ព័ត៍មានទាន់​ហេតុការណ៏
Search

ណូ​វែ​ល​ហ្សេ​ឡង់​ ចាប់ផ្តើម​គម្រោង​ទិញ​កាំភ្លើង​មកវិញ ​បន្ទាប់ពី​ការសម្លាប់​នៅ​វិហារ​ឥស្លាម

នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​បានចាប់ផ្តើម​គម្រោង​ទិញយក​កាំភ្លើង​មកវិញ​ក្នុង​គោលបំណង​បោសសម្អាត​អាវុធ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ដែល​ស្រដៀង​ទៅនឹង​អាវុធ​ដែល​ត្រូវបាន​ប្រើ​នៅក្នុង​ការវាយប្រហារ​នៅ​វិហារ​ឥស្លាម​ក្រុង Christchurch ដែល​បានសម្លាប់​អ្នក​គោរពបូជា​មូស្លីម​ចំនួន​៥១​នាក់​។​

​លោកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern បាន​ប្តេជ្ញា​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការសម្លាប់​ថ្ងៃទី​១៥​ខែមីនា​ថា ច្បាប់​កាំភ្លើង​របស់​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​នឹងត្រូវ​រឹតបន្តឹង​ហើយ​រដ្ឋាភិបាល​របស់លោក​ស្រី​បា​នព​ន្លឿ​ន​ការផ្លាស់ប្តូរ​ក្នុង​រយៈពេល​ត្រឹមតែ​បី​ខែ​ប៉ុណ្ណោះ​។​

​រដ្ឋមន្ត្រីក្រសួង​នគរបាល​លោក Stuart Nash បាន​និយាយថា ការទិញ​មកវិញ​និង​ការលើកលែងទោស​គឺមាន​គោលបំណង​តែមួយគត់​គឺ​ដើម្បី​ដក​អាវុធ​ដែលមាន​គ្រោះថ្នាក់​បំផុត​ពី​ការធ្វើ​ចរាចរណ៍​បន្ទាប់​ពី​ការបាត់​បង់ជីវិត​នៅ​វិហារ​ឥស្លាម Al Noor និង Linwood​។​

​បុរស​ជនជាតិ​អូស្ត្រាលី​ឈ្មោះ Brenton Tarrant ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ប្រើប្រាស់​អាវុធ​ចំនួន​៥​ដើម​រួមទាំង​កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ (MSSA) បែប​យោធា​ចំនួន​ពីរ​ដើម​ផងដែរ​នៅក្នុង​ការវាយប្រហារ​លើ​វិហារ​ឥស្លាម​ទាំងពីរ​ក្នុង​ទីក្រុង Christchurch​។​

​សមាជិកសភា​បាន​បោះឆ្នោត​ដើម្បី​ចាត់ទុកថា MSSA ថា​ជា​អាវុធ​ខុសច្បាប់​បន្ទាប់ពី​មានការ​សម្លាប់​រង្គាល​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ណូ​វែ​ល​ហ្សេ​ឡង់​សម័យ​ទំនើប​។​

​ម្ចាស់​អាវុធ​ដែលមាន​អាជ្ញាប័ណ្ណ​នឹងមាន​រយៈពេល​៦​ខែ​ដើម្បី​ប្រគល់​អាវុធ​នេះ​ដែល​បច្ចុប្បន្ន​ត្រូវបាន​គេ​ចាត់ទុកថា​ខុសច្បាប់​នៅក្រោម​គម្រោង​នេះ​ជាមួយ​ការលើកលែងទោស​មួយ​ដែល​ធានាថា ពួកគេ​នឹងមិន​ប្រឈម​នឹង​ការកាត់ទោស​ក្នុងអំឡុងពេល​នោះទេ​។​

​បន្ទាប់ពី​ការលើកលែងទោស​អស់​សុពលភាព ការកាន់កាប់​អាវុធ​ដែល​ហាមឃាត់​អាច​ទទួល​ការផ្តន្ទាទោស​ជាប់ពន្ធនាគារ​រហូតដល់​ទៅ​៥​ឆ្នាំ​។​

​សំណង​នឹងត្រូវ​ពឹង​ផ្អែកលើ​ម៉ូដ​និង​ស្ថានភាព​នៃ​កាំភ្លើង​ខណៈ​ការចំណាយ​សរុប​នៃ​គម្រោង​នេះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ទំហំ​ទឹកប្រាក់​២១៨​លាន​ដុល្លារ​ណូ​វែ​ល​ហ្សេ​ឡង់ (១៤៣​លាន​ដុល្លារ​អាមេរិក​)៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114