ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​ប្ដី​ពីរ​ហើយ​ ស្វាក់​តែ​ប្ដី​មាន​ស្រី​ថ្មី​រត់ចោល គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន រក​អ្នក​ទទួល​ចិញ្ចឹម​ជំនួស

ភ្នំពេញ ​៖​ ស្ត្រី​ចំណាស់​ម្នាក់​ក្នុង​សភាព​ទឹកភ្នែក​ហូរ​រហាម​គួរ​ឲ្យ​អាណិត​ជា​ពន់ពេក ​បាន​បី ឱប កូនស្រី​ម្នាក់​អាយុ​ទើបបាន​១០​ខែ ហើយ​ខ្លួន​កំពុង​មាន​ផ្ទៃពោះ​៦​ខែ​ទៀត​ផង ចូល​ទៅ​សាលាសង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍សែន​ជ័យ​ក្នុង​គោលបំណង​ស្វែងរក​ក្រែង​អ្នកណា​ចង់បាន​ក្មេង ​ខ្លួន​នឹង​ប្រគល់​កូន​ឲ្យ​ចិញ្ចឹម​តាម​ផ្លូវ​ច្បាប់​មិន​មែន​ជា​ការ​ជួញដូរ​អី​ទេ​ ព្រោះ​ពេលនេះ​ស្ថានភាព​របស់​គាត់​ពិបាក​ស្ទើរ​តែ​រក​បាយ​ហូប​គ្មាន​ផង ខណៈ​ប្ដី​ហេងស៊យ​របស់​នាង​ក៏​រត់ចោល​ទៀត​នោះ។

ស្ត្រី​ម្នាក់​នេះ ​បាន​បី​កូន​មក​យំ​រៀបរាប់ នៅ​ក្នុង​បរិវេណ​សាលាសង្កាត់​ចោមចៅ​៣ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៩។

ស្ត្រី​អភ័ព្វ​ស្នេហ៍​ មាន​ឈ្មោះ​ រាម ភារ​ម្យ អាយុ​៤២​ឆ្នាំ មុខរបរ អតីត ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង មាន​ស្រុកកំណើត ភូមិ​ក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្ត​​ព្រៃវែង​ ឱប​បី​កូន​ស្រី​ម្នាក់​អាយុ​ទើបបាន​១០​ខែ និង​ខ្លួន​កំពុង​មាន​ផ្ទៃពោះ​៦​ខែ​ទៀត មក​រក​ក្រែង​មាន​អ្នក​ចង់​បាន​ក្មេង​ចិញ្ចឹម។

តាម​ការ​យំ​រៀបរាប់​ពី​ស្ត្រី​ខាងលើ បាន​ឲ្យ​ដឹង​ថា ជួប​ស្នេហ៍​ទី​១ ជាមួយ​បុរស​ម្នាក់ ស្រុកភូមិ​ក្បែរ​ខាង​គ្នា ឪពុកម្តាយ​រៀបការ ផ្សំផ្គុំ​ជា​គូ​​ស្រក​ត្រឹមត្រូវ រហូត​បាន​កូន​ស្រី​២​នាក់ មួយ​រយៈ​ចុងក្រោយ លួច​មាន​ស្រី​ថ្មី រត់​ចុះ​ចោល​ខ្លួន​ទៅ​បាត់ ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​កូន​២ រស់​នៅ​ឯ​ស្រុក​ទាំង​លំបាក តោកយ៉ាក គ្មាន​អី​ស៊ី​ ក៏​សម្រេចចិត្ត មក​ទីក្រុង​ភ្នំពេញ ធ្វើ​ការងារ ជា​ក​ម្មការិនី​រោងចក្រ បាន​មួយរយៈ ក៏មាន​បុរស​ម្នាក់​ឈ្មោះ ទឹម ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រាង​សង្ហារ​ជាង​ប្ដី​មុន ធ្វើការ ស្នាក់នៅ​ក្បែរ​ខាង​គ្នា​ផ្ទះ​ជួល និង​មាន​ស្រុកកំណើត ភូមិ​រមេញ ឃុំ​រមេញ ស្រុក កោះ​អណ្តែត ខេត្តតាកែវ បាន​ស្គាល់​តាមរយៈ​លេង​ឆាត​ហ្វេ​ស​ប៊ុ​ក សុំ​ស្នេហ៍ សុំ​ស្រឡាញ់​ ទំនាក់ទំនង​កាន់តែ​ស៊ី​ជម្រៅ រហូត​យកគ្នា​ជា​ប្តី​ប្រពន្ធ ទាំង​មិនបាន​រៀបការ អស់​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ ​រហូត​បាន​កូន​ស្រី​ម្នាក់ អាយុ​ទើប​១០​ខែ និង​កំពុង​មាន​ផ្ទៃពោះ​៦​ខែ ស្រាប់តែ​នៅ​ពេល​នេះ លោក​ប្តី ទឹម ប្រុស លួច​មាន​ស្រី​ថ្មី​មួយទៀត ពង្រត់​នាំគ្នា​ចុះ​ចោល​ខ្លួន​បាត់ ទុក​ឲ្យ​ខ្លួន​ជា​ក្លាយ​ជា​ស្រី មេម៉ាយ​ជា​លើក​ទី​២ អស់​រយៈពេល​៣​ខែ​ហើយ ដែល​ប្តី​ក្រោយ​រត់ចោល បាន​ត្រឹម​កាន់​រូបថត​មក​បើក​បង្ហាញ​ឲ្យ​ស្គាល់មុខ​ប្តី​ក្រោយ ថា​គាត់​សង្ខារ​ចឹ​ង​ទើប​មាន​ស្រី​ម្នាក់​នោះ​ដណ្ដើម​ពី​គាត់​ទៅទៀត។

ស្ត្រី​ដដែល​បន្តទៀតថា ដោយសារ​ជួប​បញ្ហា​ចំពោះ​មុខ រស់នៅ​វេទនា គ្មាន​លទ្ធភាព​ចិញ្ចឹម​បីបាច់ ថែ​កូន រកតែ​បាយ​ហូប​ខ្លួនឯង​មិនបាន​ផង ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែមិថុនា​នេះ ​​​គាត់ សម្រេច​បី​ឱប​កូនស្រី​មក​សាលាសង្កាត់​ចោមចៅ​៣ ក្នុង​គោលបំណង រក​អ្នកណា​មានលទ្ធភាព​ទទួលយក​កូន​របស់គាត់​ទៅ​ចិញ្ចឹម មិនមែន​ជា​ការ​ជួញដូ​រ​កូន​នោះទេ។ ​​វត្តមាន​ស្ត្រី​រូប​នេះ​ នៅ​សាលាសង្កាត់​ចោមចៅ​៣ ក៏​មាន​ស្ត្រី​ម្នាក់ ឈ្មោះ ម៉េង យុទ្ធ អាយុ​៣៦ ប្តី​ឈ្មោះ កែម រ៉ុង អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​ទឹកកក ស្នាក់​នៅ​ជាប់​សាលាសង្កាត់​ផ្ទាល់ ចាប់អារម្មណ៍ ចង់​ទទួល​មើលថែ​កូន​ស្ត្រី​អភ័ព្វ​ខាងលើ​ដែរ តែ​ខ្លាច​ម្យ៉ាង ផ្លូវច្បាប់ មិនដឹង​យ៉ាងណា មិនទាន់​ហ៊ាន​សម្រេច រង់ចាំ​សាកសួរ​ទៅ​អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន​ជាមុនសិន ដើម្បី​ឲ្យ​ជួយ​ដឹងឮ ក្នុងករណី​ថ្ងៃក្រោយ ម្តាយ​ក្មេង​ចង់​មក​យក​កូន​ទៅវិញ គាត់​ក៏​ប្រគល់​ជូន​វិញ​ដែរ ព្រោះ​អាណិត​ក្មេង​ឮ​ថា​គ្មាន​អី​ហូប គ្រាន់​ជា​ការ​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​នាង​ជា​ម្ដាយ ប៉ុណ្ណោះ៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114