ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកជំងឺ ​ដែល​ចោទ​គ្រូពេទ្យ​ខេត្តតាកែវ​ថា​សម្រាលកូន​ហើយ​ភ្លេច​បង់​រុំ​របួស​ក្នុង​ពោះ​នោះ ​បាន​ចេញ​មក​សុំទោស​ជា​សាធារណៈ

តាកែវ ​៖ ​ក្រុមគ្រួសារ​អ្នកជំងឺ​ ដែល​ចោទ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​ថា​ សម្រាលកូន​ហើយ​ភ្លេច​បង់​រុំ​របួស​ក្នុង​ពោះ​នោះ បាន​សំដែង​នូវ​ការ​សោកស្តាយ​យ៉ាងខ្លាំង​ និង​បាន​ចេញមក​សុំទោស​ជា​សាធារណៈ ដល់​គ្រូពេទ្យ​ដោយសារ​ខ្លួន​មិនបាន​យល់ដឹង​ពី​ការងារ​បច្ចេកទេស​ពេទ្យ។

នៅក្នុង​ទំព័រ​ហ្វេ​ប៊ុ​ក​របស់ខ្លួន​ដែលមាន​ឈ្មោះថា​នួន​ឈិន​ ដែល​ត្រូវជា​ស្វាមី​ស្ត្រី​សម្រាលកូន​បាន​រៀបរាប់ថា ​« ខ្ញុំបាទ នួន ឈិន​សូម​ធ្វើការ​បកស្រាយ​ចំពោះ​រឿងរ៉ាវ​មួយ​ដែល​ខ្ញុំ​បាន​បង្ហោះ​នៅវេលា​យប់​ថ្ងៃទី​១៨​មិថុនា ​ការ​ពិត​ទៅ​កុំ​ប្រេ​ស​ដែល​នៅក្នុង​ទ្វារ​មាស​របស់​ភរិយា​ខ្ញុំ​នោះ គឺជា​បច្ចេកទេស​របស់​ពេទ្យ​ឆ្មប ដែល​គាត់​បាន​ដាក់​ដើម្បី​ឃាត់ឈាម​ដែល​ហូរ​ចេញ​មក​ក្រោយពេល​សម្រាល​រួច ហើយ​មិនទាន់​ដល់​ពេល​ដែល​គ្រូពេទ្យ​យកចេញ​តែប៉ុណ្ណោះ នេះ​ជា​ការ​យល់​ច្រឡំ​របស់ខ្ញុំ ដែល​មិនបាន​យល់ដឹង​ពី​បច្ចេកទេស​របស់​ពេទ្យ បែរជា​ចោទប្រកាន់ថា​គ្រូពេទ្យ​ធ្វើការ​ធ្វេសប្រហែស និង​មិន​យកចិត្តទុកដាក់​ទៅវិញ ហើយ​ខ្ញុំ​ផ្ទាល់​ក៏​សូម​ធ្វើការ​សូមទោស​ដល់​គ្រូ​ពេទ្យ​ឆ្មប​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​ទាំងអស់ ​ដែល​ខ្ញុំ​ធ្វើការ​ចោទប្រកាន់​ទាំង​ដែល​មិនបាន​យល់ដឹង​ពី​បច្ចេកទេស​របស់​ពេទ្យ ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ ដែល​ធ្វើការ​ចោទប្រកាន់​ដល់​អ្នក​ដែល​ជួយ​ជីវិត​ភរិយា​ខ្ញុំ​ទៅវិញ​»​។​

លោក​បានលើកឡើង​ទៀតថា ចំពោះ​រឿង​មួយទៀត​ទាក់ទង​នឹង​រូបភាព​កាកសំណល់​ឈាម​និង​កុំ​ប្រេ​ស​នោះ ​គឺ​លោក​ជា​អ្នក​ថត​ដោយផ្ទាល់​ពុំមាន​នរណាម្នាក់​អោយ​ខ្ញុំ​ថត​នោះឡើយ ដូចនេះហើយ​សូម​បងប្អូន អ៊ំ​ពូ​មីងមា លោកយាយ​លោកតា កុំ​ចោទប្រកាន់​ឬ​បង្កាច់បង្ខូច ដល់​ខាង​គ្រូពេទ្យ​ណា​ម្នាក់អី​។​

លោក​បានទទួល​កំហុស​ ថា ​«​ជា​ចុងក្រោយ​ខ្ញុំ​សូម​ធ្វើការ​សូមទោស​ជា​សាធារណៈ​ចំពោះ​ទង្វើ​របស់ខ្ញុំ​ដែល​ធ្វើ​ខុស ចោទប្រកាន់​គ្រូពេទ្យ​ដែល​ព្យាយាម​ជួយ​ជីវិត​ភរិយា​ខ្ញុំ សូមអ្នក​គ្រូ​និង​លោកគ្រូ​ពេទ្យ​មេត្តា​អធ្យាស្រ័យ​ដល់​ខ្ញុំ ដែល​មិនបាន​យល់ដឹង​អំពី​បច្ចេកទេស​ទេស​ពេទ្យ ហើយ​បង្ហោះ​រូបភាព និង អត្ថបទ​មិន​សមរម្យ​នេះ​ផង​»​។​

ការ​សុំ​ទោស​ជា​សាធារណៈ​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ បាន​ចេញ​សេចក្ដី​បំភ្លឺ​ថា​ក្នុងករណី​សម្រាលកូន​នោះ​ គឺ​សម្រាល​ដោយមាន​កាត់​ទ្វារមាស និង​បូម​ជំនួយ ដូច្នេះ​ដំណើរការ​សម្រាល​មានការ​ហូរឈាម​ខុសធម្មតា ហើយ​តាម​បច្ចេកទេស​គ្រូពេទ្យ ឬ​ឆ្មប ដែល​ផ្ដល់​ការ​សម្រាល​ត្រូវ​ធ្វើការ​ញាត់​កុំ​ប្រេ​ស ដើម្បី​ឃាត់ឈាម​ដោយ​ទុក​រយៈពេល​ជា​មធ្យម​ពី ២៤​ទៅ​៤៨​ម៉ោង​។​​

បើតាម​មន្ទីរពេទ្យបង្អែក​ខេត្ត ពេល​សម្រាល​រួច​ស្ដ្រី​ខាងលើ​បាន​ចេញពី​មន្ទីរពេទ្យ ដោយ​សន្យាថា នឹង​មករក​ពេទ្យឆ្មប​សម្អាត​តាម​ក្រោយ តែ​ផ្ទុយទៅវិញ​គាត់​មិនបាន​ហៅ​ពេទ្យ​មក​សម្អាត​ទេ គាត់​សម្អាត​ដោយ​ខ្លួន​គាត់ ដោយ​យក​កុំ​ប្រេ​ស​២​ដុំ​។​​

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៩​លោក​នួន​ឈិន​បាន​បង្ហោះ​សារ​មួយ​ដោយ​ចោទប្រកាន់​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ថា ពេទ្យ​សម្រាលកូន​ហើយ​ភ្លេច​បង់​រុំ​របួស​ក្នុង​ពោះ​, ពេទ្យ​ថា ញាត់​កុំ​ប្រេ​ស​ដើម្បី​ឃាត់ឈាម​ស្ដ្រី​រងគ្រោះ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ចុកពោះ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​រាជធានី​ភ្នំពេញ៕

ដោយ ៖ សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114