ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធ​ខូចគុណភាព​ប្រមាណ​២​ម៉ឺន​ដើម ត្រូវ​បាន​យក​មក​កែច្នៃ​ធ្វើជា​រូបភាព​ផ្សេងៗ​ដាក់​តាំងនៅ​សារមន្ទីរ​សន្តិភាព​សកម្មភាព​កម្ចាត់​មីន

សៀមរាប ​៖ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) បាន​ប្រមូល​កាំភ្លើង​មកពី​កន្លែង ផ្សេងៗ​ប្រមាណ​២​ម៉ឺន​ដើម មក​កែច្នៃ​ធ្វើជា​រូបភាព​ផ្សេងៗ ដូច​រូប​សត្វ​ដំរី ដើមឈើ រថក្រោះ ផែនទី នាឡិកា ដាក់​តាំងនៅ​សារមន្ទីរ​សន្តិភាព​សកម្មភាព​កម្ចាត់មីន​នៅ​ខេត្តសៀមរាប ដើម្បី ឲ្យ​យុវជន និង​ក្មេងៗ​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែង​យល់​ពី​កម្ពុជា​ដែល​បាន​ជួប​សោកនាដកម្ម​នៅ​ក្នុង​សម័យ​សង្គ្រាម​កន្លង​មក​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​បាន ប្រាប់​អ្នកសារព័ត៌មាន ក្នុងពេល​ប្រតិ​ភូមិ​កិច្ចប្រជុំ​សន្និសីទ​កំពូល​លើក​ទី​១៦ ទៅ​ទស្សនកិច្ច នៅ​សារមន្ទីរ​សន្តិភាព​សកម្មភាព​កម្ចាត់មីន​កន្លង​ទៅនេះ​ថា ការ​រចនា​កាំភ្លើង​ខូចគុណភាព នេះ បាន​ធ្វើឡើង​ប្រហែល​៣​សប្ដាហ៍​មកហើយ ដោយ​ស៊ីម៉ាក់​បាន​យក​សំណាក​កាំភ្លើង​ដែល អស់​គុណភាព​ប្រមាណ​២​ម៉ឺន​ដើម មក​កែច្នៃ​ជា​រូប​សត្វ និង​វត្ថុ​ផ្សេងៗ​ដើម្បី​រក្សាទុក​នៅក្នុង សារមន្ទីរ​សន្ដិភាព សកម្មភាព​កម្ចាត់មីន​នៅ​សៀមរាប​។ ការកែច្នៃ​សំណាក​កាំភ្លើង​ទាំងនេះ ដូចជា​សត្វ​ដំរី​សន្ដិភាព ជា​រថពាសដែក ជាដើម​ឈើ រូប​ផែនទី និង​រូប​នាឡិកា ជាដើម ក្នុង​គោលបំណង​ចង់បង្ហាញ​ពី​ការប្រើប្រាស់​អាវុធ​ទាំងអស់នោះ មកជា​គំនិត​សន្ដិភាព និយម​វិញ​។ ទាំងនោះ​គឺជា​ភស្ដុតាង សម្រាប់​ទុក​អប់រំ​ដល់​ក្មេងៗ និង​យុវជន​ជំនាន់​ក្រោយ ឲ្យ​យល់ ប៉ុន្តែ​បើ​យក​កាំភ្លើង​ទាំងនោះ​ទៅ​កម្ទេចចោល​អស់ នឹង​បាត់បង់​នូវ វត្ថុតាង​សម្រាប់ ប្រាប់​ការពិត​ដល់​យុវជន​ជំនាន់​ក្រោយ​បាន​យល់​ពី​បញ្ហា​សង្គ្រាម​នៅ​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា សត្វ​ដំរី​មួយ​ត្រូវបាន​រចនា​ពី​កាំភ្លើង​ខូចគុណភាព​ជិត ៥០០០ ដើម ផលិត​បាន​ដំរី​ចំនួន​៣​ក្បាល ដែលជា​សិល្បៈ​ផ្សារ​គ្រាប់ និង​កាំភ្លើង​ធ្វើជា​ដំរី ខណៈ​ដែល​២​ក្បាល​ទៀត​ច្នៃ​មកពី​គ្រាប់​ផ្សេង ដែល​បាន និង​កំពុង​ដាក់​រក្សាទុក​ក្នុង​សារមន្ទីរ​នោះ​ដែរ។ រូប ដំរី​ទាំងនេះ​នឹង​ឈរ​បង្ហាញ​យុវជន​ជំនាន់​ក្រោយៗ​ឲ្យ​បាន​យល់​ពី​កម្លាំង និង​សម្ភារៈ​នៃ​ទម្រង់​អំពើ​ហិង្សា​នៃ​សង្គ្រាមស៊ីវិល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​។ ដំរី​ទាំង​៣​នេះ​មាន ឈ្មោះថា ដំរី​សន្តិភាព​អាវុធ​ធន់​ស្រាល។

តាម​ការសាកសួរ​មន្ដ្រី​សារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​មីន​បានឱ្យដឹងថា ស៊ីម៉ាក់​មាន កិច្ចព្រមព្រៀង​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ពី​ការ​ទទួលយក​កាំភ្លើង និង​អាវុធយុទ្ធភណ្ឌ ចាស់​មក​កែច្នៃ ដើម្បី​ជា​ប្រយោជន៍​ជាតិ ស៊ីម៉ាក់ ក៏បាន​ទទួល​កាំភ្លើង និង​អាវុធ​ចាស់ៗ អស់​គុណភាព​ជាង ១​ម៉ឺន​ដើម យកមក​កែច្នៃ​ជា​រូប​សត្វ និង​វត្ថុ​ផ្សេងៗ​ជាដើម​។ ការតាក់តែង រូប​ទាំងអស់ គឺ​យើង​ចង់បង្ហាញ​ពី​សុខសន្ដិភាព តាមរយៈ​ការតាំង​បង្ហាញ​ជា​រូបភាព​ផ្សេងៗ​។ ចំណែក​ការងារ​កែច្នៃ​កាំភ្លើង​ជា​រូប​សត្វ និង​វត្ថុ​ផ្សេងៗ​នេះ គឺ​មន្ដ្រី និង​បុគ្គលិក​របស់​ស៊ីម៉ាក់ ជា​អ្នកធ្វើ​ដោយផ្ទាល់​តែម្ដង​៕

ដោយ ៖ ​កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114