ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ជំនាញ​ UN ​៖​ មាន​ភស្តុតាង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ ដែល​ភ្ជាប់​រាជ​ទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ទៅ​នឹង​ការ​ធ្វើឃាត​លោក Khashoggi

អ្នកជំនាញ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មាន​ភ័ស្តុតាង​គួរ​ឲ្យ​ជឿទុកចិត្ត​ដែល​ភ្ជាប់​រាជទាយាទ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ព្រះអង្គម្ចាស់ Mohammed bin Salman ទៅនឹង​ឃាតកម្ម​របស់​អ្នកកាសែត​ឈ្មោះ Jamal Khashoggi ហើយ​ក្រុម​អ្នកជំនាញ​បាន​អំពាវនាវ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​លើ​ទ្រព្យសម្បត្តិ​បរទេស​របស់​ទ្រង់​។​

​ការសន្និដ្ឋាន​នេះ​ត្រូវបាន​រៀបរាប់​នៅក្នុង​របាយការណ៍​រប​ស់លោក​ស្រី Agnes Callamard ដែលជា​អ្នករាយការណ៍​ពិសេស UN ស្តីពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ សង្ខេប​ឬ​តាម​អំពើ​ចិត្ត​។​

​លោកស្រី Callamard គឺជា​អ្នកជំនាញការ​ខាង​សិទ្ធិមនុស្ស​ឯករាជ្យ​ដែល​មិន​និយាយ​ក្នុងនាម​អង្គការសហប្រជាជាតិ​ប៉ុន្តែ​បាន​រាយការណ៍​ពី​ការរកឃើញ​របស់លោក​ស្រី​ទៅ​ស្ថាប័ន​មួយ​នេះ​។ លោកស្រី​បាន​អំពាវនាវ​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បើក​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មួយ​ចូលក្នុង​ករណីនេះ​។​

​លោកស្រី​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា វា​ច្បាស់​ណាស់​ថា ការសម្លាប់​លោក Khashoggi គឺជា​ការទទួលខុសត្រូវ​របស់​រដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត​។​

​លោកស្រី Callamard បាន​បន្ថែមថា “​មាន​ភ័ស្តុតាង​គួរ​ឲ្យ​ជឿទុកចិត្ត​ដែល​តម្រូវ​ឲ្យ​មានការ​ស៊ើបអង្កេត​បន្ថែ​ម​ទៀត​លើ​ការទទួលខុសត្រូវ​រប​ស់​បុគ្គល​ដែលមាន​ឋានៈ​ខ្ពស់​ក្នុងប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​រួមទាំង​រាជទាយាទ​ផងដែរ​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Adel al-Jubeir បាន​រិះគន់​របាយការណ៍​រប​ស់លោក​ស្រី Callamard ដោយនិយាយ​នៅលើ Twitter ថា វា​មាន​ភាព​ផ្ទុយគ្នា​យ៉ាងច្បាស់​និង​ជាការ​ចោទប្រកាន់​ដែល​មិនមាន​មូលដ្ឋាន​។​

​លោក Khashoggi ដែលជា​អ្នកកាសែត Washington Post និង​ជា​អ្នក​រិះគន់​ព្រះអង្គម្ចាស់ Mohammed ត្រូវបាន​គេ​ធ្វើឃាត​នៅក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃទី​២​ខែតុលា​។ សាកសព​របស់គាត់​មិនត្រូវ​បាន​គេ​រកឃើញ​ទេ​។​

​ពីដំបូង រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​និយាយថា ខ្លួន​មិនដឹង​ពី​ជោគវាសនា​របស់គាត់​ទេ​ប៉ុន្តែ​ក្រោយមក​បាន​ស្តីបន្ទោស​ឃាតកម្ម​នេះ​ទៅលើ​ភ្នាក់ងារ​សាហាវព្រៃផ្សៃ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114