ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា នឹង​មាន​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ ចំនួន​១២​កន្លែង និង​ឡ​សម្ងួត​ចំនួន​១០​កន្លែង នៅក្នុង​ខេត្ត​ចំនួន​១១​ទូទាំងប្រទេស សម្រាប់​បម្រើ​ដល់​ការនាំ​ពេញ​

​ភ្នំពេញ ​៖ ក្រសួង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា នឹងមាន​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ​ចំនួន​១២​កន្លែង ដែលមាន​សមត្ថភាព​ស្តុក​សរុប​៨២៧០០០​តោន និង​ឡស​ម្ងួ​ត​ចំនួន​១០​កន្លែង ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​បាន​១៣០០០​តោន​ក្នុង​មួយថ្ងៃ នៅក្នុង​ខេត្ត​ចំនួន​១១ ដែល​រួមមាន ខេត្ត​ពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។​

​ព័ត៌មាន​នេះ​ត្រូវបាន​បង្ហាញ​ក្រោយពី ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ក្នុង​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ពិធី​នេះ​ធ្វើឡើង​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជាមួយ​លោក Chen Xiaojia ប្រធាន​ក្រុមហ៊ុន CITIC Construction Co., Ltd ក្រោម​អធិបតីភាព​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​។​

​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ដែល​បាន​ចុះហត្ថលេខា​នេះ ធ្វើឡើង​ក្នុង​គោលដៅ ដើម្បី​ជួយ​ដល់​កសិករ ធុរជន និង​ក្រុមហ៊ុននាំចេញ​អង្ករ ព្រមទាំង​រួមចំណែក​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​លើ​ការជំរុញ​ការនាំចេញ​អង្ករ​ឲ្យ​បាន​យ៉ាងតិច​១​លាន​តោន ក្នុង​មួយឆ្នាំ តាមរយៈ​ការសាងសង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​នៅតាម​ទីតាំង​យុទ្ធសាស្ត្រ និង​ការដាក់​ឲ្យ​អនុវត្ត​យន្ត​ការយក​ស្រូវ អង្ករ ស្តុក​ក្នុង​ឃ្លាំង​ជាវ​ត្ថុ​បញ្ចាំ​សម្រាប់​ខ្ចីប្រាក់​ពី​ធនាគារឯកជន​។ គម្រោង​នេះ គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​ទុច្ចរិត អាច​ឆ្លៀតឱកាស​បង្ខូច​ថ្លៃ​ស្រូវ ក៏ដូចជា​ដើម្បី​ជួយ​ឲ្យ​កសិករ​ទុក​ស្រូវ​បានយូរ អាច​លក់​ស្រូវ​បាន​តាម​ថ្លៃ​សមរម្យ និង​មានលទ្ធភាព​ទទួលបាន​ឥណទាន ពេល​ត្រូវការ​ចាំបាច់ តាមរយៈ​ការយក​ស្រូវ​ស្តុក​ក្នុង​ឃ្លាំង​ជាវ​ត្ថុ​បញ្ចាំ​។ គម្រោង​នេះ មិនមាន​សេវា​កិនស្រូវ​ទេ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ប្រកួតប្រជែង​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​។​

​បន្ទាប់ពី​គម្រោង​នេះ ដាក់​ឲ្យ​ប្រតិបត្តិការ កសិករ និង​រោង​ម៉ាស៊ីនកិនស្រូវ នឹងមាន​ឡស​ម្ងួ​ត ឃ្លាំង​ស្តុក និង​ទុន​បង្វិល​បន្ថែម ព្រមទាំង​ជួយ​បន្ថយ​ចំណាយ (​ថ្លៃដើម​) ចាប់ពី​ដំណាក់កាល​ប្រមូល​ផល​ដល់​ដំណាក់កាល​លក់​អង្ករ​។ តាមរយៈ​កិច្ចសន្យា​ពាណិជ្ជ​កម្មនេះ ក្រុមហ៊ុន CITIC Construction Co., Ltd និង​ក្រុ​មហ៊ុន​ហ្គ្រី​ន​ត្រេ​ដ នឹងធ្វើ​ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ អង្ករ​ចំនួន​១២​កន្លែង (​សមត្ថភាព​ស្តុក​សរុប​៨២៧០០០ តោន​) និង​ឡស​ម្ងួ​ត​ចំនួន​១០​កន្លែង (​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​បាន​១៣០០០​តោន​ក្នុង​មួយថ្ងៃ​) នៅក្នុង​ខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។​

​ជាមួយនឹង​ការអនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​នេះ រាជរដ្ឋាភិបាល​សង្ឃឹម​ថា កម្ពុជា​នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បង្កើន​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​។ ពិធី​ចុះហត្ថលេខា​នាពេលនេះ គឺ​គូសបញ្ជាក់​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​កសិកម្ម ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114