ព័ត៍មានទាន់​ហេតុការណ៏
Search

សាស្ត្រាចារ្យ​និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ចូលរួម​ដាំ​ដើម​កូនឈើ​នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា

ព្រះ​វិហារ ៖ កូនឈើ ៦​ប្រភេទ ចំនួន ២,៥២៨​ដើម ក្នុង​នោះ​រួមមាន ដើម​ព្រីង​១០០០​ដើម ក្រញូង​៤០០​ដើម បេង​៤០០​ដើម ធ្នង់​៣២៨​ដើម គគី​២០០​ដើម និង គីនីន​២០០​ដើម​ ត្រូវ​បាន​យកទៅ​ដាំ​នៅក្នុង​នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ស្ថិត​នៅ​ក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ​។

មន្ត្រី​ប្រចាំ​នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា នៅក្នុង​ឆ្នាំនេះ​ការ​ចាប់ផ្តើម​ដាំ​កូនឈើ​នៅ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៦ ខែមិថុនា​ ឆ្នាំ​២០១៩ ​ដោយមាន​ការចូលរួម​ពី​សាស្ត្រាចារ្យ និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ប្រមាណ​១៥០​នាក់ ព្រមទាំង​ការចូលរួម​ពី សិស្ស​វិទ្យាល័យ​ហ៊ុនសែន​ដូន​ទន់ ៤២​នាក់​, ប្រជាពលរដ្ឋ​ឃុំ​ឆែប​មួយ ២៥​នាក់​, និង​ឃុំ​ឆែប​ពីរ ១០​នាក់។

លោក​សាស្ត្រាចារ្យ ងួន សេង បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ការចូលរួម​ក្នុង​ការ​ដាំ​កូនឈើ នៅ​ឧទ្យាន​ជាតិ​មួយ​នេះ ដោយ​បញ្ជាក់​ថា ដើមឈើ​ពិតជា​បាន​ផ្តល់​នូវ អត្ថប្រយោជន៍​ជាច្រើន​ដល់​មនុស្ស សត្វ និង​បរិស្ថាន​។ លោក​បាន​បន្ត​ទៀត​ថា “​ដើមឈើ​មួយ​ដើម ផ្តល់​ដង្ហើម​រាប់​លាន​ជីវិត​”​។

ជាមួយគ្នា​នោះ លោក​សាស្ត្រាចារ្យ ឈុន ពហុ បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ឧទ្យាន​ឲ្យ​ចូល​រួម​ថែរក្សា​នូវ​ព្រៃឈើ​ដែល​មាន​ស្រាប់​ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន និង​វិស័យ​ទេសចរណ៍​។ លោក​បាន​លើក​ឡើង​ថា ការ​ដាំ​កូនឈើ មួយ​ដើម​ឲ្យ​រស់​គឺជា​ការ​លំបាក​ណាស់ តាំងពី​ការដាំ ការ​ថែរក្សា ជាដើម​។ ហេតុនេះ ដើមឈើ​ដែល​ដុះ​ហើយ​មាន​អាយុ​ច្រើន​ឆ្នាំ​នោះ យើង​ត្រូវតែ​ថែរក្សា​វា​ឲ្យ​បាន​ល្អ​។ លោក​បន្ត​ថា “​ដើមឈើ ជា​សេដ្ឋកិច្ច​បៃតង​”​។

លោក សូត្រ សំណាង តំណាង​ក្រុមការងារ​ឧទ្យាន​បាន​ថ្លែងអំណរគុណ​ដល់​ការរួមចំណែក​របស់លោក​សាស្ត្រាចារ្យ និស្សិត ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ដែល​បានមក​រួមគ្នា​ធ្វើ​ពិធី​ដាំ​កូនឈើ​នៅ​តំបន់​ដាច់ស្រយាល​មួយ​នេះ​។ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​និស្សិត​នៅតាម​សាកលវិទ្យាល័យ ប្រជាពលរដ្ឋ និង​មហាជន ឲ្យមក​ដាំ​កូនឈើ​នៅទីនេះ ដើម្បី​ស្តារ​គម្រប​ព្រៃឈើ និង​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​និង​ពិភពលោក ក្នុង​ការ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​។

ក្រោយពី​សប្បាយរីករាយ​ក្នុង​ការដាំ​កូនឈើ​រួចមក ក្រុម​និស្សិត​និង​សាស្ត្រាចារ្យ បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ដោយ​នាំមក​នូវ​ថវិកា​ចំនួន ៨០០,០០០​រៀល សម្ភារៈ​សិក្សា កាបូបស្ពាយ និង​សំលៀកបំពាក់ ដើម្បី​ប្រគល់ជូន​ដល់​សិស្ស​ពូកែ​ទាំង​០៩​នាក់ នៅ​វិទ្យាល័យ​ហ៊ុនសែន​ដូន​ទន់​ស្រុក​ឆែប សិស្សានុសិស្ស​សាលាបឋមសិក្សា​ដង​ផ្លឹ​ត និង​ប្រជាពលរដ្ឋ​មក​ចូលរួម​ដាំ​កូនឈើ​ថ្ងៃនេះ​ថែមទៀត​ផង​៕
វ​ត្តី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114