈដែល​ក្រុម​ជម្រើសជាតិ​បូ​លី​វី បន្ត​គ្មាន​ពិន្ទុ​ដដែល៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114