ព័ត៍មានទាន់​ហេតុការណ៏
Search

លោក កែន ស​ត្ថា អភិបាលខេត្ត​កែប ដឹកនាំ​មន្ត្រីរាជការ​គ្រប់​អង្គភាព ដាំ​ដើម​រំដួល​ដើម្បី​សោភ័ណភាព​ក្នុង​ទីក្រុង​កែប

កែប ៖ នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​មន្ត្រីរាជការ​គ្រប់​អង្គភាព​ទូទាំង​ខេត្ត​ប្រមាណ​ជាង​២០០​នាក់ ដើម្បី​ចូលរួម​ដាំ​ដើម​រំដួល​បន្ថែមចំនួន​១០០​ដើម​ទៀត ស្ថិត​តាម​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រង់ចំណុច​វិមានឯករាជ្យ នៃ​ទីប្រជុំជន​ខេត្ត​កែប​។

មានប្រសាសន៍​ក្នុង​ឱកាស​នោះ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​ឲ្យ​ដឹង​ថា កន្លងមក​រដ្ឋបាល​ខេត្ត​បាន​ធ្វើ​ពិធី​ដាំ​ដើម​រំដួល​ប្រមាណ​ជាង​៤០០​ដើម​រួច​មក​ហើយ តែ​ដើម្បី​ជួយ​កែលម្អ​ទីក្រុង​ទេសចរណ៍​ឲ្យ​កាន់​តែ​មាន​សក្តានុពល​ខ្លាំងក្លា​ថែមទៀត​នោះ រដ្ឋបាលខេត្ត​ក៏​បន្ត​ដាំ​ដើម​រំដួល​បន្ថែមចំនួន​១០០​ដើម​ទៀត ដោយមាន​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ចូលរួម​ប្រមាណ​ជាង​២០០​នាក់​។

លោក​អភិបាលខេត្ត​បាន​បន្តថា ចំពោះ​អ្នក​ដែល​បាន​ចូលរួម​ដាំ​ដើមឈើ​(​ដើម​រំដួល​)​នេះ​ត្រូវតែ​នាំគ្នា​ថែទាំ ដូចជា​ស្រោច​ទឹក​ដើម្បីឱ្យ​ដើមឈើ​នេះ​លូតលាស់​ល្អ​រហូតដល់​វា​ចេញ​ផ្កា ហើយ​រំដួល​នេះ​ជា​តំណាងឱ្យ​ជាតិ​កម្ពុជា​របស់​យើង​ផងដែរ​។

លោក កែន ស​ត្ថា បាន​រម្លឹក​ថា កាលពី​ឆ្នាំ​២០១៤ ព្រះមហាក្សត្រ​បាន​ប្រទាន​នូវ​ដើម​ក្រញូង​ដល់​រដ្ឋបាលខេត្ត​កែប​សម្រាប់​យក​មក​ដាំ​នៅលើ​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ពេលនេះ​ដើម​ក្រញូង​នេះ​ក៏បាន​រីក​លូតលាស់​ល្អ​ផ្តល់​ម្លប់​យ៉ាង​ត្រជាក់​ទៀតផង​។

ជា​មួយ​នេះ ​យើង​ត្រូវតែ​យក​ដើមឈើ​ដែល​ព្រះមហាក្សត្រ​ប្រទាន​នេះ​ទុកជា​និមិត្តរូប និង​សម្រាប់​ចារ​ជា​ប្រ​វ​តិ្ត​សាស្ត្រ ដែល​មាន​ទីតាំង​សម្គាល់​ស្ថិត​ចំណុច​វិមាន​ឯករាជ ដោយ​ប្រ​វ​តិ្ត​សាស្ត្រ​នេះ​ក៏បាន​រម្លឹក​ឡើងវិញ​នូវ​បូជនីយកិច្ច​នៃ​ព្រះមហាក្សត្រ​ខ្មែរ ដែល​បានទទួល​ឯករាជ្យ​ហើយ​ទទួល​បាន​ជ័យជម្នះ​លើ​បារាំង​ក្នុង​ឆ្នាំ​១៩៥៣​ផងដែរ​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ទៀត​ថា នៅ​រៀងរាល់​ឆ្នាំ ពិធី​នៃ​រុក្ខទិវា ព្រះមហាក្សត្រ​តែងតែបាន​ធ្វើ​ពិធី​ជា​រៀងរាល់​ឆ្នាំ ដើម្បី​បំផុស​ប្រជាពលរដ្ឋ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឲ្យ​ចូល​រួម​ដាំ​ដើមឈើ ថែរក្សា​ដើមឈើ ស្រលាញ់​ដើមឈើ​។​ ទិវា​នេះ​មានន័យ​ជា​ប្រវត្តិសាស្ត្រ ដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវ​ចងចាំ​ថា ដើមឈើ​ពិតជា​មានតម្លៃ​ណាស់ ជាពិសេស​ខេត្ត​កែប​របស់​យើង​ត្រូវ​បាន​លម្អ​តាក់តែង​ដោយ​សួនផ្កា​ចម្រុះ​ពណ៌​ពេញទី​ក្រុងកែប​តែម្តង​៕
សេង ណា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114