ព័ត៍មានទាន់​ហេតុការណ៏
Search

ស្នងការ​សិទ្ធិមនុស្ស UN ទៅដល់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ដើម្បី​ពិនិត្យមើល​វិបត្តិ

ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​លោកស្រី Michelle Bachlet បាន​ទៅដល់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កាលពី​ថ្ងៃ​ពុធ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ដើម្បី​ពិនិត្យមើល​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​ដែល​កំពុង​បន្ត​របស់​ប្រទេស​នេះ​។​

​លោកស្រី Bachelet នឹងត្រូវ​ជួប​ទាំង​ជាមួយ​លោក​ប្រធានាធិបតី Nicolas Maduro និង​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido មុនពេល​ថ្លែង​សុន្ទរកថា​ចុងក្រោយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សុក្រ​។​

​យោងតាម​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ប្រមាណ​បួន​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​នៅពេលដែល​ទំនិញ​មូលដ្ឋាន​បាន​ក្លាយជា​បញ្ហាលំបាក​ហើយ​សេវាសាធារណៈ​និង​ប្រព័ន្ធ​សុខាភិបាល​បាន​ដួលរលំ​ខណៈ​អតិផរណា​បាន​កើនឡើង​។​

​លោក Guaido ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​កាលពី​ខែមករា​បាន​និយាយថា ជំនួប​របស់​លោកស្រី Bachelet ជាមួយ​គាត់​អាច​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ទទួលស្គាល់​នូវ​គ្រោះមហន្តរាយ​នៅក្នុង​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ​បើទោះបីជា​លោកស្រី​បានមក​ទីនេះ​តាម​ការអញ្ជើញ​របស់លោក Maduro ដែលជា​គូប្រជែង​របស់គាត់​ក៏ដោយ​។​

​យោងតាម​សេចក្តី​ថ្លែង​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា លោកស្រី​ក៏មាន​គម្រោង​ជួប​ជាមួយ​ជនរងគ្រោះ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​និង​ការរំលោភបំពាន​ព្រមទាំង​ជាមួយ​សាច់ញាតិ​របស់​ពួកគេ​ក៏ដូចជា​សមាជិក​នៃ​សហគមន៍​ផងដែរ​។​

​លោកស្រី Bachelet ធ្លាប់បាន​រិះគន់​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ចំពោះ​វិបត្ដិ​នេះហើយ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​គ្រប់រូប​ក្នុងការ​ជួបជុំគ្នា​ដោយ​សន្តិវិធី​និង​សេរីភាព​នៃ​ការបញ្ចេញមតិ​។​

​អង្គការ​ជំនួយ​នានា​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំងនឹង​ស្ថានភាព​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​នៅ​ថ្ងៃ​សុក្រ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ដើម្បី​ជា​មធ្យោបាយ​បង្កើន​ការមើលឃើញ​ជាក់ស្តែង​អំពី​វិបត្តិ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114