ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​ បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​លើទឹក​ដី​របស់ខ្លួន

យោងតាម​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​ឲ្យ​ដឹងថា ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​បាញ់​ទម្លាក់ “​យន្តហោះ​គ្មាន​មនុស្ស​បើក​យកការណ៍​” របស់​អាមេរិក​នៅលើ​ទឹក​ដី​របស់ខ្លួន​បន្ទាប់ពី​វា​បាន​រំលោភ​លើ​ដែនអាកាស​អ៊ីរ៉ង់​។​

​ឆ្មាំ​បដិវត្តន៍​បាន​បន្ថែមថា “​យន្តហោះ​គ្មាន​មនុស្ស​បើក​ឈ្លបយកការណ៍​ធុន Global Hawk ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​កងទ័ពអាកាស​របស់ខ្លួន​នៅក្នុង​ខេត្ត​ឆ្នេរសមុទ្រ Hormozgan ភាគខាងត្បូង​ប្រទេស​” នេះ​បើ​យោងតាម​ទូរទស្សន៍ Press TV ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ទូរទស្សន៍​រដ្ឋ​មិនបាន​ផ្តល់​រូបភាព​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​នោះទេ​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​ចំពេល​មាន​ភាព​តានតឹង​ខ្ពស់​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​។​

​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ប្រទេស​អ៊ីរ៉ង់​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃប្រតិបត្តិ​ការ​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​កប៉ាល់​ដឹក​ប្រេង​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​ដែលជា​ដែនទឹក​ដ៏​ក្តៅគគុក​។​

​ប៉ុន្តែ​ទីក្រុង​តេ​អេ​រ៉ង់​បាន​បដិសេធ​ការពាក់ព័ន្ធ​ហើយ​ផ្ទុយ​មកវិញ​បាន​អះអាងថា ក្រុង​វ៉ាស៊ីនតោន​អាចជា​អ្នកបង្កើត​ការវាយប្រហារ​ដោយ​ប្រើប្រាស់​ប្រតិបត្តិការ​នេះ​ដើម្បី​បង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​កម្លាំង​ប្រឆាំង​អ៊ីរ៉ង់​។​

​ខេត្ត Hormozgan មាន​ព្រំប្រទល់​ជាប់​នឹង​ច្រក​សមុទ្រ Hormuz ដែលជា​កន្លែង​ការវាយប្រហារ​លើក​ប៉ាល់​ដឹក​ប្រេង​កើតឡើង​។​

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ សហរដ្ឋអាមេរិក​បាន​ព​ន្លឿ​ន​ការធ្វើដំណើរ​របស់​នាវា​ដឹក​យន្តហោះ​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ហើយ​បានដាក់​ពង្រាយ​កងទ័ព​ដើម្បី​បន្ថែម​លើ​កងទ័ព​រាប់ម៉ឺន​នាក់​ដែល​ឈរជើង​នៅក្នុង​តំបន់​នេះ​រួចទៅហើយ​។​

​ទំនាក់ទំនង​រវាង​ទីក្រុង​តេ​អេ​រ៉ង់​និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​ជួបប្រទះ​នឹង​ភាព​តានតឹង​យ៉ាងខ្លាំង​ចាប់តាំងពី​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​បាន​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពហុភាគី​ឆ្នាំ​២០១៥​និង​បានដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អ៊ីរ៉ង់​សាជាថ្មី​។​

​សហរដ្ឋអាមេរិក​បាន​ពង្រឹង​វត្តមាន​យោធា​របស់ខ្លួន​នៅ​មជ្ឈិមបូព៌ា​និង​បានដាក់​បញ្ចូល​ឆ្មាំ​បដិវត្តន៍​របស់​អ៊ីរ៉ង់​ក្នុង​បញ្ជីខ្មៅ​ថា​ជា​អង្គការ​ភេរវកម្ម​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114