ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រួសារ​ពីរ​នាក់​ប្តី ប្រពន្ធ ចោទ​អាជ្ញាធរ​ក្រុង​ដូន​កែវ​ថា បាន​លំអៀង​ក្នុង​ការ​អនុវត្ត​ការងារ​រដ្ឋបាល​របស់​ខ្លួន​ស្រេច​តែ​ចិត្ត

តាកែវ ៖ មានការ​កើត​ទុក្ខ​មិន​សុខចិត្ត​មួយ​ បានកើត​ឡើយ​ពី​សំណាក់​ម្ចាស់​កាន់កាប់​ដី​បឹង​អាស្រ័យ​ផល​មួយកន្លែង ដោយបាន​ចោទ​អាជ្ញាធរ​ក្រុង​ដូន​កែវ​ថា​បាន លំអៀង​លើ​ប្រជាពលរដ្ឋ ក្នុង​ការងារ​រដ្ឋបាល​របស់ខ្លួន ក្រោយ​រដ្ឋបាល​ក្រុង​មួយ​នេះ ចេញ​សេចក្តីជូនដំណឹង​ឲ្យ​គាត់​វាយ​កម្ទេច​បង្គោល​របង​ថ្ម​ព័ទ្ធជុំវិញ​ដី ទាំង​ដែល​គាត់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​ការសាងសង់។

​លោក ស៊ុ​ក សាវឿន ម្ចាស់​សំណង់ ដែលមាន​ទីតាំង​ជាប់​ផ្លូវ​ក្រវាត់​បឹង​តាកែវ ស្ថិតនៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​ឲ្យ​ដឹងថា រដ្ឋបាល​ក្រុង​ដូន​កែវ បានចេញ​សេចក្តីជូនដំណឹង​ឲ្យ​គាត់​វាយ​កម្ទេច​បង្គោលរបង​ថ្ម​ ដែល​ដាំ​សម្រាប់​ព័ទ្ធ​ក្បាលដី​លេខ​១១៦៩​ចោល ទាំង​ដែល​គាត់​មានច្បាប់​អនុញ្ញាត​សាងសង់​ត្រឹមត្រូវ​ ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ក្រោម​ហេតុផល​ថា សាងសង់​ចូល​ទៅ​លើ​ដី​ចំណីផ្លូវ​ក្រវាត់​បឹង​ហាមឃាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភណភាព​របស់​ផ្លូវ​។ ​​រឿង​ដែល​គាត់​ហួសចិត្ត​នោះ ចុះបើ​ត្រូវ​ហាមឃាត់​ចាំបាច់​អី​មកដល់​ថ្ងៃនេះ មិន​ឃាត់​តាំង​ពី​ថ្ងៃ​ដែល​ចាប់ផ្តើម​ចាក់​បង្គោល​ថ្ម​បាន​មួយ​ដើម​ទៅ សោះ​រូបគាត់​មិន​ខាតបង់​ពេលវេលា​និង​ប្រាក់កាស ព្រោះ​ការសាងសង់​នេះ មិនមែន​លួចលាក់​ធ្វើ​នោះទេ គឺមាន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ដឹងឮ ឬមួយ​សង្វាក់​នៃ​ការងាររដ្ឋបាល​ថ្នាក់​ក្រោម​ទៅ​ថ្នាក់លើ​មិនបាន​ឆ្លងកាត់​គ្នា​។

លោក ស៊ុ​ក សាវឿន បន្តថា សំណង់​កើត​ព្រោងព្រាត​នៅលើ​ដី​បឹង​សងខាង​ផ្លូវ​ក្រវាត់​ក្រុង​មួយ​នេះ សុទ្ធតែ​គ្មាន​ច្បាប់​សាងសង់​សំណង់​រឹង ហើយ​សំណង់​នៅលើ​ទីតាំង​ខ្លះ​ថែមទាំង​មាន​លិខិត​ហាមឃាត់​សម្រាប់​ការសាងសង់​សំណង់​រឹង​ពី​មន្ត្រី​ជំនាញ​សូ​រិ​យោ​ដី​ក្រុង​ផងដែរ ម៉េច​ក៏​រដ្ឋបាល​ក្រុង​ដូន​កែង​មិន​អនុវត្ត​ផង ទើស​អី​តែ​បង្គោលរបង​ថ្ម​ដាំ​ព័ទ្ធ​លួស​ការពារ​ផលដំណាំ​របស់គាត់​តែ​ម្នាក់​ទៅវិញ​។

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថា លោក​ពិតជា​បានចេញ​លិខិត​ឲ្យ​លោក ស៊ុ​ក សាវឿន វាយ​កម្ទេច​បង្គោលរបង​លើដី​គាត់​មែន ព្រោះ​សាងសង់​រំលោភ​ដី​ចំណីផ្លូវ ហើយ​បើ​គាត់​ដាំ​បង្គោលរបង ឲ្យ​ផុតពី​ដី​ចំណីផ្លូវ គឺ​មិនមាន​បញ្ហា​ចោទ​នោះទេ​។

​សូមបញ្ជាក់​ផងដែរ​ថា លោក ស៊ុ​ក សារឿន និង ប្រពន្ធ​ឈ្មោះ នួន អ៊ី​ម រស់នៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ បានធ្វើ​លិខិត​ស្នើសុំ​ចាក់​បង្គោលរបង​ព័ន្ធ​ខ្សែលួស​លើ​ដី​របស់​ពួកគាត់​ការពារ​ផលដំណាំ ហើយក៏​ត្រូវបាន​អាជ្ញាធរ​ភូមិ ឃុំ សម្រេច​ឲ្យ​សាងសង់​កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​។ លុះ​មកដល់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ អាជ្ញាធរ​ក្រុង​ដូន​កែវ​បានចេញ​លិខិត​មួយច្បាប់​តម្រូវ​ឲ្យ​ពួកគាត់​វាយ​កម្ទេច​បង្គោល​របង​ថ្ម​ចេញ​ទាំងអស់ ដោយ​កំណត់​ទុកពេល​ត្រឹម​០៥​ថ្ងៃ​គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង ហើយ​មកដល់​ព្រឹក​ថ្ងៃទី​២០ មិថុនា ឆ្នាំ​២០១៩ អាជ្ញាធរ​ក្រុង​បាន​ប្រើ​កម្លាំង​ចម្រុះ​ចុះ​បំផ្លាញ​បង្គោលរបង​ទាំងអស់នោះ​ជា​ស្ថាពរ៕

ដោយ ៖ វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114