ព័ត៍មានទាន់​ហេតុការណ៏
Search

បន្ត​ការ​រុះរើ​បង្គោល​ភ្លើង​មេ​ធំៗ​នៅតាម​បណ្តោយ​ផ្លូវ​ណត​ប្រឹ​ឌ

ភ្នំពេញ ៖ បង្គោល​ភ្លើង​មេ​ធំៗ នៅ​ចំ​កណ្តាលផ្លូវ​ណត​ប្រឹ​ឌ ដែល​កន្លងទៅ​តែងតែ​បង្ក​គោះ​ថ្នាក់​ចរាចរណ៍​ទៅដល់​អ្នកធ្វើដំណើរ បច្ចុប្បន្ន​ជំនាញ​កំពុង​បន្តធ្វើ​ការ​រុះរើ​ចាប់ពី​ចំណុច​ស្តុ​ប ផ្លូវបំបែក​រវាងផ្លូវ​សម្តេច ជា ស៊ឹម ផ្លូវ ឧកញ៉ា ម៉ុង រិទ្ធី​និង​ផ្លូវ​ភ្នំពេញ​ហាណូយ មកដល់​ជិត​សាលា​ខណ្ឌ​សែន​សុខ។

ត្រង់​ចំណុច​នេះ ក្រុមការងារ​អគ្គិសនី​បាន​ប្រើប្រាស់​រយៈពេល​រុះរើ​ប្រហែល​កន្លះ​ខែ​មកហើយ ដោយ​រុះ​បាន​បង្គោល​ភ្លើង​ប្រមាណ​ជាង ១០​បង្គោល។

កន្លងទៅ​បង្គោល​ភ្លើង​មេ​ធំៗ នៅ​ចំ​កណ្តាលផ្លូវ​ណត​ប្រឹ​ឌ ត្រូវ​បាន​ជំនាញ​ធ្វើការ​រុះរើ​អស់ហើយ​ចាប់ពី​ចំណុច​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ទៅដល់​ផ្លូវ​២០០៤ នឹង​បន្ត​ការរុះរើ​ចាប់ពី​ចំណុច​ស្តុ​ប​ផ្លូវ​លេខ​២០០៤ ទៅដល់​ផ្លូវ​ចោមចៅ ( អ​តី​ត​វេ​ង​ស្រេង )។

សូមបញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់ពី​មានការ​រិះគន់​នានា​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ឬ តាម​បណ្តា​សង្គម ហ្វេ​ស​ប៊ុ​ក គេហទំព័រ សារ​ព័ត៌​មាន និង​ការ​ចុះផ្សាយ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ ផ្សេងៗ អំពី​បញ្ហា​បង្គោល​ភ្លើង​មេ​ធំៗ នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ណត​ប្រី​ដ នៃ​ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ ដែល​កន្លង​ទៅបាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅដល់​អ្នក​ធ្វើដំណើរ បណ្តា​ឲ្យ​របួស និង​ស្លាប់​ជា​បន្តបន្ទាប់​នោះ ក្រោយមក​អាជ្ញាធរ​ជំនាញ​បានដាក់​ធុង​សុវត្ថិភាព នៅជាប់​បង្គោល​ភ្លើង​ទាំងអស់នោះ ដើម្បី​ការពារ​យានយន្ត​គ្រប់​ប្រភេទ​កុំ​ឲ្យ​បុក​បង្គោល​ភ្លើង​ទាំងនោះ ។ ហើយ​ក្រោយមក​មន្ត្រី​ជំនាញ​អគ្គិសនី ក៏​បាន​ចុះ​មក​ធ្វើការ​រុះរើ​បង្គោល​ភ្លើង​ទាំងនេះ​បាន​មួយ​រយះ ប៉ុន្តែ​ដោយសារ​កា​រត​បណ្តាញ​អគ្គិសនី​នៅ​ក្រោម​ដី​មិនទាន់​រួចរាល់ ទើប​ការរុះរើ​បង្គោល​ភ្លើង​ទាំងនេះ ត្រូវបាន​ផ្អាក​មួយ​រយះ​សិន។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​កន្លងទៅ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​ជាច្រើន​បាន​រិះគន់ និង​ថត​បង្ហោះ​រូប​បង្គោល​ភ្លើង ដែល​ស្ថិតនៅ​ចំ​ទ្រូងផ្លូវ​សម្រាប់​ធ្វើដំណើរ ហើយ​អ្នកខ្លះ​បាន​ហៅថា បង្គោល​ភ្លើង​មរណៈ​ជាដើម។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បកស្រាយ​ថា ដើមឡើយ​បង្គោល​ភ្លើង​នេះ គឺ​ស្ថិតនៅ​កៀន​ផ្លូវ ប៉ុន្តែ​ដោយសារ​មានការ​ពង្រីក​ផ្លូវ​បន្ថែម ទើប​បង្គោល​ភ្លើង​នេះ​ស្ថិតនៅ​ចំ​ទ្រូងផ្លូវ​បែបនេះ៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114