ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាកសិករ នៅ​ឃុំ​ជា​ខ្លាង ខេត្ត​ព្រៃវែង ងាក​មក​ដាំ​អំពៅ ​ព្រោះ​មាន​ទីផ្សារ​ទទួល​ទិញ និង​លក់​បាន​តម្លៃ​ខ្ពស់

ព្រៃវែង ​៖​ ប្រជាពលរដ្ឋ ដែល​ប្រកបមុខរបរ​ដាំ​អំពៅ នៅ​ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ពោរពេញ​ទៅ​ដោយ​ទឹកមុខ​ញញឹមញញែម និង​សប្បាយ​រីករាយ​គ្រប់ៗ​គ្នា ដោយសារ​តែ​ឆ្នាំនេះ អំពៅ​ដែល​ពួកគាត់​បាន​ដាំ​ដុះ ទទួល​បាន​ទិន្នផល​ខ្ពស់ និង​លក់​ក៏​លក់​បាន​ថ្លៃ គួរសម​អាច​ទទួល​យក​បាន។ បច្ចុប្បន្ន​នេះ អំពៅ​កំពុង​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកទិញ​ ដោយ​ឈ្មួញ​ទិញ​យក​ទៅ​លក់​បន្ត ឬ​​មាន​ខាង​រោងចក្រ​មក​ទទួល​ទិញ​តែម្តង ដើម្បី​ផលិត​ធ្វើជា​ស្ករ​លក់​នៅ​លើ​ទីផ្សារ។

ប្រជាកសិករ អ្នក ដាំ អំពៅ នៅ​ភូមិ ធ្នង់ ឃុំ​ជា​ខ្លាង បាន​និយាយ​ថា ការ​ដាំដុះ សម្រាប់​ឆ្នាំ​២០១៩​នេះ បាន​រួចរាល់​អស់ហើយ តែ​កើន​ឡើង​ច្រើនជាង​ឆ្នាំមុន ​ គឺ​ដោយសារតែ កាលពី​ឆ្នាំមុន ពួកគាត់​លក់​បាន​ថ្លៃ​ខ្ពស់ ពី​ជាង​២០​លាន ទៅ​ជាង​៣០​រៀល ក្នុង​១​ហិកតា ហើយ​សង្ឃឹមថា នៅ​ចុង ឆ្នាំនេះ នឹង​បាន​ថ្លៃ​ទៀត​។ ប្រជាកសិករ ថា ការដាំដុះ អំពៅ មិនសូវ​ខាត​ទេ គ្រាន់​មាន​ចំណេញតិច ឬ ច្រើន ប៉ុណ្ណោះ ហើយ​ចាប់​តាំង​ពី​ដាំ​មក ទើប តែមាន​ខាត​ម្តង ប៉ុណ្ណោះ ហើយក៏​មិន​ខាត ច្រើន ដែរ។

កសិករ​ដដែល ​បាន​ឲ្យ​ដឹង​ទៀតថា ដំណាំ​អំពៅ​ឆ្នាំនេះ គ្រប់ៗ​គ្នា​ទទួល​បាន​ទិន្នផល​ខ្ពស់ ហើយ​តម្លៃ​ក៏​ថ្លៃ​ដែរ កសិករ អាច​ទទួល​យកបាន មិនតែប៉ុណ្ណោះ​ឆ្នាំនេះ ឈ្មួញ​មិន​សាំញ៉ាំ​ច្រើន​ដូច​ឆ្នាំមុន​ទេ មក​ទិញ​ដល់ កន្លែង ដឹក​តាម​រថយន្ត យក​ទៅលក់​នៅ​ភ្នំពេញ​តែម្តង។

ប្រជា​កសិក​រកបាន​ប​ន្ត​ថា ចំពោះ​ពេលវេលា និង​បរិមាណ នៃ​ការដាំដុះ​វិញ ជាទូទៅ ផ្ទៃដី​១​ហិកតា អាច​ដាំ​អំពៅ​បាន​ចន្លោះ​ពី ៦​ម៉ឺន​ទៅ​៦​ម៉ឺន​៥​ពាន់​ដើម ដោយ​ចាប់ផ្តើម ដាំ​ដុះ ចាប់ពី​ចុងខែ​១២​នេះ​ទៅ ហើយ​ចាប់ផ្តើម​ប្រមូល​ផល​មកវិញ នៅ​ចន្លោះ​ចាប់ពី​ខែ​៧​ទៅ​ខែ​៨ រៀងរាល់​ឆ្នាំ ឬ​អាច​យូរ​ជាង​នេះ ដោយ​ផ្អែកទៅលើ​បច្ចេកទេស និង​អាកាសធាតុ​អំណោយផល ឬ​អត់។

លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង ធ្លាប់បាន​បញ្ជាក់ នាពេល​កន្លងមក​ថា នៅ​ទូទាំង​ខេត្តព្រៃវែង មាន​កសិករ​ប្រកបមុខរបរ​ដាំ អំពៅ​សរុប ប្រមាណ​ជាង ៣០០​គ្រួសារ នៅ​លើផ្ទះ​ដី​ជាង​៥០០​ហិកតា ក្នុងនោះ ស្រុក​ស្វាយ អ​ន្ទ​រ មាន​អ្នក​ដាំ​ច្រើន​ជាងគេ​។ ដោយឡែក​ស្រុក​បាភ្នំ និង​ស្រុក​ព្រះស្តេច ក៏មាន​អ្នក​ដាំ​ដែរ ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច ជា​លក្ខណៈ​គ្រួសារ ដោយសារ​ពួកគាត់ ទើបតែ​ចាប់ផ្តើម​សាកល្បង ដាំ​ដុះ៕

ដោយ ៖ សៅ​គ្រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114