ព័ត៍មានទាន់​ហេតុការណ៏
Search

ដំរី​​​១៤​ក្បាល​នៅ​ក្នុង​តំបន់​អង្គរ​​ នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​រស់នៅ​តាម​បែប​ធម្មជាតិ​នៅ​ក្នុង​ព្រៃ​ក្នុងស្រុក​សូទ្រនិគម

សៀមរាប ​៖​ លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៩​ថា បន្ទាប់ពី​បាន​ពិនិត្យ​ឃើញ​ថា ការប្រើប្រាស់​សត្វ​ដំរី ដើម្បី​ដឹក​ភ្ញៀវទេសចរ​កម្សាន្ត​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​តាមបែប​ធម្ម​ជាតិ​របស់​វា អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ប្រជុំ​ពិភាក្សាគ្នា​ជាមួយ​អ្នកគ្រប់គ្រង​ដំរី​នៅ​តំបន់​អង្គរ​នេះ ដើម្បី​រក​ដំណោះស្រាយ។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ អ្នកគ្រប់គ្រង​សត្វ​ដំរី និង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឯក​ភាពគ្នា​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​សត្វ​ដំរី ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត​នៅ​តំបន់​អង្គរ​នៅ​ត្រឹម​ឆ្នាំ​២០២០ ហើយ​នឹង​បញ្ជូន​សត្វ​ដំរី​ទាំងនោះ​ទៅ​មណ្ឌល​អភិរក្ស និង​មជ្ឈមណ្ឌល​បង្កាត់​ពូជ ដើម្បី​ឲ្យ​ពួកវា​រស់នៅ​តាមបែប​ធម្មជាតិ​វិញ។

លោក អ៊ា​ន គី​រី ប្រធាន​គណៈកម្មាធិការ​ដំរី​អង្គរ​បាន​ឲ្យ​ដឹងថា សត្វ​ដំរី​ ដែល​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត​នៅ​តំបន់​អង្គរ​បច្ចុប្បន្ន​នេះ​ មាន​សត្វ​ដំរី​ចំនួន ១៤​ក្បាល ហើយ​ចំពោះ​ព័ត៌មាន​ថា បញ្ឈប់​សេវាកម្ម​យក​សត្វ​ដំរី​ដឹក​ភ្ញៀវទេសចរ​កម្សាន្ត​នៅ​តំបន់​អង្គរ​នេះ លោក​ជា​អ្នក​គ្រប់គ្រង​សត្វ​ដំរី​នឹង​អនុវត្តន៍​ទៅតាម​ការសម្រេច​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ជាតិ​អប្សរា​។​

លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ដើម្បី​រក​កន្លែង​ដាក់​សត្វ​ដំរី​ បាន​រស់នៅ​ក្នុងព្រៃ​តាមបែប​ធម្មជាតិ​វិញ ខាង​ក្រុមហ៊ុន​គ្រប់គ្រង​ដំរី​នៅ​តំបន់​អង្គរ​បាន​ទាក់ទង​មក​ខាង​រដ្ឋបាល​ព្រៃឈើ ដើម្បី​រក​ព្រៃ​ណាមួយ​ក្នុង​ខេត្តសៀមរាប​ឲ្យ​ពួកវា​រស់នៅ​។ ខាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ឯកភាព​យក​សត្វ​ដំរី​ទាំងនេះ​ទៅ​ដាក់​នៅក្នុង​ព្រៃ​សហគមន៍​បុស្ស​ធំ​ស្ថិតនៅ​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែលមាន​ផ្ទៃដី​៤០០​ហិកតា​។ ប៉ុន្តែ​កន្លែង​សម្រាប់​ឱ្យ​សត្វ​ដំរី​រស់នៅ​មាន​ចំនួន​៤០​ហិកតា​ដោយ​ធ្វើការ​ផ្លាស់​ទី​ក្នុង​មួយឆ្នាំ​ម្តង​។​

លោក​បញ្ជាក់​ថា ចំពោះ​ភ្ញៀវ​ទេសចរ ​នៅតែ​អាច​ទៅ​ទស្សនា​សត្វ​ដំរី​នេះ​បាន​ ដោយ​ខាង​ក្រុមហ៊ុន​ជា​អ្នករៀបចំ​កម្មវិធី​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​សត្វ​ដំរី​ទាំងនេះ ​នៅក្នុង​ព្រៃ ដោយ​ខាង​អ្នកគ្រប់គ្រង​ដំរី នឹង​បង្ហាត់បង្រៀន​ពួកវា​ឱ្យ​ចេះ​គូរ​គំនូរ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ ដែល​ធ្វើឱ្យ​ភ្ញៀវ​ទេសចរ ចង់​ទស្សនា​នូវ​ភាព​ប៉ិនប្រសព្វ​របស់​ពួកវា៕

ដោយ ៖ កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114